Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​កាំកុងត្រូល​ខេត្ត​ស្វាយរៀង ចុះ​ពិនិត្យ​ទំនិញ​ជា​ច្រើន​មុខ នៅ​ផ្សារ​ប្រសូត្រនិង​ផ្សារ​ជី​ភូ ​រកឃើញ​បង្គារ​ក្រៀម​ខូច​គុណភាព​ចំនួន​២​គីឡូ​ដែល​ដាក់តាំង​លក់​

spot_img

ស្វាយរៀង​ ៖ ដើម្បី​ធានាបាន​សុវត្ថិភាព​ចំណីអាហារ លោក ផឹង និល ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​ឧសភា​ឆ្នាំ​២០១៨​នេះ បាន​ដឹកនាំ​មន្ត្រី ចុះ​ពិនិត្យ​មុខទំនិញ ជាច្រើន​មុខ នៅក្នុង​ផ្សារ​ប្រសូត្រ​ស្រុក​ស្វាយ​ទាប​និង​ផ្សារ​ជី​ភូ​ក្រុង​បាវិត តែ​ពុំ​បាន​រកឃើញ​សារធាតុ​គីមី ដាក់​ក្នុង​ម្ហូបអាហារ​នោះទេ​តែ​បាន​រកឃើញ​បង្គៀរ​ក្រៀម​ខូច​គុណភាព​ចំនួន​២​គីឡូក្រាម​ដកហូតយក​មក​កម្ទេច​ចោល​ផងដែរ​។​

​លោក ផឹង និល បានឱ្យដឹងថាៈ ដោយ​មាន​ការណែនាំ​ពី​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​លោក ម៉ក់ ពេជ្ជ​រិទ្ធ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​កាំកុងត្រូល ក្នុងនោះ​កាំកុងត្រូល​ខេត្ត​ស្វាយរៀង តែងតែ​ចុះ​ពិនិត្យ​មុខទំនិញ​បាន​ជាច្រើនលើក ហើយ​ការចុះពិនិត្យ​មុខ​ទំនិញ​នៅ​ថ្ងៃនេះ ក្នុង​គោលបំណង​ធានា​បាន​សុវត្ថិភាព​ម្ហូបអាហារ ព្រោះ​វា​មាន​សារសំខាន់​ចាំបាច់​ណាស់ ក្នុងសង្គម​និង​ជីវភាព​ប្រចាំថ្ងៃ​។​

​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង បាន​បន្តទៀតថា ការទទួលខុសត្រូវ​លើ សុវត្ថិភាព​ម្ហូបអាហារ គឺជា​ការទទួលខុសត្រូវ​រួម​គ្នា ទាំង​ស្ថាប័ន​ជំនាញ ទាំង​អ្នក​នាំចូល អ្នក​ផលិត អ្នក​ចែកចាយ និង​អ្នក​ទាំងអស់​គ្នា ជា​អ្នក​ប្រើប្រាស់​ផងដែរ ព្រោះ​សុខភាព គឺជា​កត្តា​ចំបង នៃ​ភាព​រស់រាន​នៃ​ជីវិត​។​

​លោក​បាន​បញ្ជាក់ថា មន្ត្រី​ជំនាញ បាន​ធ្វើការ​ពិនិត្យ​មុខទំនិញ​ជាច្រើន​មុខ ក្នុង​ផ្សារ​ប្រសូត្រ​និង​ផ្សារ​ជី​ភូ​ពុំ​បាន​រកឃើញ​សារធាតុ​គីមី​នោះទេ តែ​បាន​រកឃើញ​បង្គៀរ​ក្រៀម​ដែល​ខូចគុណភាព​ចំនួន​២​គីឡូក្រាម ចំណែក​អ្នកលក់ ក៏​បាន​យល់ព្រម​បញ្ឈប់​ការ ដាក់​លក់​ទំនិញ​ដែល​ខូច​គុណភាព ហួសការ​បរិច្ឆេទ​ប្រើប្រាស់ ព្រោះ​ពួកគេ​ទាំងអស់​នោះ​បាន​យល់ដឹង នូវ​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ពលរដ្ឋ​។​

​ជាមួយគ្នា​នោះ លោក ផឹង និល បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ខេត្ត​ស្វាយរៀង សូម​មាន​ការ​ប្រយ័ត្ន ចំពោះ​ការបរិភោគ​ចំណីអាហារ ត្រូវ​ពិនិត្យ​មើល​ស្លាក​សញ្ញា​កាលបរិច្ឆេទ ឲ្យបាន​ច្បាស់លាស់ មុន​នឹង​ទិញ​យក​ទៅ​បរិភោគ​។​

​លោក​បន្ដថា ជាពិសេស​ចំណីអាហារ​ក្មេងៗ និយម​បរិភោគ ត្រូវ​ពិនិត្យមើល​ឲ្យបាន​ត្រឹមត្រូវ មុន​នឹង​បរិភោគ ដើម្បី​ចូលរួម​លើកកម្ពស់​សុខុមាលភាព​ទាំងអស់គ្នា ហើយ​មន្ត្រី​កាំកុងត្រូល នឹង​បន្ត​ចុះ ពិនិត្យ​ទំនិញ​នៅ​តាម​ផ្សារ​នានា នៅក្នុង​ខេត្ត​ស្វាយរៀង ឲ្យបាន​ញឹកញាប់​បន្ថែមទៀត​៕​វ៉ៃកូ​

 

spot_img
×