Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គណៈកម្មការ​ទី​៤​នៃ​រដ្ឋសភា និង​តំណាង​រាជរដ្ឋាភិបាល រួម​គ្នា​បញ្ចប់​ការពិនិត្យ​សិក្សា​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​សញ្ជាតិ​

spot_img

​ភ្នំពេញ​៖ សេចក្តីព្រាងច្បាប់​ស្ដីពី​សញ្ជាតិ មាន​គោលបំណង​ធានា​ការអនុវត្ត ដែន​យុត្ថាធិការ របស់​ព្រះរាជាណាចក្រ​កម្ពុជា ទៅលើ​រូបវន្តបុគ្គល ដើម្បី​កំណត់ នូវ​សិទ្ធិ​ទទួលបាន និង​សិទ្ធិ​លះបង់​សញ្ជាតិ​ខ្មែរ ចំពោះ​ជន​ដែល​រស់នៅ​លើ​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឬ​នៅ​បរទេស​។​

​គណៈកម្មការ​មហាផ្ទៃ ការពារជាតិ និង​មុខងារ​សាធារណៈ​នៃ​រដ្ឋសភា ដឹកនាំ​ដោយ លោក ហ៊ុន ណេង ប្រធាន​គណៈកម្មការ រួមជាមួយ​គណៈកម្មកា​រ​ជំនាញ​ផ្សេង​ទៀត​នៃ​រដ្ឋសភា បាន​ជួបប្រជុំ​ជាមួយ​តំណាង​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ លោក ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង សម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​ធ្វើការ​ពិនិត្យ​សិក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សញ្ជាតិ នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋ​សភា ។​

​លោក ហ៊ុន ណេង បាន​មានប្រសាសន៍ថា ជំនួប​ពិភាក្សា​ជាមួយ​តំណាង​រាជរដ្ឋាភិបាល​នា​ពេល​នេះ គឺ​ដើម្បី​សាកសួរ​នូវ​ចំណុច​មួយចំនួន​ដែល​ជា​ចម្ងល់​របស់​គណៈកម្មកា​រ​ជំនាញ​នៃ​រដ្ឋសភា​បន្ថែមទៀត និង​ស្នើ​សុំឲ្យ​មាន​ការកែសម្រួ​ល​នៅ​ចំណុច​ខ្លះៗ​។​

​លោក ព្រុំ សុខា បាន​មានប្រសាសន៍​ជម្រាប​ជូន​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​ថា ដោយ​ពិនិត្យឃើញ​ថា ការអនុវត្ត​ច្បាប់​ស្តីពី​សញ្ជាតិ ដែល​បាន​ដាក់ឲ្យអនុវត្តន៍​តាំងពី​ឆ្នាំ​១៩៩៦ លែង​មាន​លក្ខណៈ​សមស្រប​ជាមួយ​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការអភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា និង​ដើម្បី​ធានា​ឱ្យ​មាន​សង្គតិភាព​ជា​មួយ​នឹង​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ថ្មី​នានា​ផង រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តីសម្រេច ចុះ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៨ ស្តីពី​ការបង្កើត​ក្រុមការងារ ដើម្បី​សិក្សា​ការធ្វើ​វិសោធនកម្ម​ច្បាប់​សញ្ជាតិ ដែល​ដឹកនាំ​ដោយ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។​

​លោក ព្រុំ សុខា បាន​បន្តទៀតថា បន្ទាប់​ពី​ការសិក្សា​ស្រាវជ្រាវ​លើ​ច្បាប់​ស្តីពី​សញ្ជាតិ​ឆ្នាំ​១៩៩៦ រួមជាមួយ​នឹង​ច្បាប់​ជាតិ និង​អន្តរជាតិ​នានា ក្រុម​ការងារ​បាន​រក​ឃើញថា មាន​បទ​ប្បញ្ញត្តិ​ជាង​ពាក់កណ្តាល​នៃ​ច្បាប់​ស្តីពី​សញ្ជាតិ​ទាំងមូល​ចាំបាច់​ត្រូវធ្វើ​វិសោធនកម្ម ដើម្បី​ធានា​ឱ្យ​មាន​សង្គតិភាព​ទៅតាម​បទ​ប្បញ្ញត្តិ​ដែល​មានចែង​ក្នុង​ក្រុម​រដ្ឋប្បវេណី និង​ច្បាប់​ផ្សេងៗ​ទៀត និង​ស្រប​ទៅ​តាម​ការវិវត្តន៍​ផ្នែក​នយោបាយ សេដ្ឋកិច្ច សង្គម និង​សន្តិសុខ​ជាតិ​។ ដោយ​ឈរ​លើ​មូលដ្ឋាន​នេះ រាជរដ្ឋាភិបាល​បាន​សម្រេច​ឱ្យ​រៀបចំ​ជា​សេចក្តីព្រាងច្បាប់​ស្តីពីស​ញ្ជា​តិ​ជា​ថ្មី​ឡើងវិញ​។​

​លោក ព្រុំ សុខា បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា សេចក្តីព្រាងច្បាប់​នេះ មាន​គោលបំណង​ធានា​ការអនុវត្ត​ដែន​យុត្ថាធិការ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ទៅលើ​រូបវន្តបុគ្គល ដើម្បី​កំណត់​នូវ​សិទ្ធិ​ទទួលបាន និង​សិទ្ធិ​លះបង់​សញ្ជាតិ​ខ្មែរ ចំពោះ​ជន​ដែល​រស់នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឬ​នៅ​បរទេស និង​ដែល​បាន​បំពេញ​តាម​លក្ខខណ្ឌ​នៃ​ច្បាប់​នេះ ហើយ​សេចក្តីព្រាងច្បាប់​នេះ មាន​គោលដៅ​កំណត់​អំពី​ការទទួល​បាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត ការទទួល​បាន​សញ្ជាតិ​ខ្មែរ​ដោយ​ការ​ស្មុំ​កូន​ពេញលេញ ការទទួល​បាន​សញ្ជាតិ​ខ្មែរ​ដោយ​អាពាហ៍ពិពាហ៍ ការទទួល​បាន​សញ្ជាតិ​ខ្មែរ​ដោយ​សញ្ជាតិ​តូបនីយកម្ម និង​ការបាត់​សញ្ជាតិ​ខ្មែរ​។​

​ក្រោយពី​បាន​ស្ដាប់​ការបកស្រាយ​បំភ្លឺ​ពី​តំណាង​រាជរដ្ឋាភិបាល​រួច​ហើយ​នេះ លោក ហ៊ុន ណេង ប្រធាន​គណៈកម្មការ​ម​ហា​ផ្ទៃ ការពារជាតិ និង​មុខងារ​សាធារណៈ​នៃ​រដ្ឋសភា បាន​ឯកភាព​ទាំងស្រុង​នៅ​ការលើកឡើង​របស់​តំណាង​រាជរដ្ឋាភិបាល​។ លោក​បាន​បន្តថា គណៈកម្មការ​ជំនាញរ​បស់​រដ្ឋសភា នឹង​បញ្ជូន​សេចក្ដីព្រាងច្បាប់​នេះ​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​សម្រេច​ដាក់បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​ធ្វើការ​ពិភាក្សា និង​អនុម័ត​នាពេលខាងមុខ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×