Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ នៅ​ស្រុក​កៀនស្វាយ ចោទប្រកាន់ ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច​ថា បាន​យក​គ្រឿងចក្រ​កាយ​ផ្តាច់​ផ្លូវ ទន្ទ្រាន​យក​ដី​របស់​ពួកគាត់​

spot_img

​កណ្តាល​៖ រយៈពេល​ប្រមាណ​ជាង​១​សប្តាហ៍​មក​ហើយ ដែល​ប្រជាពលរដ្ឋ​ចំនួន​២​ឃុំ មាន​ឃុំ​សំរោង​ធំ និង​ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល បាន​ប្រមូលផ្តុំ​គ្នា​ធ្វើការ​តវ៉ា ហើយ​នៅ​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៨ ក៏​បាន​ប្រមូលផ្តុំ​គ្នា​ធ្វើការ​តវ៉ា​ជា​ថ្មី​ទៀត ដោយ​ទទូច​ស្នើសុំ​ដល់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ជាពិសេស​សម្តេច​តេជោ ប្រមុខ​រាជរដ្ឋាភិបាល ជួយ​អន្តរាគមន៍​ដោះស្រាយ​ជម្លោះ​ដីធ្លី​របស់​ពួកគាត់ បន្ទាប់ពី​ក្រុមហ៊ុន ផាន អ៊ី​ម៉ិច បាន​យក​គ្រឿងចក្រ​ទៅ​កាយ​ផ្តាច់​ផ្លូវ និង​បាន​បំពាន​ដី​របស់​ពួកគាត់​។​

ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា ដី​បង្កបង្កើនផល​របស់​ពួកគាត់ មាន​ប្រមាណ​ជាង​៥០​ហិកតា កំពុង​រង​ការរំលោភ​ទន្ទ្រាន​យ៉ាង​ខ្លាំងខ្លា ពី​សំណាក់​ក្រុមហ៊ុន ផាន អ៊ី​ម៉ិច ដោយ​បាន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ផ្ដាច់​ផ្លូវ និង​លើក​ជា​ទំនប់​បំពាន​យក​តែ​ម្តង​។ គិត​ត្រឹម​រសៀល​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន​នៅតែ​បន្ត​ឈួសឆាយ​ទៅលើ​ដី​របស់​ពួកគេ​ដដែល ដោយ​មិន​មាន​ការជួយ​ទប់ស្កាត់​ណាមួយ ពី​សំណាក់​អាជ្ញាធរ ឲ្យមាន​ប្រសិទ្ធភាព​នោះ​ទេ​។​

តំណាង​ប្រជាពលរដ្ឋ​បានលើកឡើង​បន្ថែមថា ដី​របស់​គាត់​មិន​បាន​លក់​ឲ្យ​ក្រុមហ៊ុន​ទេ តែ​ក្រុមហ៊ុន​បាន​ដាក់​គ្រឿងចក្រ​ជីក​លើក​ទំនប់​ហ៊ុំព័ទ្ធ​រំលោភ​យក​ដី​ពួក​គាត់​តែ​ម្តង ។ នៅពេល​ដែល​ក្រុមហ៊ុន​បាន​ដាក់​គ្រឿងចក្រ​ភ្លាម ពួកគាត់​ក៏​បាន​ធ្វើ​ការតវ៉ា​ជា​បន្តបន្ទាប់ ។ នៅ​ថ្ងៃ​ទី ១២ ខែ ឧសភា ឆ្នាំ ២០១៨ ចាប់ផ្តើម​ធ្វើ​ការតវ៉ា​ដំបូង ក៏​មាន​អាជ្ញាធរ​ស្រុក​ចុះមក​ធ្វើការ​សម្របសម្រួល​រហូត​មាន​ការយល់ព្រម​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន ដោយ​ភាគី​ខាង​ក្រុមហ៊ុន​បាន​សន្យាថា ការ​ដាក់​គ្រឿងចក្រ​នេះ គឺ​គ្រាន់តែ​កម្ទេច​ព្រៃ​មើល​ព្រំដី ។ ប៉ុន្តែ​ក្រុមហ៊ុន​បែ​ជា​ក្បត់​ពាក្យសន្យា ដោយ​បាន​បញ្ជា​គ្រឿងចក្រ​ជីក​កាយ​ទំនប់​វាទ​ព្រំ​រំលោភ​ចូល​ដី​ពួកគាត់​ជា​រៀងរាល់ថ្ងៃ ជាពិសេស​នៅពេល​យប់ ក្រុមហ៊ុន​បាន​លួច​កាយ​ផ្លូវ​ផ្តាច់​ទាំងអស់ ។​

ប្រជាពលរដ្ឋ​ក៏​បាន​ទទូច​ស្នើសុំ​សម្តេច​តេជោ ហ៊ុន សែន ជួយ​អន្ត​រគ​មន៍​ដោះស្រាយ​ធ្វើយ៉ាងណា​ឲ្យ​ខាង​ក្រុមហ៊ុន​កាយ​លុប​ប្រឡាយ​វិញ ពី​ព្រោះ​ខាង​ក្រុមហ៊ុន​បាន​កាយ​ផ្តាច់​ផ្លូវ ចូល​ទៅ​ដី​របស់​ពួកគាត់ ដែល​មិនអាច​ធ្វើដំណើរ​ចូល​ទៅ​អាស្រ័យ​ផល​លើ​ដីធ្លី​បានឡើយ ។ តំណាង​ប្រជាពលរដ្ឋ​បញ្ជាក់ថា ដី​ដែល​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច បំពាន​យក​នេះ ជា​ដី​បង្កបង្កើន​ស្រូវប្រាំង និង​ដាំ​កក់ ដែល​ពួកគេ​បាន​អាស្រ័យ​ផល​តាំងពីដើម​រៀងមក មាន​ចំនួន​៥៤​ហិកតា ស្ថិតក្នុង​ភូមិ​សំរោង​ក្អែរ ឃុំ​សំរោង​ធំ និង​ភូមិ​ពោធិ៍​មៀវ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ដែល​មាន​ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ បាន​អាស្រ័យ​ផល​។​

ទាក់ទិន​នឹង​បញ្ហា​ខាងលើ លោក ទេព ឈួន មេឃុំ​សំរោង​ធំ បានឲ្យដឹងថា ដី​នោះ​ពិតជា​ដី​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ​ប្រាកដ​មែន ហើយ​កន្លង​មក​ដី​មួយ​ផ្នែក ប្រជាពលរដ្ឋ​បាន​លក់​ឲ្យទៅ​ក្រុមហ៊ុន នៅសល់​ប្រជាពលរដ្ឋ​ច្រើន​ទៀត មិន​បាន​ទាន់​លក់​ទេ​។ ឯ​បញ្ហា​ដែល​ក្រុមហ៊ុន​ទន្ទ្រាន​នោះ កន្លងមក​លោក សុខ ពិសិដ្ឋ អភិបាលរង​ស្រុក​កៀនស្វាយ ក៏​បាន​ចុះ​ដោះស្រាយ​ម្តង​ជា​ពីរ​ដង​រួច​ហើយ​ដែរ តែ​ប្រជាពលរដ្ឋ​នៅតែ​អះអាងថា ពួកគាត់​មិន​លក់​ដី​ទៅឱ្យ​ក្រុមហ៊ុន​នោះឡើយ ហើយ​ការសម្របសម្រួល​មិន​បាន​បញ្ចប់​បណ្តាលឱ្យ​រឿងនេះ​ចេះ​តែ​មាន​បញ្ហា​រហូតមក ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×