Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការផ្តល់​ការអនុគ្រោះ​បង់ពន្ធ​ប្រថាប់ត្រា តែ​មួយ​ដង​ចំពោះ​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ​ច្រើនដង នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨

spot_img

​ភ្នំពេញ​៖ ការផ្តល់​ការអនុគ្រោះ​ពន្ធ​លើ​ការបង់ពន្ធ​​ប្រថាប់ត្រា​តែ​មួយ​ដង ចំពោះ​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ​ច្រើនដង ដែល​បាន​ចុះបញ្ជី​រួច នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ ក្រោយពី​សម្តេច​តេជោ នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ឯកភាព​ជា​គោលការណ៍ ។ នេះ​បើ​តាម​ការបង្ហាញ​ឲ្យដឹង​ក្នុង​ពិធី​ផ្សា​ព្វ​ផ្សាយ​បន្ត ផ្តល់​អនុគ្រោះ​បង់ពន្ធ​ប្រថាប់ត្រា តែ​មួយ​ដង​​ចំពោះ​ការផ្ទេរ កម្មសិទ្ធិ​អចលនទ្រព្យ​ដែល​បាន​ចុះបញ្ជី​រួច ដែល​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ ។​
​ពិធី​នេះ​ធ្វើឡើង​ដោយ​មាន​វត្តមាន លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោក​កែម សម្បត្តិ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដា និង​មាន​ការចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។​

​លោក​ឃួង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា ដោយ​ពិនិត្យឃើញ​ពី​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ដើម្បី​ជួយ​សម្រួល​ដល់​ម្ចាស់​កម្មសិទ្ធិ​អចលនទ្រព្យ​ចុងក្រោយ ដែល​ពុំមាន​លទ្ធភាព​បង់ពន្ធ​ប្រថាប់ត្រា​ច្រើនដង គ្រប់​ដំណាក់កាល នៃ​ការផ្ទេរ​អចលនទ្រព្យ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ឯកភាព​ជា​គោលការណ៍ ដើម្បី​បន្ត​ផ្តល់​ការអនុគ្រោះ​បង់ពន្ធ​ប្រថាប់ត្រា​តែ​មួយ​ដង លើ​ការផ្ទេរ​កម្មសិទ្ធិ​អចលនទ្រព្យ បន្ត​ដៃ​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់​ច្រើនដង​នៅត្រឹម​ថ្នាក់​សង្កាត់​ខណ្ឌ ។​

​លោក​បញ្ជាក់ថា ចំពោះ​សុពលភាព នៃ​ការអនុវត្ត គឺ​ត្រឹម​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨​ប៉ុណ្ណោះ​។ ដូច្នេះ ក្នុងនាម​យើង​ជា​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​ធ្វើការ ផ្សាព្វផ្សាយ​ឲ្យបាន​ទូលំ​ទូលាយ​ដល់​ប្រជាពលរដ្ឋ​។​

លោក​ឃួង ស្រេង ក្នុងឱកាស​នោះ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ សង្កាត់​បើក​ការប្រជុំ​តាម​ភូមិ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ធ្វើ​លិខិត​ជំនួយស្មារតី​ទៅ​ភូមិ ដើម្បី​ផ្សព្វ​ផ្សា​ទៅ​ប្រជាពលរដ្ឋ សំខាន់​កុំ​ជះ​ទឹក​ដាក់គ្នា យើង​ជ្រក​ក្នុង​តំបូល​តែ​មួយ​ត្រូវ​តែ​រួមគ្នា​ធ្វើ​ការងារ​នេះ​ឲ្យបាន​ល្អ ។ ក្រោយ​ការប្រជុំ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាជន​បាន​ដឹងឮដ​ល់​​កម្រិត​ណា​ហើយ​នោះ អាជ្ញាធរ​ខណ្ឌ ត្រូវ​រាយការណ៍​មក​ក្រុង​វិញ ដើម្បី​យើង​រាយការណ៍ ពី​ការងារ​របស់​យើង​ទៅ​ក្រសួងមហាផ្ទៃ​។​

លោក​ឃួង ស្រេង​បាន​ធ្វើ​ការណែនាំ​ថា កន្លងមកនេះ​មាន​មន្ត្រី​សុរិយោដី​នៅ​ខណ្ឌ វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ​មាន​ការយឺតយ៉ាវ ហើយ​មាន​មន្ត្រី​ខ្លះ​មាន​ការទា​លុយ​គេ​ថែមទៀត ។ លោក បាន​បន្តថា “​បើ​ការទា​លុយ​គេ ចំ​កន្លែង​ក្តៅ​វា​ក្តៅ​ហើយ សូម​ឲ្យ​ប្រយ័ត្នប្រយែង​ខ្លួន ល្មម​ដល់​ពេល​ត្រូវ​លាត់​ជើងខោ ចុះជួយ​ប្រជាពលរដ្ឋ​ហើយ កុំ​បង្ក​ការលំបាកឲ្យ​ប្រជាពលរដ្ឋ​ទៀត​”​។​

លោក​អភិបាល ស្នើ​ឲ្យ​លោក​ចៅសង្កាត់​ចុះ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ ដើម្បី​ចង់​ដឹង​ពី​ការចង់បាន​របស់​​ប្រជាពលរដ្ឋ យើង​ជួយ​ប្រជាពលរដ្ឋ​ឲ្យចំ​គោលដៅ​ដែល​ពួកគាត់​ចង់បាន​។ សម្រាប់​កម្មវិធី​​ថ្ងៃ​នេះ​ចៅសង្កាត់​ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​ឲ្យ​ពួកគាត់​បាន​យល់ដឹង ដើម្បី​អោយ​ពួកគាត់​ទៅ​បង់​ព័ន្ធ​ចុងក្រោយ​។​

​លោក​កែម សម្បត្តិ បាន​មានប្រសាសន៍​លើកឡើងថា អគ្គនាយកដ្ឋាន​ពន្ធដា​រ ជា​សេនាធិការ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​រដ្ឋាភិបាល ក្នុង​ការប្រមូល​ពន្ធ​ដើម្បី​ផលប្រយោជន៍​ថ្នាក់ក្រោម​ជាតិ ដូច្នេះ​ថ្នាក់ក្រោម​ជាតិ​ត្រូវ​ប្រឹងប្រែង ដើម្បី​បាន​លុយ​មក​អភិវឌ្ឍ​មូលដ្ឋាន​របស់​ខ្លួន ។ ការប្រមូល​ពន្ធ​ត្រូវ​បង្ក​ភាពងាយស្រួល​ឲ្យ​ពួកគាត់ នៅ​ពេល​ពួកគាត់​មក​បង់​ព័ន្ធ​និង​ធ្វើឲ្យ​អស់​សក្តានុពល និង​ជំរុញ​ដាក់​សេចក្តីប្រកាស់​ទៅ​ដល់​អ្នក​ជាប់ពន្ធ ។​

លោក​បន្ត​ទៀត​ថា អគ្គនាយកដ្ឋាន​ពន្ធដា​រ​ ​បាន​ធ្វើឲ្យមាន​ភាពងាយស្រួល ឲ្យ​អ្នកបង់ពន្ធ រួច​ហើយ​ដែរ ដូចជា​ការបង់​ព័ន្ធ​តាម​ធនាគារ​ជាដើម​។ ការងារ​នេះ​យើង​សម្រេចបាន​ជោគជ័យ​៦​ឆ្នាំ​ជាប់​គ្នា ជាមួយនឹង​ការប្រមូល​ព័ន្ធ​បាន​កើនឡើង​រហូត​។ ទាំងនេះ​បានការចូល រួម​ពី​អាជ្ញាធរ​មូលដ្ឋាន និង​បងប្អូន​​ប្រជាពលរដ្ឋ​ភ្ញាក់រលឹក​។ លោក បានបញ្ជាក់​ថា នៅ​ភ្នំពេញ​ចំណូល​ពន្ធ​ប្រមូល បាន​ច្រើនជាងគេ ពោល​គឺ​មាន​រហូត​ទៅ​ដល់​៩៣​ទៅ​៩៤​ភាគរយ​ឯណោះ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×