Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋសភា​បន្ត​សម័យប្រជុំ​លើក​ទី​១០ នីតិកាល​ទី​៥ នៅ​ថ្ងៃ​ទី​៣១​ឧសភា​

spot_img

​ភ្នំពេញ​៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៃ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ បានសម្រេច​បន្ត​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៨ ដោយ​មាន​របៀបវារៈ​ត្រូវ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​មួយចំនួន​។​

​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ព្រឹក​នេះ បានសម្រេច របៀបវារៈ​សម្រាប់​សម័យ​ប្រជុំ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​ឧសភា​នោះ​មាន ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការរៀបចំ និង​ការប្រព្រឹត្ត ទៅ​នៃ​គណៈរដ្ឋមន្ត្រី សេចក្តីព្រាងច្បាប់​ស្តីពី​សញ្ជាតិ សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​អង្គការ​សហប្រតិបត្តិកា​រ​ព្រៃឈើ​អាស៊ី និង​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៣ មាត្រា​២៣ មាត្រា​៣០ មាត្រា​៣៣ មាត្រា​៣៤ មាត្រា​៣៥ មាត្រា​៣៦ មាត្រា​៣៧ មាត្រា​៣៨ មាត្រា​៣៩ និង​មាត្រា​៤០ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង និង​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​។​

​ក្រៅ​ពី​បាន​កំណត់​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០ និង​របៀបវារៈ​រួចហើយ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​ទទួលយក សេចក្តីព្រាងច្បាប់​ចំនួន​បី​ទៀត ដែល​រាជរដ្ឋាភិបាល​បាន​ស្នើសុំ​អនុម័ត​មក​ធ្វើការ​ពិភាក្សា​ផង​ដែរ​។​

​អង្គប្រជុំ​បាន​អនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បរមាដ​ល់​គណៈកម្ម​ការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា ពិនិត្យ​សិក្សា ដោយ​សហការ ជាមួយ​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី នៃ​រដ្ឋសភា ហើយ​ធ្វើ របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​។ អង្គប្រជុំ​បាន​អនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់ ស្តីពី​វិសោធនកម្ម​មាត្រា​៨៧ ចំណងជើង ចំណុច​“​គ​” ផ្នែក​ទី​៣​នៃ​ជំពូក​ទី​៤ មាត្រា​៨៩ មាត្រា​៩០ មាត្រា​៩១ មាត្រា​៩៤ មាត្រា​១១០ មាត្រា​១២០ និង​មាត្រា​១២២ នៃ​ច្បាប់​ស្តីពី​ការងារ ដល់​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី នៃ​រដ្ឋសភា ពិនិត្យ សិក្សា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​។ អង្គប្រជុំ​បាន​អនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៣ មាត្រា​៦ មាត្រា​៧ មាត្រា​៨ មាត្រា​៩ មាត្រា​១១ មាត្រា​១២ ចំណងជើង​ជំពូក​ទី​៤ មាត្រា​១៦ មាត្រា​១៩ មាត្រា​២៦ មាត្រា​៥០ មាត្រា​៥១ មាត្រា​៥២ មាត្រា​៥៣ មាត្រា​៥៤ មាត្រា​៥៥ មាត្រា​៥៦ មាត្រា​៥៧ មាត្រា​៥៨ មាត្រា​៥៩ មាត្រា​៦៥ មាត្រា​៦៦ មាត្រា​៦៧ និង​មាត្រា​៦៨ នៃ​ច្បាប់​ស្តីពី​ស្តង់ដា​កម្ពុជា​ដល់ គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៃ​រដ្ឋសភា ពិនិត្យ សិក្សា ហើយ​ធ្វើ​របាយការណ៍ ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​។​ ដោយ​៖​បញ្ញា​ស័ក្តិ​

​ខាងក្រោម​នេះ​ជា​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​
​ថ្ងៃ​អង្គារ ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៨៖

 

spot_img
×