Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណត់ហេតុ​ស្តីពី​សសរ​ស្តម្ភ​មួយ បែប​ពុទ្ធ​និយម សម័យ​នគរ​ភ្នំ​

spot_img

ថ្មីៗ​នេះ គេ​បាន​រកឃើញ​នូវ​សមាសធាតុ​តុបតែង​ប្រាង្គ​ប្រាសាទ​មុន​អង្គរ​ជាច្រើន​នៅ​ម្តុំ​អូរ​កែវ ហើយ​ក្នុងចំណោម​គ្រឿង​តុបតែង​ប្រាសាទ​ទាំងនោះ មាន​សសរស្តម្ភ​មួយ ដែល​សព្វថ្ងៃនេះ​ត្រូវបាន​តម្កល់​នៅក្នុង​បរិវេណ​នៃ​សារមន្ទីរ​ខេត្ត​អាងយ៉ាង អតីត​មាត់ជ្រូក បាន​ទាក់ទាញ​អារម្មណ៍​យើង​។ ដោយហេតុថា បើ​យើង​មិន​ច្រឡំ​ទេ សសរថ្ម​បែបនេះ គេ​ពុំ​ធ្លាប់​ជួបប្រទះ​ពីមុន​ឡើយ​ក្នុង​ប្រវត្តិ​សិល្បៈ​ខ្មែរ​។ ក្រៅពីនេះ នៅមាន​ចម្លាក់ និង​សញ្ញា​មួយចំនួន ដែល​អាច​នាំ​ឲ្យ​យើង​អាច​បញ្ចេញ​នូវ​សម្មតិកម្ម​ខ្លះៗ​។​

​ថ្វីត្បិតតែ​យើង​ពុំទាន់​មានលទ្ធភាព​នឹង​កំណត់​អាយុកាល​នៃ​វត្ថុ​សិល្បៈ​បុរាណ​នេះ​នៅឡើយ ដែលមាន​រូប​ភ្ជាប់​មកនេះ​ក្តី​។ ក៏ប៉ុន្តែ​យើង​អាចសន្និដ្ឋាន​យ៉ាង​ត្រឹមត្រូវ​បាន​ថា វា​ស្ថិត​ក្នុងសម័យ​វប្បធម៌​នគរ​ភ្នំ ឬ​ហ្វូ​-​ណន​។ ចំពោះ​យើង អ​វ​សាន្ត​របស់​ហ្វូ​-​ណន ដែលជា​រដ្ឋ​ខ្មែរ​ដំបូងបង្អស់ ដែល​បានកកើតឡើង​ដោយ​ឥទ្ធិពល​ឥណ្ឌា ឬ​ក្លិង្គ​នោះ ស្ថិត​នៅមុន​ឆ្នាំ ៦៤៩ ពោលគឺ មិនមែន​នៅ​ពាក់កណ្តាល​ស​.​វ​ទី​៦​នោះទេ បើ​សំអាង​លើ​សំណេរ​ដៃ​ចិន​។​

​តាម​ការសិក្សា​ប្រៀបធៀប ការតុបតែង ជាពិសេស​លក្ខណៈ​ចម្លាក់​មនុស្ស​ឆ្លាក់​ចំ​ពីមុខ​ចំនួន​ពីរ ឬ​បីនាក់​ក្នុង​បរិវេណ​តូច​មួយ សសរ​របស់​យើង ពិតជា​ត្រូវបាន​ស្ថាបនា​ឡើង​យ៉ាងហោចណាស់​ក៏​ក្នុង​កម្លុង​ស​.​វ​ទី​៤-៥​នៃ​គ​.​ស​ដែរ នេះ​ជាម​តិ​ដែល​យើង​សុំ​ស្នើឡើង​។​

​សូមជម្រាបថា កុ​ឌុ (Kudu) ដី​ដុត​មួយ ដែលមាន​រាង​មូល​សម្រាប់​លំអ​ផ្នែក​ខាងលើ​ដំបូល​ប្រាង្គ​ប្រាសាទ ដូច​ករណី​ប្រាសាទ​អាស្រម​មហាឥសី​នៅ​សម្បូរ​ព្រៃ​គុក​ជាដើម ដែល​គេ​បាន​រកឃើញ​នៅ​អូរ​កែវ ខេត្ត​អាងយ៉ាង ស្ថិតក្នុង​កម្លុង​ស​.​វ​ទី​២-៤​នៃ​គ​.​ស​។​

រូបភាព ១-៣ : សសរ និង​រូប​ពង្រីក សារមន្ទីរ​អាងយ៉ាង (​ម​.​ត ២០០៣)

​សូមបញ្ជាក់​ឡើងវិញ​ថា ប្រភេទ​ចម្លាក់​ខាងលើនេះ ពុំ​ធ្លាប់​ជួបប្រទះ​នៅក្នុង​កម្ពុជា​បច្ចុប្បន្ន​ឡើយ តែ​ក្នុង​ដែនដី​សណ្ត​ដែល​ស្ថិតនៅ​ផ្នែក​ខាងក្រោម​នៃ​ទន្លេមេគង្គ ដែល​នៅ​នៅ​ទីនោះ ហើយ​ដែល​វប្បធម៌​ឥណ្ឌា​បាន​ចាប់​ពន្លក​មុនគេ​។ គឺ​ដោយសារ​មូលហេតុ​នេះហើយ ដែល​បង្ខំ​យើង​ឲ្យ​ផ្សព្វផ្សាយ​របកគំហើញ​ខាង​បុរាណវិទ្យា​នេះ ដើម្បី​ជំរុញ​ឲ្យ​មានការ​សិក្សា​បន្ថែមទៀត ហើយ​ដើម្បី​ពង្រីក​ចំណេះ​ចេះដឹង​ពាក់ព័ន្ធ​ទៅ​និង​វិស័យ​ស្ថាបត្យកម្ម​មុន​អង្គរ​ផង​។​

​ម្យ៉ាងវិញទៀត វត្តមាន​របស់​ឆ័​ត្រ​នៅលើ​មនុស្ស​ស្រី ៣​រូប ដែល​អត្តសញ្ញាណ​មិនត្រូវ​បាន​ស្គាល់​នៅឡើយ​នោះ បញ្ជាក់​ឲ្យ​យើង​ដឹង​ប្រយោល​ថា យើង​កំពុងស្ថិត​នៅមុខ​ប្រវត្តិ​រឿងរ៉ាវ​អ្វីមួយ​ដែល​គេ​ចង់​និទាន​។ ពីព្រោះ​បញ្ហា​នេះ យើង​សង្ឃឹមថា ប្រភព និង​អាច​គូសបញ្ជាក់​ឲ្យ​បានច្បាស់លាស់ នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​។ ក៏ប៉ុន្តែ គួរ​ជម្រាប​ភ្លាម​ថា ការដែល​ស្រី​ម្នាក់​អមដោយ​ភីលៀង​ពីរ​នៅ​ស​ខាង អាចជា​ក្ស​ត្រី​យ៍ ឬក៏​ព្រះ​នាង​មាយា ដែលជា​ព្រះរាជ​មាតា​របស់​ព្រះពុទ្ធ​អង្គ​ដែលមាន​ក្នុង​ពុទ្ធប្រវត្តិ​។ ចំពោះ​ឋានៈ​ក្ស​ត្រី​ដ៏​ខ្ពង់ខ្ពស់​ឧត្តុង្គឧត្តម​នេះ អាច​បញ្ជាក់​តាមរយៈ​ឆ័​ត្រ​។​

​នៅ​ផ្នែក​ខាងលើ យើង​ឃើញ​មាន​រង្វង់​មូល​មួយ ដែលជា​និមិត្តសញ្ញា​ពិសិដ្ឋ​មួយ​ដែលមាន​សណ្ឋាន ហើយ​មាន​ចម្លាក់​មនុស្ស​ម្នាក់​ប្រថាប់​ពីលើ ក្នុង​ឥរិយាបថ​សមាធិ ដូច​ព្រះ​ពុទ្ធអង្គ​។ ហេតុ​នាំ​ឲ្យ​យើង​កត់សម្គាល់ថា ចម្លាក់​លើ​សសរស្តម្ភ​ខាងលើនេះ ពិតជា​ពាក់ព័ន្ធ​ទៅនឹង​លទ្ធិ​ព្រះពុទ្ធសាសនា​។ តើ​រង្វង់​មូល​ដែល​ទ្រ​ដោយ​ផ្កាឈូក​នោះ មាន​អត្ថន័យ​យ៉ាងណាដែរ​?

​គេ​ដឹងថា វត្តមាន​នៃ​និមិត្តសញ្ញា​ជា​រង្វង់​ខាងលើនេះ ក៏​ត្រូវបាន​ជួបប្រទះ​នៅលើ​ពុម្ព​ថ្ម​មួយ និង​តាមរយៈ​រូបចម្លាក់​សំណ​មួយចំនួន នៅ​ទីក្រុង​អង្គរបុរី និង​នៅ​អ៊ូ​ថង ប្រទេស​ថៃ​បច្ចុប្បន្ន​ផងដែរ ដែលជា​និមិត្តរូប​នៃ​ធម្ម​ចក្រ​។ ចំពោះ​ចម្លាក់​ជា​ស្លឹកពោធិ៍ លំអ​នៅ​ផ្នែក​ខាងលើ​បំផុត​របស់​សសរ យើង​យល់ថា រូបនេះ​តំណាង​ស្លឹកពោធិ៍ ដែលជា​និមិត្តរូប​នៃ​ការ​ត្រាស់ដឹង​របស់​ព្រះសម្មាសម្ពុទ្ធ ដូច​មាន​ចម្លាក់​ព្រះសម្មាសម្ពុទ្ធ​អង្គ​មួយ​ស្ថិតក្នុង​ឥរិយាបថ​សមាធិ​នៅ​ខាងក្រោម​ស្លឹកពោធិ៍​ជា​ភស្ដុតាង​ស្រាប់​។ នេះ​ជា​របៀប​និទានរឿង​បែប​បុរាណ​យ៉ាង​ប្រាកដ​។​

​ដូចនេះ ជារួម យើង​អាច​សន្និដ្ឋានបានថា ទាំង​ចម្លាក់​ស្ត្រី ដែលជា​តួអង្គ​សំខាន់​ជាងគេ ទាំង​និមិត្តសញ្ញា​នៅទីនេះ ក៏​ដូចគ្នា​និង​ឥរិយាបថ​សមាធិ​របស់​ចម្លាក់​ភេទ​ប្រុស ពិតជា​ពាក់ព័ន្ធ​ទៅ​និង​ប្រ​វ​តិ្ត​របស់​ព្រះពុទ្ធសាសនា​។ ទ​ន្ទឺ​ម​នឹង​នេះដែរ ត្រូវ​ជ្រាបថា សញ្ញា​និមិត្ត​ទាំង​ប៉ុន្មាន​ដែល​ទើប​រៀបរាប់​ខាងលើនេះ​ក៏​តំណាង​ឲ្យ​អំណាច​របស់​ព្រះមហាក្សត្រ ឬ​រាជាធិបតេយ្យ​នា​សម័យបុរាណ​ផងដែរ​៕ (​ម​.​ត្រា​ណេ​)​

spot_img
×