Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​រចនា​សម្រាប់​កន្លែង​ធ្វើការ និង​ការរស់នៅ​ឱ្យ​កាន់តែ​មាន​ភាពប្រសើរ នាំមក​នូវ​មុខមាត់​ថ្មី​ដល់​កម្ពុជា ខណៈ​ឆ្នាំ​២០១៧ វិស័យ​សំណង់ ស្ថាបត្យកម្ម កើនឡើង​រហូត​ដល់​៦៧៩៧​លាន​ដុល្លារ​

spot_img

​រាជធានី​ភ្នំពេញ​៖ ចាប់ពី​ឆ្នាំ​២០១១ រហូតដល់​ឆ្នាំ​២០១៧ កម្ពុជា​ទទួលបាន​ទុនវិនិយោគ លើ​វិស័យ​សំណង់ ស្ថាបត្យកម្ម កើនឡើង​រហូត ដល់​៦៧៩៧​លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដែល​មាន​ទុន​វិនិយោគ​៥៥៧៩​លាន​ដុល្លារ កើនឡើង​ប្រមាណ​ជិត​១២​ភាគរយ ដែល​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា ស្ថិត​ក្នុង​រង្វង់​៧​ភាគរយ នៅ​ឆ្នាំ​២០១៨ នៅតែ​បន្ត​រក្សា​កំណើន​ទៅ​មុខ​ជា​បន្តបន្ទាប់​។​

​ឆ្លើយតប​ទៅ​និង​ការរីកចម្រើន នៃ​វិស័យ​សំណង់ នាពេល​បច្ចុប្បន្ន នៅក្នុង​ប្រទេស​កម្ពុជា ពិព័រណ៍​ស្ថាបត្យកម្ម​កម្ពុជា និង​ការតុបតែង​ផ្ទៃក្នុង លើក​ទី ៣ នឹង​នាំមក​នូវ​មុខមាត់​ថ្មី​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​។​

ជា​រៀងរាល់ឆ្នាំ​កម្រិតជីវភាព​រស់នៅរ​បស់​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ផ្លាស់ប្តូរ និង​មាន​ភាពប្រសើរឡើង​យ៉ាង​ឆាប់រហ័ស ជាពិសេស​គឺ​អ្នក​រស់នៅ​ទីក្រុង​ធំៗ​ដូចជា​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​សំខាន់ៗ​មួយចំនួនទៀត​។​

ស្របពេល​ជាមួយគ្នានេះ​ដែរ​ក៏​នឹង​មាន​ការផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​នៃ​ការ​រចនា​នៃ​វិស័យ​អចលនទ្រព្យ​ដូចជា​ស្តង់ដា​ថ្មី​នៃ​អគារ​ពាណិជ្ជកម្ម អគារ​ការិយាល័យ កន្លែង​ធ្វើការ​រួមគ្នា កន្លែង​កម្សាន្ត ផ្សារ​ទំនើប​ផ្សារ ហាង​កាហ្វេ និង​អគារ​លំនៅដ្ឋាន ។​ល​។​

​ប្រធានបទ “​ការ​រចនា​សម្រាប់​កន្លែង​ធ្វើការ និង​ការរស់នៅ​ឱ្យ​កាន់តែ​មាន​ភាពប្រសើរ​” នៃ​ពិព័រណ៍​ស្ថាបត្យកម្ម​កម្ពុជា និង​ការតុបតែង​ផ្ទៃក្នុង​លើក​ទី ៣ ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន ICVeX Co Ltd សហប្រតិបត្តិការ​ជាមួយ​សមាគម​ស្ថាបត្យកម្ម​កម្ពុជា​រៀបចំ​រួម​គ្នា​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃ​ទី ២៦ នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ នៅ​រាជធានី​ភ្នំពេញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ការតាំងពិព័រណ៍​រយៈ​ពេល ៣ ថ្ងៃ​ដែល​មាន​ការចូលរួម​ពី​ក្រុមហ៊ុន Jotun ជា​អ្នក​ឧបត្ថម្ភ​ការតុបតែង​លំអរ​ពិ​ព​រ័ណ៍នៅ​ឆ្នាំនេះ និង​ក៏​មាន​ការចូលរួម​ពី​ក្រុមហ៊ុន​ជាង​១៥០ ជាតិ និង​អន្តរជាតិ មក​ពី​ទូទាំង​ពិភពលោក ចូលរួម​ជាមួយ​នឹង​ទំហំ​ទី​តាំងពិព័រណ៍​ជិត 4000 ម៉ែត្រការ៉េ ដាក់តាំង​បង្ហាញ​នូវ​ផលិតផល​ថ្មីៗ និង​ភាព​ច្នៃប្រឌិត​ថ្មីៗ ដល់​អ្នកចូលរួម​មកពី​វិស័យ​ស្ថាបត្យកម្ម រចនា​ផ្ទៃ​ខាងក្នុង អ្នក​អភិវឌ្ឍ​អចលនទ្រព្យ និង​សំណង់ ក៏ដូចជា តាំង​បង្ហាញ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ ដែល​ជា​ម្ចាស់ផ្ទះ និង​សាស្ត្រាចារ្យ​ជំនាញ ក្នុង​វិស័យ​នេះ​ផងដែរ​។ ខណៈ​ដែល​អ្នក​តាំងពិព័រណ៍ អាច​មានឱកាស ក្នុងការ​ចែករំលែក​នូវ​ព័ត៌មាន និង​ចំណេះដឹង​ដោយផ្ទាល់ ជាមួយ​អ្នកចូលរួម​។​

​លោក Chinakit Viphavakit ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន ICVeX បាន​មានប្រសាសន៍ថា​៖ “​យើង​ទទួលបាន​ជោគជ័យ​យ៉ាង​ខ្លាំង​ចំពោះ​ពិ​ពរ័​ណ៍​លើកទី​១ និង​ទី​២​កន្លង​រួចមកហើយ ដោយ​មាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​អ្នក​ដែល​ក្នុង​ឧស្សាហកម្ម​នេះ​ក៏ដូចជា​ក្រសួង និង​ស្ថាប័ន​នានា​របស់​រដ្ឋ​ជា​ពិសេស​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់​” ។​

​លោក​បាន​ថ្លែងបន្តថា​៖”​ឆ្នាំនេះ​គឺជា​ការរៀបចំ​ពិ​ពរ័ណ៍ស្ថា​បត្យក​ម្ម​កម្ពុ​ជា និង​ការតុបតែង​ផ្ទៃក្នុង​លើក​ទី​៣ របស់​យើង​ដែល​នឹង​ផ្តល់ជូន​នូវ​ឱកាស​ជាច្រើន​សម្រាប់​អ្នកចូលរួម​ក្នុង​ការរៀនសូត្រ​។ យើង​ចង់​ជម្រុញ​ប្រជាជន​កម្ពុជា និង​ផ្តល់​គំនិត និង​ចំណេះដឹង​ដល់​ពួកគេ​ក្នុង​របៀប​រៀបចំ​លម្អរ​នៅ​កន្លែងធ្វើការ និង​ការរស់នៅ​របស់​ពួកគេ​ឱ្យ​កាន់តែ​មាន​ភាពប្រសើរឡើង “​។​

​ជា​ការពិត​ណាស់​តួនាទី​នៃ​ការ​រចនា គុណភាព​នៃ​ការតុបតែង និង​ស្ថាបត្យកម្ម​មិន​ត្រូវបាន​កាត់​ផ្តាច់ចេញ​ពី​ការរីកចម្រើន​នៃ​វិស័យ​សំណង់​នោះឡើយ ព្រោះ​វា​ធ្វើឱ្យ​អាគារ​មាន​ភាព​ទាក់ទាញ​និង​មាន​ផា​សុកភាព និង​មាន​ផលប៉ះពាល់​ផ្ទាល់​ទៅលើ​បរិស្ថាន​រស់នៅ​របស់​ប្រជាពលរដ្ឋ​យើង​។​

​លោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​អគ្គលេខាធិការ​
​គណៈ​ស្ថាបត្យករ​កម្ពុជា បាន​មានប្រសាសន៍ថា វិស័យ​សំណង់ និង អចលនទ្រព្យ​នៅ​កម្ពុជា​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។ ក្នុងពេល​ជាមួយគ្នា​នេះ​ដែរ​មាន​តម្រូវការ​នៃ​ទំនើបកម្ម​និង​ការតុបតែង​លំអរ​អគារ និង​គេហដ្ឋាន​ក៏​ជា​រឿង​ចាំបាច់​ផងដែរ​។​

​លោក ភឿង សុភ័ណ្ឌ បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖”​ពិ​ពរ័ណ៍ស្ថា​បត្យក​ម្ម​កម្ពុ​ជា និង​ការតុបតែង​ផ្ទៃក្នុង​លើក​ទី ៣​ឆ្នាំ​នេះ​នឹង​ក្លាយ​ជា​ភស្តុតាង​ដើម្បី​បង្ហាញ​ថា​វិស័យ​សំណង់​និង អចលនទ្រព្យ​នៅ​កម្ពុជា​បាន​ធ្វើ​ការទាក់ទាញ​វិនិយោគិន​ជាច្រើន​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក​។ ព្រឹត្តិការណ៍​ដ៏​ពិសេស​នេះ​នឹង​ដើរតួ​ជា​វេទិកា​មួយ​ដោយ​នាំមក​នូវ​គំនិត​ថ្ម‌ី ផលិតផល​ថ្ម‍ីៗ និង​គំរូ​នៃ​ការតុបតែង​អគារ និង​ផ្ទះ​ល្អៗ​ដល់​ប្រទេស និង​ប្រជាជន​របស់ យើង​ខណៈ​ដែល​របៀប​រស់នៅ របស់​ប្រជាជន​កម្ពុជា បាន​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស នា​ពេល​ប៉​ន្មា​ន​ឆ្នាំ​ចុងក្រោយ​នេះ​”​។​

​លោក​បាន​ថ្លែងបន្តថា វិស័យ​ស្ថាបត្យកម្ម​និង​សំណង់​បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុងកា​រៀបចំ​អភិវឌ្ឍន៍​ប្រទេសជាតិ និង​ការរីកចម្រើន​គួរ​ឲ្យ​គត់​សម្កាល់​នៅ​ចន្លោះ​ឆ្នាំ​២០០៣ និង​ឆ្នាំ​២០០៧ ដែល​បាន​ជំរុញ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ទទួលបាន​ពីរ​ខ្ទង់ គឺ​១៣,៣​ភាគរយ​ក្នុង​រយៈពេល​៥​ឆ្នាំ​ជាប់ៗ​គ្នា ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ​២០០៨ ដោយ​សេដ្ឋកិច្ចកម្ពុជា ទទួលរង​ឥទ្ធិពល​ដោយ​ប្រយោល​ពី​វិបត្តិ​សេដ្ឋកិច្ចពិភពលោក បាន​ធ្វើឲ្យ​វិស័យ​វិនិយោគនិង​វិស័យ​ស្ថាបត្យកម្ម​និង​សំណង់ នៅ​កម្ពុជា​បាន​ចុះ​ថយ​ជា​បន្តបន្ទាប់​។ រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​នូវ​គោលនយោបាយ​លើកទឹកចិត្ត​ឲ្យមាន​ការសាងសង់​នូវ​អគារ​ទំនើបៗ​ខ្ពស់ៗ​នៅ​តាម​ទីតាំង​មួយចំនួន​ក្នុង​រា​
​ជ​ធានី​ភ្នំពេញ ចាប់ពី​អគារ​ដែល​មាន​កម្ពស់​ជាង​៥​ជាន់ កើនឡើង​ដល់​៧៩៧​អគារ និង​មាន​បុរី​លំនៅដ្ឋាន​ចំនួន​៣៤​ទីតាំង និង​ជំរុញ​ឲ្យមាន​ការកសា​ង​ទីក្រុង​រណប​ថ្មី តំបន់​សេដ្ឋកិច្ច តំបន់​ពាណិជ្ជកម្ម អគារ​ឧស្សាហកម្ម និង​បាន​បង្កើត​អនុក្រឹត្យ​អគារ​សហកម្មសិទ្ធិ​ផ្តល់​ដល់​ជន​បរទេស​អាច​សិទ្ធិ ជាពិសេស​អ្នកវិនិយោគទុន​បរទេស​ទិញ​លំនៅដ្ឋាន​ចាប់ពី​ជាន់​ទី​១​ឡើងទៅ​។

​កម្មវត្ថុ​នៃ​ការតាំងពិព័រណ៍​នេះ មាន​សារសំខាន់​ណាស់ សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាននិងកំពុង​ជំរុញ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ បង្កើន​ការសាងសង់​សំណង់ អគារ​សម្រាប់​ការ​ស្នាក់នៅ សម្រាប់​គោលនយោបាយ​ពាណិជ្ជកម្ម និង​សម្រាប់​ការកសាង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​ទីក្រុង​មួយ គឺ​ទីក្រុង​ឆ្លាត​វៃ ក្នុង​ខណៈ​ដែល​សេដ​កិច្ច​កំពុង​មាន​កំណើន​ខ្ពស់ និង​មាន​ស្ថិរភាព​នយោបាយ ។ លោក​បាន​បញ្ជាក់ថា “​ខ្ញុំ​សូមបញ្ជាក់ថា​វិស័យ​ស្ថាបត្យកម្ម​និង​សំណង់ គឺជា​កត្តា​ជំរុញ​កំណើន​សេដ្ឋកិច្ច​មួយ រួម​ជាមួយ​វិស័យ​ទេសចរណ៍ វិស័យ​ឧស្សាហកម្ម​កាត់ដេរ និង​វិស័យ​កសិកម្ម ដែល​មក​ដល់ពេលនេះ​មាន​ក្រុមហ៊ុន​ធំៗ បានមក​ពី​ប្រទេស​កូរ៉េ ចិន ជប៉ុន ថៃ សិង្ហ​បុរី​ជាដើម បាន​មក​បោះទុន​វិនិយោគ​សាងសង់​សំណង់​ទំនើបៗ ដូចជា ខុន​ដូ អគារ​ពាណិជ្ជកម្ម ផ្សារ​ទំនើប​ជាដើម ដែល​គេ​ជឿជាក់​ទុកចិត្ត​លើ​នយោបាយ ដឹកនាំ​ដ៏​ឆ្លាត​វៃរ​បស់​ប្រមុខ​រាជរដ្ឋាភិបាល ។ ដែល​ជាក់ស្តែង​មាន​ក្រុមហ៊ុន​ចុះបញ្ជី​សំណង់ នៅក្នុង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ដែល​មាន​សុពលភាព​១០៦៣​ក្រុមហ៊ុន ស្ថិតនៅ​ក្នុង​សន្ទុះ​រីកចម្រើន​នៃ​វិស័យ​សំណង់ និង​ការតុបតែង ដែល​ទាមទារ​ត្រូវការ​ជា​ចាំបាច់​នូវ​បច្ចេកទេស បច្ចេកវិទ្យា​សម្ភារៈ​ទំនើប​សម្បូរបែប​ជា​កត្តា​ចាំបាច់ ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ប្រសិទ្ធភាព​គុណភា​ព​នៃ​វិស័យ​ស្ថាបត្យកម្ម​សំណង់​ឆ្លើយតប​ទៅ​នឹង​ស្តង់ដារ​អន្តរជាតិ​។

ជាមួយនឹង​ភាពជោគជ័យ​ដ៏​ធំធេង​ក្នុង​ការតាំងពិព័រណ៍​ពីរ​លើក​កន្លងមក​នេះ ព្រឹត្តិការណ៍​ថ្ងៃ​នេះ នឹង​ផ្តល់​នូវ​វេទិកា​តែមួយគត់ សម្រាប់​អ្នកចូលរួម​ទាំងអស់ មាន​ជំនួប​ដោយ​ផ្ទាល់​ជាមួយ វាគ្មិន​សំខាន់ៗ និង​អ្នក​តាំងពិព័រណ៍ នៅក្នុង​ពិធី​អាហារ​ពេល​ល្ងាច​ឆ្នាំ ២០១៨ នៅ​សាល​ពិ​ពរ័​ណ៍ និង​សន្និបាត​កោះ​ពេជ្រ នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៨​។ សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​ឆ្នាំ ២០១៧ ពិព័រណ៍​នេះ​បាន​ទាក់ទាញ​ភ្ញៀវ​ចូល​រូ​ម​ចំនួន ៤.309 នាក់​ដោយ​មាន​កើន​ឡើង​ជាង​២៣ ភាគរយ​ធៀប​ទៅ​ឆ្នាំ​២០១៦​។​

​និន្នាការ​នៃ​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា ចំនួន​ប្រជាជន​របស់​កម្ពុជា ត្រូវបាន​គេ​រំពឹងថា នឹង​កើនឡើង​ពី ១៥ ទៅ ១៩ លាន​នាក់ នៅ​ចន្លោះ​ពេល​នេះ រហូតដល់​ឆ្នាំ​២០៣០ ហើយ​នៅ​ទីក្រុង​ភ្នំពេញ និង​នៅតាម​ទីប្រជុំជន នឹង​មាន​ចំនួន​ប្រជាជន​កើនឡើង​ពី ៤ ទៅ ៧ លាន​នាក់ ដែល​ជំរុញ​ឲ្យមាន​តម្រូវកា​រ លំនៅដ្ឋាន​ថ្មី ប្រមាណ​ជា ៨០០.០០០ ផ្ទះ បន្ថែម​ទៅលើ​ចំនួន​លំនៅឋាន​បច្ចុប្បន្ន​។ នេះ​បើ​យោងតាម​របាយការណ៍​ពី MLMUPC​។

​របាយការណ៍​ដដែល បានបង្ហាញ​ថា កាលពី​ឆ្នាំ​២០១៧ វិស័យ​អចលនទ្រព្យ មាន​ការកើនឡើង​គួរឱ្យកត់សម្គាល់ ជាមួយនឹង​គម្រោង​អនុម័ត​ចំនួន ៣.៤១៨ គម្រោង ហើយ​វិស័យ​សំណង់ បាន​កើនឡើង ២២​ភាគរយ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ (​មាន​ទឹកប្រាក់​រហូតដល់​ទៅ ៦,៨ ពាន់​លាន​ដុល្លារ​) ក្នុងនោះ ៨២​ភាគរយ ជា​គម្រោង​លំនៅដ្ឋាន​។

​ជាមួយគ្នានេះដែរ កាល​ឆ្នាំ ២០១៧ ត្រូវបាន​គេ​មើលឃើញថា​មាន​ការកើនឡើង​នូវ​តម្រូវការ សម្រាប់​អគារ​ការិយាល័យ​ដែល​មាន​គុណភាព​ល្អ​ទាំង​អ្នក​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​។ ការណ៍​នេះ​បានធ្វើឱ្យ​ប្រភេទ​អគារ​ការិយាល័យ​ប្រភេទ B ធ្លាក់ចុះ​ប្រហែល ១០ ភាគរយ​។ ស្របពេល​ជាមួយ​គ្នា​ដែរ នៅ​ដំណាច់ត្រីមាស​ទី ៤ ឆ្នាំ ២០១៧ ផ្ទៃដី​សម្រាប់​ជួល​ដើម្បី​ធ្វើការ​លក់រាយ​ប្រហែល ៣០០.០០០ ម៉ែត្រការ៉េ​កំពុង​ត្រូវបាន​សាងសង់​ឬ​គ្រោង​នឹង​បញ្ចប់​បាន​កើនឡើង​ទ្វេដង​សម្រាប់​តម្រូវការ​ផ្គត់ផ្គង់​លក់រាយ​នាពេល​២៤ ខែ​ខាងមុខ​។​

​លោក ស៊ិន សុជាតិ ប្រធាន​សមាគម​ស្ថាបត្យករ​កម្ពុជា (CSA) បាន​មានប្រសាសន៍ថា ប្រទេស​កម្ពុជា បាន​ទទួលបាន​នូវ​កំណើនសេដ្ឋកិច្ច យ៉ាង​ឆាប់រហ័ស សម្រាប់​ឆ្នាំ​កន្លងមក ដោយសារ​វិស័យ​សំណង់ និង​អចលនទ្រព្យ​គឺជា​ឧស្សាហកម្ម​ឈាន​មុខ​គេ​មួយ​។​

​លោក ស៊ិន សុជាតិ បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា​៖”​ស្របពេល​ជាមួយ​គ្នា​នោះដែរ សេដ្ឋកិច្ច​របស់​យើង​កំពុង​រីកចម្រើន​ដោយ​យើង​ឃើញ​មាន​ការសាង់សង់​សណ្ឋាគារ​ថ្មីៗ អគារ​ការិយាល័យ ផ្សារ​ទំនើប ភោជនីយដ្ឋាន និង​អគារ​លំនៅដ្ឋាន​កំពុង​មាន​ការរីកចំរើន​នៅ​រាជធានី​ភ្នំពេញ និង​បាន​រីក​រាលដាល​ទៅ​កាន់​ទីក្រុង​នានា​ក្នុង​ប្រទេស​កម្ពុជា ។ បច្ចុប្បន្ន​នេះ​មាន​ប្រជាជន​ថ្នាក់កណ្តាល​កំពុង​មានកា​រ​កើនឡើង ហើយ​របៀប​នៃ​រស់នៅ​របស់​ពួកគេ​ក៏​កំពុង​ផ្លាស់ប្តូរ​ទាំង​ការងារ និង​បរិស្ថាន​ផ្ទាល់​ខ្លួន​ផង​ដែរ​”​។​

​ធនាគារ​អភិវឌ្ឍន៍អាស៊ី មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ ក៏​ដូច​ជា​រដ្ឋាភិបាល បាន​ធ្វើ​ការព្យាករណ៍​ថា សេដ្ឋកិច្ច​កម្ពុជា នឹង​បន្ត​កើន​ឡើង​ក្នុង​រង្វង់ ៧ ភាគរយ​នៅ​ឆ្នាំនេះ និង​ឆ្នាំក្រោយ​។ វិស័យ​សំណង់ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ដែល​គាំទ្រ​ដល់​កំណើន​ខ្ពស់​បែបនេះ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×