Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ​ត្រូវ​រក​ភាពត្រឹមត្រូវ​នៃ​ការសង្ស័យ​គីឡូ​អគ្គិសនី​អស់​ច្រើន​យ៉ាង​ដូចម្តេច​?

spot_img

​ភ្នំពេញ​៖ អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​ផ្សាយ​លើ​ផេ​ក​របស់​ខ្លួន កាលពី​ពេល​ថ្មី​នេះ​ថា អគ្គិសនី​ដែល​អ្នកផ្គត់ផ្គង់​លក់​ឲ្យ​អ្នកប្រើ​នីមួយៗ តម្រូវ​ឲ្យ​រត់​កាត់​នាឡិកា​អគ្គិសនី ឬ​ជញ្ជីង​វាស់​អគ្គិសនី​របស់​អ្នក​ប្រើ​នោះ ដើម្បី​ឲ្យ​នាឡិកានោះ ធ្វើការ​វាស់វែង និង​កត់ត្រា​ចំនួន​គី​ឡូ​(​គ​វ៉​ម៉​) ដែល​អ្នកផ្គត់ផ្គង់​បាន​ផ្តល់​ទៅឲ្យ​អ្នកប្រើ ដើម្បី​គម្រប់​១​ខែ គេ​ស្រង់​យក​ចំនួន​គីឡូ​អគ្គិសនី ដែល​បាន​ផ្តល់​នោះ យក​ទៅ​ធ្វើ​វិក្កយបត្រ​គិត​ប្រាក់ ។

ដូច្នេះ​ទាំង​ចំនួន​ទឹកប្រាក់ និង​ទាំង​ចំនួន​គីឡូ​អគ្គិសនី​ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ គឺ​ឋិត​នៅលើ តើ​ការវាស់វែង និង​កត់​ត្រា​របស់​នាឡិ​កា​វាស់​នោះ ត្រឹមត្រូវ​ឬទេ​? សូម​កុំ​យល់ច្រឡំ​ថា ឲ្យតែ​ឧបករណ៍​ប្រើ​អគ្គិសនី របស់​ខ្លួន​នៅ​ដដែល គីឡូ​អគ្គិសនី ដែល​ខ្លួន​ប្រើ​តាម​ខែ ត្រូវ​តែ​នៅ​ដដែល​ដែរ​នោះ ។ គីឡូ​អគ្គិសនី ដែល​អ្នក​ប្រើ​ប្រើ ទោះជា​ឧបករណ៍ប្រើប្រាស់ នៅ​ដដែល​ក៏ដោយ ឬ​ទោះជា​សមាជិកគ្រួសារ​តិច ឬ​ច្រើន​ក៏ដោយ ក៏​វា​ប្រែប្រួល​ទៅតាម​រយៈពេល និង​លក្ខខណ្ឌ ដែល​ឧបករណ៍​នី​មួយៗ​បើក​ប្រើ ។ ដូច្នេះ ចង់​ឲ្យ​គីឡូ​ចុះ​តិច ត្រូវ​បើក​ឧបករណ៍​នីមួយៗ ឲ្យ​រយៈពេ​លតិច​ជាង​មុន និង​ត្រូវ​ចងចាំ​ថា ឧបករណ៍​ណាមួយ​ក៏ដោយ ក៏​អាច​ធ្វើ​ឲ្យ​ឡើង​គីឡូ​អគ្គិសនី​ដែរ បើ​បើ​កវា​ប្រើ ។​

​ប្រសិនបើ​សង្ស័យថា ជញ្ជីង​វាស់​មិន​ត្រឹមត្រូវ អ្នកប្រើប្រាស់​អគ្គិសនី នៅ​តំបន់​ណាក៏ដោយ អាចបំពេញ​ពាក្យ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ដែល​ជា​អាជ្ញាកណ្តាល យក​ឧបករណ៍​ផ្ទៀងផ្ទាត់ ទៅ​ផ្ទៀងផ្ទាត់​នាឡិកា​វាស់​អគ្គិសនី​នោះ មើល​ថា​តើ​វា​ដើរ​ត្រឹមត្រូវ​ទេ ។ ការងារ​នេះ​ធ្វើ​ជូន​ដោយ​មិន​យក​កម្រៃ​ទេ ។​

​ប្រសិនបើ​ផ្ទៀងផ្ទាត់​រួចហើយ អ្នក​នោះ​នៅតែ​សង្ស័យ មិន​ជឿ​លើ​ការផ្ទៀងផ្ទាត់ របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​នេះ​ទេ អ្នក​នោះ​អាច​ទៅ​ទិញ​នាឡិកា​ណា ដែល​គេ​យល់​ថា​ត្រឹមត្រូវ ទោះជា​ទិញ​ពី​កន្លែង​ណា និង​ប្រទេស​ណា​ក៏​ដោយ អាល្លឺម៉ង់ បារាំង ជប៉ុន អង់គ្លេស អាមេរិក ។​ល​។ រួច​ស្នើសុំ​មក​អាជ្ញាធរ​អគ្គិសនី​កម្ពុជា យើងខ្ញុំ​នឹង​ពិនិត្យ ព្រមទាំង​អនុញ្ញាត ឲ្យ​ដាក់​នាឡិការ​នោះ វា​ស់​និង​កត់ត្រា ទន្ទឹម​គ្នា​ជាមួយ​នាឡិកា ចាស់​របស់​អ្នកផ្គត់ផ្គង់ ក្នុង​រយៈពេល ៣​ខែ ដើម្បី​ផ្ទៀងផ្ទាត់​ធ្វើ​សាក្សី មើល​ទាំងអស់​គ្នា​ថា តើ​នាឡិកា​ចាស់ ដែល​អ្នកផ្គត់ផ្គង់​តំបន់​នោះ​កំពុង​ប្រើ វាស់​ខុសពី​នាឡិកា ដែល​អ្នក​សង្ស័យ​ទិញ​មក​នោះ​ទេ ។ បើ​ដាក់​វាស់​ទន្ទឹមគ្នា​រួច​ឃើញថា វា​ខុស​គ្នា​មែន យើងខ្ញុំ​នឹង​រក​ខុស​ត្រូវ ជូន​អ្នក​សង្ស័យ​នោះ​ភ្លាម ។​

ដូច្នេះ​បើ​ចង់បាន​ភាពត្រឹមត្រូវ សូម​ធ្វើ​តាម​នីតិវិធី​ខាងលើ ប៉ុន្តែ​បើ​ចង់​តែ​ឃើញ​គីឡូ​តិច ដោយ​មិន​សំអាង​លើ​ជញ្ជីង​អគ្គិសនី​ទេ យើងខ្ញុំ​ជា​អាជ្ញាកណ្តាល ពិតជា​មិន​អាច​ធ្វើ​ជូន​បាន​ទេ ពីព្រោះ​ការទិញ​លក់​អគ្គិសនី ត្រូវតែ​ឈរលើ​មូលដ្ឋាន នៃ​ជញ្ជីង​វាស់​អគ្គិសនី មិន​អាច​សំអាង លើ​ការប្រៀបធៀប​ថា គីឡូ​ខែ​នេះ​តិច ឬ​ច្រើន​នោះទេ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×