Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ជំនាញ​រក​ឃើញ​សារធាតុ​​ផ្សំ​ជា​មួយ​ស្យា​នីត ​និង​​ការ​បង្ហូរ​ជាតិ​ពុល​ចូល​អូរ​ធម្ម​ជាតិ ​លើ​ទី​តាំង​ក្រុមហ៊ុន​រ៉ុង​ឆេង​​(មានវីដេអូ)

spot_img

ខេត្ត​មណ្ឌលគិរី៖ មន្ត្រី​ជំនាញ​ជាច្រើន​ស្ថាប័ន​រួម​មាន​មន្ត្រី​ជំនាញ​មកពី​ក្រសួង​បរិស្ថាន​​-​ ក្រសួងរ៉ែ ​និង​ថាមពល ព្រម​ទាំង​មន្ត្រីក​ង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និងអាជ្ញាធរពាក់ព័ន្ធខេត្តមណ្ឌលគិរី បានចូលរួម​ជាមួយផ​ងបាន​បន្ត​ចុះ​ស្រាវជ្រាវ ដើម្បី​រុករក​សាធាតុគីមីពុល នៅជុំវិញ​ទីតាំង​នានា​ក្នុង​ក្រុម​ហ៊ុន ​រ៉ុងឆេង​ ដែល​អ្នក​វិនិយោគ​ជាជនជាតិចិន និងនៅក្នុងសហគមន៍​រ៉ែ​មាស​​ចុងផ្លាស់​ ​មានទីតាំង​នៅ​ភូមិពូទុង​ ឃុំចុងផ្លាស់ ស្រុក​កែវសីមាខេត្ត​មណ្ឌល​គិរី

សកម្ម​ភាព​ចុះ​ស្រាវ​ជ្រាវនេះ ​បានចាប់ផ្តើម​កាលពី​ថ្ងៃទី២៤ ​ខែឧសភា និងបន្តដល់ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨នេះ ដោយ​​ក្រុមអន្តរ​ក្រសួងបាន​បើក​យុទ្ធនា​ការ​ទ្រង់​ទ្រាយធំដោយ​បែង​ចែក​ជា ៣ក្រុមដើម្បីចុះ​ទៅ​ស្រាវ​ជ្រាវ​នៅ​គោល​ដៅចំនួន ទីតាំងផ្សេងៗគ្នាក្នុង​នោះទីតាំងទី១ នៅ​ក្នុង​ទីតាំង​​ក្រុមហ៊ុនរ៉ុង ឆេងទីតាំង​ទីនៅ​ចំណុច​អូរក្លរ និង​ទីតាំងទី៣ ​នៅចំណុច​អូរទេរ

ទាក់ទិនបញ្ហានេះ លោក ស្វាយ សំអ៊ាង អភិបាល​ខេត្តមណ្ឌលគិរី ផ្តល់​សម្ភាសន៍​ដល់ក្រុម​អ្នកកាសែតថា​ ការចុះស្រាវជ្រាវ របស់មន្ត្រី​ជំនាញ​ខាងលើ នៅ​មិន​ទាន់​មានលទ្ធ​ផល​​ទេ​ ព្រោះត្រូវរង់​ចាំស្តាប់​លទ្ធផល ​ពីក្រុមអន្តរក្រសួងទើប​អាចយក​ជា​ផ្លូវ​ការបាន

យ៉ាងនេះក្តី តាមសេចក្តីរាយការណ៍បឋម របស់មន្ត្រីជំនាញស្នើមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មន្ត្រីជំនាញបានរកឃើញ​ទីតាំងមួយកន្លែង​ជាប់​ក្រុម​ហ៊ុន​រ៉ុងឆេង​ មន្ត្រី​ជំនាញ​បាន​រកឃើញអាចម៍​ដីរ៉ែមាស​រាប់​​សិបតោននិងអាងស្តុករ៉ែ​ ប្រឡាយបង្ហូរកាកសំណល់ ចូលអូរធម្ម​ជាតិ និង​ធុង​សារធាតុគីមី​ជា​ច្រើន ដែលលាក់ទុកក្នុងបន្ទប់ចាក់សោរ។ ​ក្នុង​នោះ​ក៏​រក​​ឃើញមានម៉ាស៊ីនសម្រាប់ បម្រើ​ដល់​សកម្មភាពចម្រាញ់រ៉ែមាស ត្រូវបានក្រុមជនទុច្ចរឹត ដោះចេញ​យក​ទៅផ្លុង​ចោល​ឆ្ងាយពីកញ្ច្រែង និងជើង​ម៉ាស៊ីន​​ថែមទៀតផង

ប្រភព​ដដែល ក៏បានឲ្យដឹងថា ក្នុង​យុទ្ធ​នាការ​នោះ​ក្រោយ​ប្រទះ​ឃើញវត្ថុតាង នៃ​ល្មើសជាច្រើនក្នុងទីតាំង​ក្រុម​ហ៊ុន​រ៉ុងឆេងមន្ត្រីជាន់​ខ្ពស់ នៃក្រសួងរ៉ែ និង​​ថាមពល បានអះអាងភ្លាមៗថា​ វាជា​អំពើ​ខុសច្បាប់ដែល​ទីតាំងខាង​លើ ​គឺជាអ្នកបង្ហូរ​សារធាតុ​គីមីពុល​ ចូល​ទឹក​អូរធម្មជាតិត្រូវតែ​រឹបអូស ​និងបិទ​ការ​ធ្វើ​អាជីវកម្ម ​របស់ក្រុមហ៊ុន​ភ្លាមៗ

បន្ថែមលើនេះ មន្ត្រីជំនាញ ក៏បានបន្តរកឃើញវត្ថុតាងជាច្រើនទៀត នៅតាមបណ្តោយ​មាត់អូរហើយកំពុងស្​ថិត​ក្នុង​ការហាមឃាត់ មិនឲ្យធ្វើ​អាជីវ​កម្ម​ជាបន្តទៀតនោះទេព្រោះ​​ធាតុផ្សំ ដែលត្រូវយកទៅផ្សំ ជាមួយសាធាតុ​ស្យានីត​នោះ ក៏ត្រូវរកឃើញច្រើនក្នុងទីតាំងក្រុមហ៊ុនរ៉ុង​ឆេង។

ទាក់ទិនបញ្ហានេះ ក្រុមអ្នកឃ្លាំមើលសង្គម និង​ប្រជាសហគមន៍​រស់នៅ​ខេត្ត​មណ្ឌលគិរី​ បង្ហាញការព្រួយបារម្ភ ពី​ភាព​មិន​ប្រក្រតី​ នៃ​ការគ្រប់គ្រង​ធន​ធាន​រ៉ែ​ របស់​អាជ្ញាធរ​ ស្រប​ពេល​ដែល​ឈ្មួញ​ជនជាតិ​ចិន ​ដែល​មាន​អាជ្ញា​ប័ណ្ណ​ក្នុង​ដំណាក់​ការ​ស្រាវជ្រាវ ក៏ប៉ុន្តែ​បែរជា​អាចបើក​ធ្វើ​អាជីវកម្ម​រុក​រក​រ៉ែ​មាស និងរ៉ែ​ត្បូងយ៉ាង​អនា​ធិប​តេយ្យ បណ្ដាល​ឲ្យមាន​ការ​សង្ស័យ​ថា ការ​ពុល​ទឹក​ស្លាប់​មនុស្ស​កាល​ពី​ពេល​ថ្មីៗ​នេះ បណ្ដាល​មក​ពី​ការ​ធ្វេស​ប្រហែសរបស់​​មន្ត្រី​ស្ថាប័ន​ជំនាញ ​ទាក់ទ​ងក្រុមហ៊ុន​រុករក​រ៉ែ​ ដោយ​គ្មាន​អាជ្ញាប័ណ្ណអនុញ្ញាតត្រឹមត្រូវ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​។ ប៉ុន្តែការសង្ស័យនេះ ត្រូវ​បានរដ្ឋ​មន្ត្រី​ចំនួន ៣ក្រសួងប្រកាសច្រានចោល ដោយអះអាងថា ការពុលមនុស្សស្លាប់នៅខេត្តក្រចេះ គឺដោយសារតែការពុលស្រាស ផលិតក្នុងមូល​ដ្ឋាន​នោះ​តែប៉ុណ្ណោះ​។

បញ្ហានេះដែរ ប្រជា​សហគមន៍​រស់នៅ​តំបន់​អាជីវកម្ម​រ៉ែ​មាស នៃ​ឃុំ​ចុងផ្លាស់ ស្រុក​កែវសីមា បានឲ្យដឹងកាលពីថ្ងៃ​​ទី២៤ ខែឧសភា​ថា ពួកគេ​ប្រទះ​ឃើញ​​ក្រុមហ៊ុន​ចិន បាន​ជីក​អណ្ដូង​រ៉ែច្រើន​ទីតាំង​ក្នុង​តំបន់​ចុងផ្លាស់ ក្នុង​ទម្រង់​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ​មាស ពុំ​មែន​ជា​ការ​សិក្សា​ស្រាវជ្រាវ​នោះ​ទេ។ លើស​ពី​នេះ​ ក្រុមហ៊ុន​ចិន​ឈ្មោះ រ៉ុង ឆេង បាន​ជីក​ខួង​រុករក​រ៉ែ​មាស​ច្រើន​រណ្ដៅ មាន​ជម្រៅ​លើស​ពី ៥០​ម៉ែត្រ និង​មាន​តំបន់​ខ្លះ លើស​ពី ១​រយ​ម៉ែត្រ។ ប្រជា​ពលរដ្ឋ​អះអាង​ថា រណ្ដៅ​ខ្លះ​ក្រុម​ហ៊ុន​ចិន ​បាន​ប្រើ​រំសេវ​ផ្ទុះ​ថ្ម ​បង្ក​រំខាន​ដល់​អ្នកភូមិ​រស់​នៅ​តំបន់​នោះថែម​ទៀត​ផង​

ប្រភពពី​ប្រជាពល​រដ្ឋ​សហគមន៍​ឃុំចុងផ្លាស់ បានឲ្យដឹងទៀតថា​ ទីតាំង​ដែល​ក្រុមហ៊ុន​ចិន​ប្រើ​ម៉ាស៊ីន​ខួង​យក​រ៉ែ ភាគ​ច្រើន​ឋិត​នៅ​តំបន់​អូរ ព្រោះ​ប្រភព​រ៉ែ​​មាស​ ​គឺ​ឋិត​នៅ​ជាប់​ទឹកអូរ​ធម្មជាតិ។ ទឹកអូរ​ទាំងនោះ​រួមមាន អូរ​ក្លរ អូរ​ចុង អូរ​រកា អូរ​ក្តាយ អូរ​រហៅ និង អូរ​ក្ទង់។ ​ពួកគាត់បញ្ជាក់​ថា តំបន់​ទឹកអូរ​ទាំង​នោះ​​មាន​បណ្ដាញ​ជាប់​ព្រែក​ទេរ​ ហូរ​ចុះ​ឆ្ពោះ​ទៅ​ទន្លេ​មេគង្គ ​ដោយ​ឆ្លងកាត់​ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ។

មន្ត្រីជំនាញដែលស្នើមិនបញ្ចេញអត្តសញ្ញាណ បានឲ្យដឹងថា ​ចំពោះ​លទ្ធ​ផលផ្លូវ​ការ ​នៃលទ្ធផល​ចុះស្រាវជ្រាវរក​សារធាតិគីមី​ពុលខាង​លើនេះ ​នឹង​ទទួល​​បានព័ត៌​មានច្បាស់​លាស់ ​ក្រោយ​ពេល​​ក្រុមការងារចម្រុះ​អន្តរ​ក្រសួង បាន​ទទួល​ព័ត៌មាន​លម្អិត ​បន្ទាប់ពីបានបិទ​​បញ្ចប់​សកម្មភាពនៃការចុះ​ស្រាវ​ជ្រាវ នៅ​ថ្ងៃ​សុក្រ ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨នេះ៕ ដោយ៖ សមុទ្រឈើ

spot_img
×