Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណាត់​ផ្លូវ​ដែក​បាត់ដំបង​-​ពោធិ៍សាត់ ១០៧​គីឡូម៉ែត្រ នឹង​ដាក់​ឲ្យ​ដំណើរការ​ឡើងវិញ​ថ្ងៃ​២៩ ឧសភា​

spot_img

ភ្នំពេញ​៖ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បានប្រកាសថា ផ្លូវ​រថភ្លើង​ពី​បាត់ដំបង​-​ពោធិ៍សាត់ នឹង​ត្រូវ​ដាក់ឲ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន នៅ​ថ្ងៃ​ទី​២៩ ឧសភា ២០១៨ ខាងមុខនេះ បន្ទាប់ពី​បាន​អាកខាន​ដំណើរការ​អស់​រយៈពេល​១២​ឆ្នាំ​។​

​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ បងប្អូន​ប្រជាពលរដ្ឋ​អាច​ធ្វើដំណើរ​ពី បោយ​ប៉ែត​-​សិរីសោភ័ណ​-​បាត់ដំបង មក​ពោធិ៍សាត់​បាន​ហើយ​។ កំណាត់​ផ្លូវ​ដែក​ពី​បាត់ដំបង មកដល់​ខេត្ត​ពោធិ៍សាត់​ប្រវែង ១០៧​គីឡូម៉ែត្រ​។ ពិធី​ដាក់ឲ្យ​ប្រើប្រាស់​ជា​បណ្តោះ​កំណាត់​ផ្លូវ​ដែក​ពី​បាត់ដំបង​មក​ពោធិ៍សាត់​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​ផ្លូវ​រថភ្លើង​ពី​ស្ថានីយ​បាត់ដំបង មកដល់​ខេត្ត​ពោធិ៍សាត់ ប្រវែង ១០៧​គីឡូម៉ែត្រ​នេះ ស្ថិតក្នុង​ខេត្ត​បាត់ដំបង​ប្រវែង ៧៥​គីឡូម៉ែត្រ និង ស្ថិតនៅក្នុង​ខេត្ត​ពោធិ៍សាត់​ប្រវែង ៣២​គីឡូម៉ែត្រ​។ កំណាត់​ផ្លូវ​ដែក​ពី​បាត់ដំបង មកដល់​ខេត្ត​ពោធិ៍សាត់ មាន​ស្ថានីយ​ត្រូវ​ឆ្លងកាត់​ចំនួន ១៦​ស្ថានីយ រួម​មាន​ស្ថានីយ​៖ បាត់ដំបង អូរ​ដំបង អូរ​ស្រឡៅ រាំង​កេសី ស្វាយ​ជាតិ ភ្នំ​ធិបតី គោក​ត្រុំ កោះ​ចារ មោង​ឬ​ស្សី ព្រៃ​ស្វាយ កា​ឡោម​ពុក ស្វាយដូនកែវ បឹង​ខ្នារ ត្រពាំង​ជង ស្នាម​ព្រះ និង​ពោធិ៍សាត់ ក្នុង​នោះ​ខេត្ត​បាត់ដំបង មាន ១១​ស្ថានីយ និង​ខេត្ត​ពោធិ៍សាត់ មាន ៥​ស្ថានីយ​។​

​សូមបញ្ជាក់​ថា កំណាត់​ផ្លូវ​ដែក​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ ចាប់​ពី​រាជធានី​ភ្នំពេញ រហូត​ដល់​ក្រុង​ប៉ោយ​ប៉ែត (​ព្រំដែន​កម្ពុជា​-​ថៃ​) មាន​ប្រវែង​សរុប ៣៨៦​គីឡូម៉ែត្រ ត្រូវបាន​សាងសង់​ឡើង​អំឡុង​ឆ្នាំ​១៩២៩ ដល់​១៩៤២ ក្នុង​សម័យ​អាណានិគម​បារាំង​។ តែ​ផ្លូវដែក​នេះ ត្រូវបាន​អាក់ខាន​ប្រើប្រាស់​ក្នុង​ពេល​កម្ពុជា​ជួប​ភ្លើង​ភ្លើងសង្គ្រាម​ទសវត្សរ៍​ឆ្នាំ​៧០​។​

​កំណាត់​ផ្លូវ​ដែក​ពី​ភ្នំពេញ ដល់​ក្រុង​សិរី​សោ​ភណ ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​ដាក់​ឲ្យ​ដំណើរ​ឡើង​វិញ​នៅ​ក្រោយ​ពេល​របប​ប៉ុលពត​ត្រូវ​បាន​វាយ​រំលំ តែ​ក៏​ត្រូវបាន​អាកខាន​ទៅវិញ​នៅ​ឆ្នាំ​២០០៦ ព្រោះតែ​សភាព​ទ្រុឌទ្រោម​។ ដោយឡែក​កំណាត់​ផ្លូវ​ដែក​ពី​ក្រុង​សិរីសោភ័ណ ទៅ​ក្រុង​ប៉ោយ​ប៉ែត ត្រូវបាន​អាកខាន​ការធ្វើដំណើ​តាំងពី​ទសវត្សរ៍​ឆ្នាំ​៧០​មក​ម្ល៉េះ​ដោយសារ​ទម្ងន់​គ្រាប់បែក​នៅ​ឆ្នាំ​១៩៧៣ ហើយ​ក្រោយ​របប ប៉ុល ពត ផ្តួលរំលំ​ក៏​មិនទាន់​បាន​ប្រើប្រាស់​ដែរ​។​

​បន្ទាប់​ពី​ភ្លើងសង្គ្រាម​បាន​បិទ​បញ្ចប់​ទាំងស្រុង និង​ឆ្លើយតប​តម្រូវការ​ដឹកជញ្ជូន​ដ៏​ចាំបាច់​នាពេល​បច្ចុប្បន្ន​នោះ កំណាត់​ផ្លូវ​ដែក​នេះ​ត្រូវបាន​ស្តារ និង​ដាក់ឲ្យ​ដំណើរការ​ឡើង​វិញ​ជា​បន្តបន្ទាប់​។ ក្នុងនោះ​កំណាត់​ផ្លូវ​ដែក​ពី​ប៉ោយ​ប៉ែត មក​ដល់​សិរីសោភ័ណ​ប្រវែង​ជិត ៤៨​គីឡូម៉ែត្រ​ត្រូវ​បាន​បើក​ឲ្យ​ដំណើ​ការជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៨​។​

​កំណាត់​ផ្លូវ​ដែក​ពី​សិរីសោភ័ណ ដល់​ក្រុង​បាត់ដំបង​ប្រវែង ៦៥​គីឡូម៉ែត្រ​ត្រូវ​បាន​ដាក់ឲ្យ​ដំណើរការ​នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៨​។ កំណាត់​ផ្លូវ​ពី​បាត់ដំបង មក​ដល់​ពោធិ៍សាត់ ប្រវែង ១០៧​គីឡូម៉ែត្រ នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៨​។ ដោយឡែក​កំណាត់​ផ្លូវ​ដែក​ពី​ពោធិ៍សាត់ មក​ដល់​បាត់ដឹង ខេត្ត​កំពង់ស្ពឺ​ប្រវែង ១៣៤​គីឡូម៉ែត្រ គ្រោង​ដាក់​ដំណើរ​នៅ​អំឡុង​ខែ​កក្កដា រីឯ​កំណាត់​ផ្លូវ​ដែក​ពី​បាត់ដឹង ដល់​រាជធានី​ភ្នំពេញ ប្រវែង ៣២​គីឡូម៉ែត្រ គ្រោង​ដាក់​ដំណើរការ​ចុងឆ្នាំ​២០១៨​។​

​ការស្តារ​ឡើង​វិញ​កំណាត់​ផ្លូវ​ដែក​ពី​ភ្នំពេញ រហូត​ដល់​ក្រុង​ប៉ោយប៉ែត​បាន​ចំណាយ​ថវិកា​ប្រមាណ ៧៧​លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ​ទឹកប្រាក់​ប្រមាណ ១៣​លាន​ដុល្លារ​ជា​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី ADB ហើយ​ក្រៅពី​នោះ​ជា​ថវិកា​របស់​រាជរដ្ឋាភិបាល ៕ ដោយ​៖​បញ្ញា​ស័ក្តិ

spot_img
×