Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ជា​អធិបតី​ក្នុង​ការ​បើកព្រឹត្តការណ៍ ការប្រកួត​កីឡា​ជាតិ​លើក​ទី​២ ​

spot_img

​​ភ្នំពេញ ​៖ ​នៅ​ល្ងាច​ថ្ងៃ​សុក្រ ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២ ក្រោម​ប្រធានបទ «​កីឡា​នាំមក​នូវ​សន្តិភាព និង​ការអភិវឌ្ឍ​» ដែល​មាន​រយៈពេល​មួយ​សប្តាហ៍​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ដល់​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ ២០១៨ ដែល​មាន​កីឡាករ កីឡាក​រិនី និង​គ្រូបង្វឹក​ចូលរួម សរុប ៤.១៦៣ នាក់ លើ​ប្រភេទ​កីឡា​ចំនួន​២៧ រួម​មាន​វិញ្ញាសារ​ចំនួន​២៧៤ មកពី​ក្រសួង រាជធានី​-​ខេត្ត​ចំនួន​២៥។​

​កម្មវិធី​បើក​ព្រឹត្តិការណ៍​កីឡា​នេះ ក៏​មាន​ការរៀបចំ​កម្ម​វិធី​ប្លែកៗ និង​អស្ចារ្យ​ជាច្រើន​ទៀត ដើម្បី​អបអរ​ពិធី​បើក​កីឡា​ជាតិ រួមមាន​ដូចជា​ការ​ដង្ហែ​ក្បួន​ព្យុះហយាត្រា​ប្រតិភូ​កីឡាតាម​បណ្តា​ខេត្ត​នានា ការសម្តែង​បែប​សិល្ប​វប្បធម៌​បុរាណ ក្បាច់គុន​ល្បុក្កតោ ការសម្តែង​ចលនា​កាយ​សម​ស្រប​ពី​គរុ​សិស្ស​កីឡា ក្រុមកីឡា​តេក្វាន់​ដូ ការសម្តែង​ចលនា​កាយ​កម្សាន្ត​ចម្រៀង ដោយ​មាន​ការចូលរួម​ពី​សិល្បករ សិល្បការិនី​ល្បីៗ​ជាច្រើនរូប និង​ការបាញ់​កាំជ្រួច​អបអរសាទរ​ផ​ដែរ​។​

​ក្រៅពី​ការអញ្ជើញ​ជា​អធិបតីភាព​ដោយ​ផ្ទាល់​ពី​សម្ដេច​តេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ហើយ​នោះ ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២​នេះ ក៏​មាន​កម្មវិធី​កាន់តែ​អស្ចារ្យ​ជាង​លើក​ទី​១​ផងដែរ ដោយ​ព្រះមហាក្សត្រ​កម្ពុជា ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី នឹង​ព្រះ​បរម​រាជានុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​បំផុត សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ភ្លើង​គប់ ដល់​តំណាង​កីឡាករ​ជាតិ ហើយ​នាំ​យក​ភ្លើង​គប់​ពី​ព្រះបរមរាជវាំង មក​ប្រគល់​ជូន​សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី ដើម្បី​ដុត​បំភ្លឺ​គប់ ប្រារព្ធ​ពិធី​បើក​ការប្រកួត​ផ្លូវការ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ផង​ដែរ​។​

​ចំពោះ​ភ្លើង​គប់​ខាង​លើ​តំណាង​អត្ត​ព​លិកជាតិ ដែល​ត្រូវ​ចូល​ក្រាប​បង្គំ​ទទួល​ការ​ព្រះរាជទាន​ពី​ព្រះមហាក្សត្រ​នោះ រួមមាន​៖ កីឡាករ ឃុន ឌី​ម៉ា ម្ចាស់​មេដាយមាស​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៧ លើ​ប្រភេទ​កីឡា​គុន​ខ្មែរ ដែល​ជា​កីឡា​អត្តសញ្ញាណ​ជាតិ​។ បន្ទាប់មក ឌី​ម៉ា នឹង​រត់​កាន់​ភ្លើង​គប់​អម​ដោយ​តារាបាល់ទាត់​ឆ្នើមៗ ២​រូប គឺ​កីឡាករ ចាន់ វឌ្ឍនាកា និង​កីឡាករ ប្រាក់ មុន្នី​ឧត្តម រួម​ជាមួយ​កីឡាករ​ក្បាច់គុណ​ល្បុក្កតោ​ចំនួន​១០​រូប ពី​ព្រះបរមរាជវាំង ជាមួយនឹង​ក្បួន​ម៉ូតូ​ធំ ១២​គ្រឿង តាម​ផ្លូវ​សំខាន់ៗ​មួយចំនួន ឆ្ពោះ​មក​ពហុ​កីឡដ្ឋាន​ជាតិ​។​

​ការប្រកួត​កីឡា​ជាតិ​នេះ រៀបចំឡើង​ក្នុង​គោលបំណង វាស់​ស្ទង់​គុណ​ផល​កីឡា តាម​ប្រភេទ​កីឡា​នីមួយៗ ក៏ដូចជា​ហ្វឹកហ្វឺន​មន្ត្រី​រៀបចំ​ការប្រកួត មន្ត្រី​អាជ្ញាកណ្តាល និង​ចៅក្រម​ក្នុង​ការត្រៀម​លក្ខណៈ​ឈាន​ឆ្ពោះ​ទៅ​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡា ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នាពេលខាងមុខ​។​

​បន្ទាប់ពី​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រកាស​បើក​ការ​កួត​កីឡា​ជាតិ​លើក​ទី​២​រួចហើយនោះ ក៏​មាន​ពិធី​ដង្ហែ និង​ទទួល​ភ្លើង​គុប ដែល​ដង្ហែ​ពី​ព្រះបរមរាជវាំង​មកកាន់​ពហុ​កីឡដ្ឋាន​ជាតិ​ដោយ​កីឡាករ កីឡាការិនី​ល្បីៗ​ជាច្រើន​ផងដែរ មុន​នឹង​អញ្ជើញ​ប្រគល់​ជូន​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដើម្បី​អុច​បំភ្លឺ បើក​ព្រឹត្តិការណ៍​ការ​ក​ប្រកួត​កីឡា​ជាតិ​ឆ្នាំ​២០១៨​នេះ ចាប់ពី​ពេលនេះ​តទៅ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

      

spot_img
×