Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អញ្ជើញ​សម្តេច​ក្រឡាហោម ស ខេង ទៅ​ទីក្រុង​ឡុង​ដ៍ ផ្តល់​បទពិសោធន៍ ការប្រយុទ្ធប្រឆាំង​និង​ជួញដូរ សត្វព្រៃ​ខុស​ច្បាប់​

spot_img

​ភ្នំពេញ ៖​ប្រធាន​ផ្នែក​សេដ្ឋកិច្ច​សាកល នៃ​ក្រសួង​ការបរទេស​អង់គ្លេស បាន​អញ្ជើញ​សម្តេច​ក្រឡាហោម ស ខេង ចូលរួម​ក្នុង​សន្និសីទ លើ​ការប្រយុទ្ធប្រឆាំង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ ដែល​ធ្វើឡើង​នៅ​ទីក្រុង​ឡុង​ដ៍​នៃ​ចក្រភព​អង់គ្លេស ដើម្បី​ចែករំលែក​បទពិសោធន៍ ទាំង​ក្នុង​កិច្ចការ​ច្បាប់ និង​កិច្ចការ​សហប្រតិបត្តិកា​រ ដែល​កម្ពុជា​មាន​ជាមួយ​ដៃគូរ​ផ្សេងៗ​។ មិនតែប៉ុណ្ណោះ​លោក Sam Myers ក៏​ស្វែងយល់​ផងដែរ ពី​នីតិវិធី​នៃ​ការ​បង្ការ​បង្ក្រាប និង​ការ​បំផ្លាញចោល នូវ​ផល​សត្វព្រៃ​ដែល​បង្ក្រាប​បាន ជាពិសេស​ការ​បំផ្លាញចោល នូវ​ភ្លុក​ដំរី​ដឹក ពី​ទ្វីបអាហ្វ្រិក ដែល​ភាគី​កម្ពុជា ចាប់​បាន​កន្លងមក ។​

​ថ្លែង​នៅក្នុង​កិច្ច​ជំនួប​ជាមួយ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នា​រសៀល​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ លោក Sam Meyers ប្រធាន​ផ្នែក​សេដ្ឋកិច្ច​សាកល នៃ​ក្រសួង​ការបរទេស​អង់គ្លេស បាន​លើកឡើង​ថា រដ្ឋាភិបាល​អង់គ្លេស នឹង​បើក​សន្និសីទ​ដ៏​ធំ​មួយ ដើម្បី​ប្រយុទ្ធប្រឆាំង​ការជួញដូរ សត្វព្រៃ​ខុស​ច្បាប់ នាពេល​ខាងមុខ​នេះ ហើយ​នៅក្នុង​សន្និសីទ​នេះ លោក​បាន​ស្នើឲ្យ សម្តេច​ក្រឡាហោម ស ខេង ជួយ​ផ្តល់​បទពិសោធន៍​ផ្សេង នៃ​ការទប់ស្កាត់​ការជួញដូរ​សត្វព្រៃ​នេះ ។​

​លោក Sam Meyers បាន​បន្តថា សន្និសីទ​នេះ​គឺជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​កម្ពុជា ក្នុង​ការចែករំលែក​ប​ទ​ពិសោធន៍​របស់​ខ្លួន ទៅកាន់​ពិភពលោក​ក្នុង​ការទប់ស្កាត់ និង​ប្រឆាំង​ការជួញដូរ​សត្វព្រៃ​នេះ ។​

​លោក Sam Meyers បាន​លើកឡើង​ថា គោលបំណង​ធំ​នៃ​សន្និសីទ​នេះ គឺ​ចង់ឲ្យ​ភាគី​កម្ពុជា​ចូលរួម​នៅក្នុង​សន្និសីទ​នោះ គឺ​ដើម្បី​ចែករំលែក​បទពិសោធន៍​របស់​កម្ពុជា​ដែល​មាន​កន្លងមក​ទាំង​លើ​ការងារ​ច្បាប់ និង​កិច្ច​សហប្រតិបត្តិការ​ដែល​កម្ពុជា​មាន​ជាមួយ​ដៃគូ​ផ្សេងៗ​ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​នៃ​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​នេះ ហើយ​និង​ចង់​ដឹង​អំពី​ការអនុវត្ត​ផ្សេងៗ ប្រកបដោយ​ជោគជ័យ​របស់​ភាគី​កម្ពុជា​ក្នុង​ការ​ទប់ស្កាត់​ឬ​ក៏​បំផ្លាញ​ចោល​នូវ​ផ្លុក​ដំរី​ដែល​នាំចូល​ពី​អាហ្វ្រិក​ដែល​កម្ពុជា​ចាប់​បាន​នា​ពេល​កន្លងមក​ជា​ដើម ។​

​ជាមួយគ្នា​នោះ​ដែរ លោក Sam Meyers បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ឆន្ទៈ​មោះមុត ប្រយុទ្ធប្រឆាំង​នឹង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ ព្រមទាំង​រៀនសូត្រ​នូវ​បទពិសោធន៍​និង​ជោគជ័យ​ដែល​កម្ពុជា​ទទួលបាន លើក​កិច្ចការ​នេះ ។​

​សម្តេច​ក្រឡាហោម បាន​សម្តែង​នូវ​ការគាំទ្រ ដល់​ចក្រភព​អង់គ្លេស ដែល​បាន​ផ្តួចផ្តើម ឱ្យ​មាន​សន្និសីទ​នេះ​ឡើង ហើយ​កម្ពុជា ក៏​មាន​គោលនយោបាយ គាំទ្រ​ការប្រយុទ្ធប្រឆាំង នឹង​ការជួញដូរ សត្វព្រៃ​ខុស​ច្បាប់ ដោយ​សុំ​ឱ្យ​ភាគី​ចក្រភព​អង់គ្លេស ផ្តល់​ឯកសារ​ពាក់ព័ន្ធ​មួយចំនួន ដើម្បី​កម្ពុជា​រៀបចំ​ត្រៀម​ទុកជាមុន ។​

​សម្តេច​ក្រឡាហោម ស ខេង បាន​សម្តែង​ការស្វាគមន៍​ជានិច្ច​ចំពោះ​សំណើរ​របស់​ភាគី​អង់គ្លេស​ដែល​បាន​គោរព​អញ្ជើញ សម្តេច​ឲ្យទៅ​ចូលរួម​សន្និសីទ​ស្តីពី​ការទប់ស្កាត់ និង​ការជួញដូរ​នូវ​សត្វព្រៃ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ នៅ​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស ។​

​សម្តេច​ក្រឡាហោម បាន​បន្តថា កម្ពុជា​រីករាយ​ជានិច្ច​ចំពោះ​ការស្នើសុំ​របស់​អង់គ្លេស ហើយ​សម្តេច​នឹង​ខិតខំ​ធ្វើយ៉ាងណា​ជួយ​ធ្វើ​បទ​បង្ហាញ ដែល​កម្ពុជា​មាន​នា​ពេល​កន្លង​មក​ជូន​ដល់​អង្គប្រជុំ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ ជាមួយ​ភាគី​ជា​មិត្ត​ដទៃទៀត ដែល​បាន​ទៅ​ចូលរួម នៃ​សន្និសីទ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×