Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពល​​រដ្ឋ​​ធ្វើ​​ដំណើរ​ចេញ​ឬ​ចូល​​ទៅ​​ប្រទេស​ថៃ​​តាម​​ច្រក​​ចាំ​យាម​​ខេត្ត​​កោះកុង​ ​សំណូមពរ​ឲ្យ ​ឯកឧត្តម ​សុខ ​ផល​ ​បញ្ជូន​​មន្ត្រី​​ចុះ​​អង្កេត​​សកម្ម​ភាព ​របស់​​មន្ត្រី​​​នគរ​​បាល​​អន្តោ​​ប្រវេសន៍​​​ប្រចាំ​ច្រក​​ទ្វារ​នេះ​(មាន​វីដេអូ)

spot_img

ខេត្ត​កោះកុង៖ ប្រជា​ពលរដ្ឋ ឬអ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រំដែន​ច្រកទ្វារអន្តរជាតិ​ចាំយាម ខេត្តកោះកុង បាន​អះអាង​ថា ​ធ្លាប់​ត្រូវបាន​មន្ត្រី​នគរបាល​អន្តោ​ប្រវេសន៍​​ប្រចាំ​ការ​​ច្រក​ទ្វារ​នេះតម្រូវឲ្យ​បង់​លុយ​ជូន​ពួកគេ បន្ទាប់ពី​មន្ត្រីទាំង​នោះ​បាន​ពិនិត្យ​បោះត្រាលើ​លិខិត​ខិត​ឆ្លងដែន​ចេញ​ចូល​ទៅ​កាន់​ប្រទេស​ថៃ។

ពួកគេ បាន​សំណូមពរដល់ ឯកឧត្តម​នាយឧត្តម​សេនីយ៍​ សុខ ផល​ អគ្គ​នាយក​នៃអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ ជាពិសេស សម្តេ​ចក្រឡា​ហោម ស ខេង ឧបនាយក​រដ្ឋ​មន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឲ្យ​ជួយ​មានវិធាន​ការ​ទប់ស្កាត់​សកម្ម​ភាព​ទារលុយគ្មាន​ក័យប័ត្រ ផ្តើម​ដោយ​មន្ត្រីនគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​ចាំយាម ខេត្ត​កោះកុង ​ដោយក្តី​អនុគ្រោះ​។

 

ប្រជាពលរដ្ឋខ្មែរ​ភាគ​ច្រើន ដែល​ចេញ​ទៅ​រក​ការងារ​ធ្វើនៅ​ប្រទេសថៃ​ ​បានអះអាង​ឲ្យអ្នកយកព័ត៌មានគេហទំព័រ www.cen.com.kh ប្រចាំ​ខេត្ត​កោះកុង​ដឹងថា ​ពួកគាត់​ធ្លាប់ត្រូវ​​មន្ត្រី​នគរបាល​អន្តោ​ប្រវេសន៍ នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ចាំ​យាម ​ខេត្ត​កោះ​កុង ​កំណត់ឲ្យ​បង់​លុយ​ក្នុង​ម្នាក់​ៗ​​ ១ម៉ឺន​រៀល ក្រោយ​​ពេល​មន្ត្រី​នគរ​បាល​ច្រកទ្វារ​នេះ បាន​ពិនិត្យ​បោះត្រា ​នៅលើ​លិខិត​ឆ្លង​ដែន ​ឬប៉ាស្ព័រ ​របស់​ពួកគេ​ ដើម្បី​អាចចេញ ឬ​ចូល​ទៅ​កាន់​ប្រទេស​ថៃ​ស្រប​ច្បាប់។

បន្ថែមលើនេះ ក៏មាន​ពលរដ្ឋ​ជាអ្នក​ធ្វើដំណើរ​មួយចំនួន​ នៅពេលពួកគេ​ធ្វើដំណើរ​វិលពីប្រទេសថៃវិញ ហើយ​ភ្លេច​យក​លិខិតឆ្លងដែន ដើម្បីបោះត្រា​បញ្ជាក់ថា​ បានវិលពី​ប្រទេស​ថៃវិញ ប៉ុន្តែនៅពេលពួកគេ បាន​យក​លិខិត​ឆ្លង​ដែន​ ​ទៅ​ឲ្យ​មន្ត្រីនគរ​បាល​អន្តោ​ប្រវេសន៍​បោះត្រា​បញ្ជាក់​ឲ្យបាន​ត្រឹម​ត្រូវ​ឡើងវិញ ​គឺត្រូវមន្ត្រី​នគរ​បាល​អន្តោ​ប្រវេសន៍​ប្រចាំ​ការនៅ​ច្រក​ទ្វាអន្តរ​ជាតិ​ចាំយាម តម្រូវឲ្យបង់លុយ​ចំនួន ៤ម៉ឺន​រៀល​ក្នុង​លិខិត​ឆ្លង​ដែន​មួយ​។

ឆ្លើយតប​បញ្ហានេះ លោក ងុយ ជាង នាយ​ប៉ុស្តិ៍​នគរ​បាល​អន្តោ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ចាំយាម​ ​ ផ្តល​សម្ភាសន៍​ដល់​អ្នក​យកព័ត៌​មាន​គេទំព័រ www.cen.com.kh ប្រចាំខេត្តកោះកុង កាលពីព្រឹក​​ថ្ងៃព្រហស្បតិ៍ ទី​២៤ ខែឧសភា ឆ្នាំ​២០១៨​។ លោក​បដិសេធន៍ថា មិន​បាន​ណែនាំ​ឲ្យមន្ត្រីនគរ​បាល​អន្តោ​ប្រវេសន៍ របស់​លោក យកលុយពីពលរដ្ឋ ឬអ្នក​ធ្វើ​ដំណើរ​ឆ្លងដែន ថ្លៃពិនិត្យ ឬបោះត្រា​លើលិខិតឆ្លងដែន​ទាំងចេញ ឬចូល​នោះទេ​កន្លង​មក។ ប៉ុន្តែ​លោក ងុយ ជាង ​ទទួលស្គាល់​ថា ​កន្លងមកធ្លាប់​មានអ្នក​ដំណើរជូន​ថវិកាបន្តិចបន្តួចជូន​មន្ត្រីនគរបាល​ប្រចាំការ​នៅ​ច្រក​ព្រំដែន​រង់ចាំ​ពិនិត្យ និង​បោះ​ត្រា នៅ​លើលិខិតឆ្លងដែន​​​តិចតួចពិតមែន ប៉ុន្តែវាជាការស្ម័គ្រចិត្ត របស់​​ពលរដ្ឋ​តែ​ប៉ុណ្ណោះ​ គឺមិន​មាន​ការ​បង្ខិតបង្ខំ​នោះទេ។

ដោយឡែក ចំពោះការចោ​ទ​ប្រកាន់​ដែលថា មានប្រជាពលរដ្ឋមួយចំនួន ដែលបាន​ធ្វើដំណើរវិលប្រឡប់មកពី​ប្រទេស​ថៃ ចូល​មក​កម្ពុជាវិញ ប៉ុន្តែ​ពួក​គេ​បានភ្លេចបោះត្រា​ចេញ ឬបោះត្រាបិទ នៅលើលិខិតឆ្លងដែន របស់​ខ្លួន​ ហើយ​ក្រោយមក បានយកលិខិតឆ្លងដែន មកឲ្យមន្ត្រីនគរបាល​អន្តោ​ប្រវេសន៍ច្រកទ្វារចាំយាម បោះត្រាបិទ​ឲ្យ​បានត្រឹមត្រូវវិញ​​នោះ គឺមិនតម្រូវឲ្យ​ពលរដ្ឋបង់លុយ​ទេ។​

ករណីនេះ ​លោក ងុយ ជាង សង្កត់​ធ្ងន់ថា ប្រសិន​បើកន្លងមក មានមន្ត្រី​នគរបាល​អន្តោប្រវេស៍ប្រចាំការនៅ ច្រក​ទ្វារ​អន្តរជាតិ​ចាំយាម បាន​តម្រូវឲ្យ​ពលរដ្ឋ​បង់លុយ​ ដូចការ​អះអាង​ របស់ពលរដ្ឋ​មួយ​ចំនួន​មែននោះ លោក​ថា នឹងពិនិត្យ​​ណែនាំការងារ​នេះ​ជាថ្មី​ឡើងវិញ​លើករណី​នេះ ​និងស្នើសុំ​ការ​យោគ​យល់​ពីប្រជា​ពលរដ្ឋ​ទាំង​នោះ​ ដោយ​អនុ​គ្រោះ។ ហើយលោក​សន្យា​ថា នឹងមិនមាន​កើត​ឡើងទៀត​ទេ​នាថ្ងៃ​អនាគត​។

ករណីស្រដៀងគ្នា​ការអះអាង របស់អ្នកធ្វើដំណើរឆ្លង​កាត់ច្រកព្រំដែន​អន្តរជាតិចាំយាម ខេត្តកោះ​កុង​នេះដែរ ងាកទៅ ច្រក​ព្រំដែនអន្តរ​ជាតិអូរស្មាច់ ខេត្តឧត្តមាន​ជ័យឯណោះវិញ។ កាលពីសប្តាហ៍មុន​នេះ ក៏​ត្រូវ​រជាពលរដ្ឋ​មួយចំនួន បានចោទមន្ត្រីនគរ​បាលប៉ុស្តិ៍​អន្តោប្រវេសន៍ ​ប្រចាំការនៅ​ច្រកទ្វារ​អូរស្មាច់នេះ ថា​បាន​ទារលុយពី​ពួក​គាត់​​ក្នុងម្នាក់ ១ម៉ឺន​រៀល​​ ​ក្រោយពេលពិនិត្យ និងបោះ​ត្រាលើ​លិខិត​ឆ្លងដែន​​​​រួច​។

ប៉ុន្តែករណី​​ខាង​លើនេះ ក្រោយ​មក​ត្រូវបាន ​ឯកឧត្តមនាយឧត្តមសេនីយ៍​ សុខ ផល​ អគ្គនាយក នៃអគ្គនាយក​ដ្ឋានអន្តោ​ប្រវេសន៍​ក្រសួងមហាផ្ទៃ ទទួល​​​បាន​ព័ត៌​មាន​នេះ ក៏បាន​កោះអញ្ជើញមន្ត្រីអន្តោ​ប្រវេសន៍​ច្រកព្រំដែន​អូរ​ស្មាច់ មក​ណែនាំ ​ឲ្យអនុវត្ត​ការ​ងារ​ឲ្យ​​ស្រប​តាម​គោល​នយោ​បាយ​ របស់​រាជ​រដ្ឋា​ភិបាល ក៏ដូច​ជាថ្នាក់​ដឹក​នាំ​ក្រសួង​មហាផ្ទៃបាន​ដាក់ឲ្យ​អនុវត្ត​ ឲ្យបានត្រឹមត្រូវឡើងវិញ​​។

ត្រង់ចំណុចនេះ​កន្លងមក ឯកឧត្តម សុខ ផល ​មានប្រសាសន៍រឿយៗថា ការ​ពិនិត្យលិខិតឆ្លងដែន ឬប៉ាស្ព័រ ជូន​ប្រជា​ពលរដ្ឋ​ចេញ ឬចូលឆ្លង​កាត់​ព្រំដែន ​ទៅកាន់ប្រទេសថៃ គឺមិន​តម្រូវឲ្យមន្ត្រី​នគរ​បាលអន្តោប្រវេសន៍​ ​យក​លុយ​ពីពលរដ្ឋ​នោះទេ។

ការតម្រូវឲ្យពលរដ្ឋឆ្លងដែនបង់លុយម្នាក់ ១ម៉ឺនរៀល ក្រោយពិនិត្យលិខិតឆ្លងដែនខាងលើនេះ ត្រូវប្រជាពលរដ្ឋ​ខ្មែរ ដែលធ្វើ​ដំណើរឆ្លងកាត់ច្រក​ព្រំដែន​កម្ពុជាថៃ នៅច្រកទ្វារ​អន្តរជាតិចាំយាម ​ច្រកទ្វារអន្តរជាតិ​អូរស្មាច់ ច្រក​ទ្វារ​អន្តរជាតិប៉ោយ​ប៉ែតជាដើម។ ប្រជាពលរដ្ឋ ​​អះអាងថា បាន​កើត​មាន​​ជាយូរមកហើយៗស្ទើរ​ក្លាយ​ទៅ​ជា​ទម្លាប់​អាក្រក់​ របស់​មន្ត្រីនគរ​បាលអន្តោប្រវេសន៍ ប្រចាំច្រក​ទ្វារព្រំដែន​ទាំងនោះ។

ផ្តើម​ពី​បញ្ហានេះ ​ប្រជាពលរដ្ឋ​ធ្វើដំណើរឆ្លងកាត់ព្រំដែនកម្ពុជាថៃ នៅតាម​ច្រកព្រំដែន​មួយ​ចំនួន​រួមមាន៖ ​ច្រក​ទ្វារអន្តរ​ជាតិ​ប៉ោយ​ប៉ែត្រ ខេត្តបន្ទាយ មានជ័យ។ ច្រកទ្វារជាំសាងុំា ច្រកទ្វាអន្តរជាតិអូរស្មាច់ ខេត្ត​ឧត្ត​មាន​ជ័យ និងច្រកទ្វា​អន្តរជាតិ​ចាំយាម ខេត្តកោះកុង​ជា​ដើម​ បាន​សំណូមពរដល់ ឯកឧត្តម​នាយឧត្តម​សេនីយ៍​ សុខ ផល​ អគ្គ​នាយក​នៃអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ជាពិសេស សម្តេចក្រឡាហោម ស ខេង ឧបនា យក​រដ្ឋ​មន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឲ្យជួយមានវិធានការទប់ស្កាត់សកម្មភាពទារលុយមិន​ចេញ​វិក័យប័ត្រ ផ្តើម​ដោយ​មន្ត្រីនគរបាល​អន្តោ​ប្រវេសន៍​​នៅតាម​ច្រកទ្វារអន្តរជាតិនីមួយៗ ដោយក្តី​អនុគ្រោះ និង​ឲ្យ​មានប្រសិទ្ធ​ភាព៕ ដែន សីមា

spot_img
×