Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ច្បាប់​គ្រប់គ្រង និង​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ សម្រាប់​ទាក់ទាញ អ្នកវិនិយោគ​បរទេស មក​បណ្ដាក់ទុន

spot_img

​ភ្នំពេញ​៖ សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការគ្រប់គ្រង និង​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ មាន​សារសំខាន់​ណាស់ ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា និង​ជា​យន្តការ​មួយ សម្រាប់​ទាក់ទាញ អ្នកវិនិយោគ​បរទេស មក​បណ្ដាក់ទុន លើ​វិស័យ​រ៉ែ​នៅ​កម្ពុជា និង​ធានា ធ្វើ​ឲ្យ​ការគ្រប់គ្រង លើ​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ កាន់តែ​មាន​ប្រសិទ្ធភាព ហើយក៏​មាន​ចែង​ច្បាស់លាស់ ពី​ការដាក់​ទោស​ទណ្ឌ ដល់​អ្នកប្រព្រឹត្ត​បទល្មើស ក្នុងការ​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​នេះ​។​

​នៅក្នុង​កិច្ចប្រជុំ​រវាង​គណៈកម្មកា​រ​ជំនាញ​នៃ​រដ្ឋសភា ជាមួយ​តំណាង​រាជរដ្ឋាភិបាល ដែល​បាន​លើកយក​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម មាត្រា​៣ មាត្រា​២៣ មាត្រា​៣០ មាត្រា​៣៣ មាត្រា​៣៤ មាត្រា​៣៥ មាត្រា​៣៦ មាត្រា​៣៧ មាត្រា​៣៨ មាត្រា​៣៩ និង​មាត្រា​៤០ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង និង​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​មក​ជជែក​ពិភាក្សា​គ្នា នៅ​ចុងបញ្ចប់ គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា បាន​សម្រេច​បញ្ជូន សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​នេះ ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ ដើម្បី​ពិនិត្យ​ដាក់បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​នាពេលខាងមុខ​។​

​កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋ​សភា ដឹកនាំ​ដោយ លោកស្រី និន សា​ផុន ប្រធាន​គណៈកម្មការ​​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូប​នីយ​កម្ម និង​សំណង់ នៃ​រដ្ឋសភា និង​មាន​ការចូលរួម​ពី​តំណាង​នៃ​គណៈកម្មការ​ផ្សេងៗ​ទៀត​នៃ​រដ្ឋសភា​។ រីឯ​តំណាង​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​សហការី​។​

​លោកស្រី និន សា​ផុន បាន​មានប្រសាសន៍ថា កន្លងមក​គណៈកម្មកា​រ​បាន​ប្រជុំ​ផ្ទៃក្នុង​គណៈកម្មការ ដើម្បី​ពិនិត្យ សិក្សា និង​បាន​ធ្វើ​ការកែសម្រួល​លើ​ខ្លឹមសារ ពាក្យពេចន៍​អក្ខរាវិរុទ្ធ នៃ​សេចក្តីព្រាងច្បាប់​នេះ​ខ្លះៗ​រួចមកហើយ ដើម្បី​ឲ្យមាន​លក្ខណៈ​សមស្រប​ទៅតាម​ទម្រង់​ច្បាប់​។ រីឯ​ជំនួប​ពិភាក្សា​ជាមួយ​តំណាង​រាជរដ្ឋាភិបាល​នាពេលនេះ គណៈកម្មការ​ក៏​បាន​ស្ដាប់​នូវ​ការបកស្រាយ​របស់​តំណាង​រាជរដ្ឋាភិបាល​យ៉ាង​ក្បោះក្បាយ និង​បាន​យល់​ច្បាស់​គ្រប់​ជ្រុងជ្រោយ ទើប​គណៈកម្មការ​ឯកភាព​គ្នា​បញ្ជូន​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​នេះ ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា សម្រាប់​ដាក់​បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​។ លោកស្រី​បញ្ជាក់​ថា សេចក្តីព្រាងច្បាប់​នេះ​មាន​សារសំខាន់​ណាស់ ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា និង​ជា​យន្តការ​មួយ​សម្រាប់​ទាក់ទាញ​អ្នកវិនិយោគ​បរទេស​មក​បណ្ដាក់ទុន​លើ​វិស័យ​រ៉ែ​នៅ​កម្ពុជា​ផងដែរ​។​

​លោក ស៊ុយ សែម​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បាន​មានប្រសាសន៍ បញ្ជាក់​ពី​មូលហេតុ ដែល​នាំឲ្យ​មាន​ការរៀបចំ សេចក្ដី​ព្រាង​ច្បាប់​​ស្ដីពី​វិសោធនកម្ម​នេះ​ឡើង​ថា ច្បាប់​ស្តីពី​ការគ្រប់គ្រង និង​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ ដែល​រាជរដ្ឋាភិបាល​បាន​អនុវត្តន៍​ក្នុង​ការ​គ្រប់គ្រង​វិស័យ​រ៉ែ ចាប់តាំងពី​ឆ្នាំ ២០០១​មក​នោះ គឺ​ទទួលបាន​ផ្លែផ្កា​គួរ​ជាទី​កត់សម្គាល់​។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ បទពិសោធន៍​ក៏​បាន​បង្ហាញ​ឲ្យឃើញថា ច្បាប់​នេះ​នៅ​មាន​ចំណុច​ខ្វះខាត​មួយចំនួន​ដែល​មិន​ទាន់​បាន​ឆ្លើយតប​ទៅនឹង​ការ​វិវឌ្ឍន៍​នៃ​វិស័យ​រ៉ែ ក្នុង​បរិបទ​នៃ​ការរីកចម្រើន​សេដ្ឋកិច្ចសង្គម និង​បរិស្ថាន​របស់​ព្រះរាជាណាចក្រ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​នោះ​ទេ​។ លោក​បន្ថែមថា ការរៀបចំ​សេចក្តីព្រាង​ច្បាប់​នេះ មាន​គោលបំណង​ធានា ធ្វើ​ឲ្យ​ការគ្រប់គ្រង លើ​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ កាន់តែ​មាន​ប្រសិទ្ធភាព ហើយក៏​មាន​ចែង​ច្បាស់លាស់ ពី​ការដាក់ទោសទណ្ឌ ដល់​អ្នកប្រព្រឹត្ត​បទល្មើស ក្នុងការ​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​នេះ​ផង​ដែរ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×