Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឯកអគ្គរាជទូត​ថៃ ៖ ទំនាក់ទំនង​កម្ពុជា ថៃ នឹង​បើក​ច្រកព្រំដែន​បន្ថែមទៀត ដើម្បី​ផ្លាស់ប្តូរ និង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម ឲ្យ​កើនឡើង​

spot_img

​ភ្នំពេញ​៖ ឯកអគ្គរាជទូត​ថៃ បានលើកឡើង ពី​ការភ្ជាប់​ទំនាក់ទំនង​កម្ពុជា ថៃ តាម​ផ្លូវគោក ដោយ​ក្នុង​នោះ​កាលពី​ពេល​ថ្មីៗ​នេះ ច្រក​ព្រំដែន​ថ្មី​មួយទៀត​បាន​បង្កើត ហើយ​ឆាប់ៗ​ខាងមុខនេះ ប្រទេស​ទាំង​ពីរ​នឹង​បើក​ច្រក​ព្រំដែន​បន្ថែមទៀត ក្នុង​ការសម្រួល​ដល់​ទំនាក់ទំនង​រវាង​ប្រជាជន​ប្រទេស​ទាំង​ពីរ ពិសេស​ការ ផ្លាស់ប្តូរ និង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​កើនឡើង​។​

​នៅ​ពេល​ចូល​ជួប​សម្តែង​ការគួរសម​ជាមួយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តម ផាន់​យ៉ារ៉ាក់ ភុន​ថា​ប់ (Panyarak Poolthup) ឯកអគ្គរាជទូត​ថ្មី នៃ​ព្រះរាជាណាចក្រ​ថៃ ប្រចាំ​នៅ​កម្ពុជា បាន​លើកឡើង​ថា ឯកឧត្តម បាន​តាមដាន​ស្ថានភាព​កម្ពុជា​ជាង​៣០​ឆ្នាំ មកហើយ ដែល​ធ្វើឲ្យ​ឯកឧត្តម​មាន​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ពី​ស្ថិរភាព​នៅ​កម្ពុជា និង​យុទ្ធសាស្ត្រ​ឈ្នះៗ​របស់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។​

​លោក ផាន់​យ៉ារ៉ាក់ ភុន​ថា​ប់ បាន​ចូលជួប​សម្តែង​ការ​គួរ​សម្តេច​ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋ​សភា​។ លោក​បាន​ជម្រាប សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ថា លោក​បាន​បម្រើ​ការងារ​នៅ​ក្រសួង​ការបរទេស​ថៃ​រយៈពេល​៣០​ឆ្នាំ និង​បាន​តាមដាន​សភាពការណ៍​នៅ​កម្ពុជា​រហូតមក ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​យុទ្ធសាស្ត្រ​ឈ្នះៗ​របស់ សម្តេច ហ៊ុន សែន ដែល​បាន​បញ្ចប់​សង្គ្រាម ទាំងស្រុង​នៅ​កម្ពុជា ហើយ​ស្ថិរភាព​កម្ពុជា​បាន​នាំមក​នូវ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ជា​លំដាប់​។​

​ជាមួយគ្នានេះដែរ លោក ឯកអគ្គរាជទូត បាន​គាំទ្រ​និង​ប្តេជ្ញា​ថា នៅក្នុង​បេសកកម្ម​ការទូត​របស់​លោក នឹង​ខិតខំ​ជំរុញ​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មាន​ស្រាប់ ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ទាំង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ។

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​លើកឡើង​ថា ក្នុងនាម​រដ្ឋ​សភា សម្តេច​មាន​មោទនភាព​រីករាយ ដោយ​សង្កេត​ឃើញ​ពី ការ​វិវឌ្ឍន៍​ប្រកបដោយ​ភាព​វិជ្ជមាន នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​រដ្ឋាភិបាល នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ មាន​ការរីកចម្រើន​ឈានដល់ កម្រិត​ខ្ពស់​មួយ​មិន​ធ្លាប់​មាន​ពីមុនមក​។ ការតភ្ជាប់​ផ្លូវ​គមនាគមន៍ ការបើក​ច្រក​អន្តរជាតិ តាម​បណ្តោយ​ព្រំដែន​កាន់តែ​ច្រើន គឺជា​ការតភ្ជាប់​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​សេដ្ឋកិច្ច រវាង​ប្រទេស​ទាំង​ពីរ​ដើម្បី​ការរីកចម្រើន នាំមក​នូវ​វិបុលភាព​សម្រាប់​ប្រជាជន​ទាំង​សងខាង​។​

​សម្តេច​ប្រធានរដ្ឋសភា​បាន​រំលឹកថា កាលពីដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ សម្តេច​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋ​សភា​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច ជា​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​ថៃ​។ នៅក្នុង​នោះ​សម្តេច​ប្រធានរដ្ឋសភា បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក​សាស្ត្រាចារ្យ ផុន​ថេត វិចិត្រឆុល​ឆៃ ប្រធាន​នីតិប្បញ្ញត្តិ​ថៃ និង លោកនាយ​ឧត្តមសេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី ក្នុង​ភាពស្និទ្ធស្នាល និង​រាក់ទាក់​បំផុត​។ “​យើង​បាន​ឯកភាព គ្នា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ជាពិសេស​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ទាំង​ពីរ​ឲ្យ​កាន់តែ​ជិតស្និទ្ធ និង​ស៊ីជម្រៅ​ថែម​ទៀត​”​។​

​ឆ្លៀត​ឱកាស​នោះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ថៃ ដែល​បាន​បង្ក​លក្ខណៈ​ងាយស្រួល ទាំង​លក្ខខ័ណ្ឌ​ការងារ និង​កិច្ច​គាំពារ​ចំពោះ​ពលករ​កម្ពុជា ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​។ “​ខ្ញុំ​សង្ឃឹមថា ក្នុង​អាណត្តិ​ការទូត​ថ្មី​នេះ ឯកឧត្តម​នឹង​បន្ត ធ្វើ​កិច្ច​សហការ​ឲ្យ​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​បណ្តា​ក្រសួង ស្ថាប័ន រដ្ឋបាល​រាជធានី ខេត្ត ក្រុង​នានា​របស់​កម្ពុជា ធ្វើយ៉ាងណា​ឲ្យ​កិច្ចសហប្រតិបត្តិការ កាន់តែ​ស៊ីជម្រៅ និង​ទទួល​ផ្លែផ្កា​កាន់តែច្រើន​” នេះ​ជា​ការគូសបញ្ជាក់​របស់​សម្តេច​ប្រធានរដ្ឋសភា​។​

​ជា​ចុងបញ្ចប់ លោក ផាន់​យ៉ារ៉ាក់ ភុន​ថា​ប់ ឯកអគ្គរាជទូត​ថ្មី នៃ​ព្រះរាជាណាចក្រ​ថៃ ប្រចាំ​នៅ​កម្ពុជា បាន​ជូនពរឲ្យ​ការបោះឆ្នោត​នៅ​កម្ពុជា នា​ខែ​កក្កដា​ខាងមុខនេះ ទទួលបាន​ជោគជ័យ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×