Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ផ្អាក​ជួប​ជាមួយ​កម្មករ មួយរយៈ នៅ​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​

spot_img

​ភ្នំពេញ​៖ សម្តេច​តេជោ​នាយករដ្ឋមន្ដ្រី​កម្ពុជា បានប្រកាស​ផ្អាក​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ មួយរយៈ​នៅ​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដែល​កំណត់ដោយ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ហើយ​នៅពេល​ក្រោយ​ពេល​បញ្ចប់​ការបោះឆ្នោត សម្តេច​តេជោ នឹង​បន្ត​ចុះ​ជួប​ជាមួយ​កម្មករ​បន្ត​ទៀត ប្រសិនបើ​សម្តេច នៅតែ​ជាប់ឆ្នោត ធ្វើ​ជា​នាយករដ្ឋមន្ត្រី ក្នុង​អាណត្តិ​ក្រោយៗ​ទៀត​។​

​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី មកពី​ស្រុក​កោះធំ និង​ស្រុក​ស្អាង ខេត្តកណ្តាល​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា ការធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត គ​.​ជ​.​ប មិន​អនុញ្ញាត​ឲ្យមាន​ការ​ផ្ដ​ល់​ជំនួយ​អ្វី​ផ្សេងៗ​នោះទេ ដូច្នេះ​បើ​សម្តេច​បន្ត​ចុះ​ជួប​កម្មករ កម្មការិនី​នៅ​អំឡុងពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត ហើយ​មាន​ការផ្ដល់​ថវិកា​ជូន​កម្មករ​នោះ នឹងត្រូវ គ​.​ជ​.​ប ផាកពិន័យ​តាម​ច្បាប់​។​

“​នៅ​ថ្ងៃនេះ​យើង​បាន​បន្ត​ដំណើរ​ឈាន​ឆ្ពោះ​ទៅ​ជួប​កម្មករ នៅក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស ។ ពិត​ហើយ​នៅសល់​ប៉ុន្មាន​ថ្ងៃ​ទៀត ក្នុងជំនួប​ប៉ុន្មាន​លើក​ទៀត​ប៉ុណ្ណោះ នឹង​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន ក្នុង​យុទ្ធនាការ​បោះឆ្នោត ប៉ុន្តែ​បន្ទាប់ពី​ការបោះឆ្នោត​បញ្ចប់ ខ្ញុំ​នឹង​ត្រូវ​បន្ត​ដើរ​ជួប​កម្មករ នៅក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស ហើយ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​រួច​មក​ហើយ​នោះ នៅត្រង់ថា នៅក្នុង​អាណត្តិ​ដែល​ខ្ញុំ​នឹង​ត្រូវ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បន្ត​ទៀត​នោះ ការងារ​ទាក់ទង​ជាមួយ​កម្មករ​នេះ ត្រូវ​បន្ត​ធ្វើ​មិនចេះចប់ ។​

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ត្រូវ​ផ្អាក​សិន ព្រោះ​គេ​ហាម​ក្នុង​ការផ្ដល់​ជំនួយ​។ ឧទាហរណ៍​ស្ដ្រី​មាន​ផ្ទៃពោះ​ដែល​ពូ​ត្រូវ​ដើរ​ចែក​មួយកញ្ចប់ៗ​ម្នាក់​នោះ គឺ​បើ​ហ៊ាន​ចែក​នោះ​គេ​ផាក​ភ្លាម​តែ​ម្ដង អ៊ីចឹង​ពូ​ត្រូវ​ទទួល​ទណ្ឌកម្ម​ដាក់ចេញ​ដោយ​ច្បាប់ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​តម្រូវ​”​។​សម្ដេច​តេជោ ហ៊ុន សែន មានប្រសាសន៍​បន្ថែម​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងថា ដរាបណា​សម្តេច នៅ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី សម្តេច​នៅតែ​បន្ត ចុះ​ជួប​ជាមួយ​កូន​ក្មួយ កម្មករ​កម្មការិនី​យើង ជា​បន្តបន្ទាប់​ទៀត និង​គ្រប់​ទីកន្លែង​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អរគុណ​ដល់​ម្ចាស់​រោងចក្រ ទាំងអស់ ដែល​បាន​ផ្តល់ឱកាស ឲ្យ​កូន​ក្មួ​យក​ម្មករ​កម្មករិនី បាន​សម្រាក​ជួប​សំណេះសំណាល ជាមួយ​សម្តេច​តេជោ ដោយ​ទទួលបាន​ប្រាក់​ឈ្នួល​ពេញ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា កម្ពុជា​ពិតជា​មាន​មោទនភាព ចំពោះ​ការរីកចម្រើន កើនឡើង​នូវ​បណ្តា​រោងចក្រ សហ​គ្រា ឧស្សាហកម្ម ជា​បន្តបន្ទាប់​។ បច្ចុប្បន្ន​នេះ​តាម​ក្រសួង​ការងារ​បានឲ្យដឹង​ថា​មាន​រោងចក្រ សហ​គ្រា ដែល​បាន​ចុះបញ្ជីរ​ប្រមាណ ១២០០០ រោងចក្រ ស​គ្រាស និង​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ប្រមាណ​ជិត​៦០​ម៉ឺន​ទីកន្លែង​។ ការពង្រីក​រោងចក្រ តាម​បណ្តាល​ខេត្ត​នានា គឺជា​គោលនយោបាយ​មួយ របស់​រាជរដ្ឋាភិបាល ក្នុង​ការជំរុញ​វិស័យ​ឧស្សាហកម្ម ២០១៥-២០២៥ ហើយ​ការពង្រីក​និង​ពង្រាយ​រោងចក្រ នៅ​គ្រប់​ទីកន្លែង គឺ​ដូចគ្នា​ទៅ​នឹង​ការពង្រាយ​សាលារៀន ឲ្យមាន​នៅ​គ្រប់​ទីកន្លែង សម្រាប់​កូនចៅ​ប្រជាពលរដ្ឋ រៀនសូត្រ ដែល​បច្ចុប្បន្ន​យ៉ាងហោចណាស់ មួយ​ឃុំ​មាន​វិទ្យាល័យ​១ ហើយ​កំពុង​ជំរុញ​ធ្វើយ៉ាងណា ខេត្ត​មួយ ត្រូវ​មាន​សាកលវិទ្យាល័យ​១​។​

​ជាថ្មី​ម្តងទៀត​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ឲ្យ​កម្មករ​កម្មការិនី និង​ប្រជាពលរដ្ឋ​ទាំងអស់ យល់​អំពី​តម្លៃ​នៃ​សន្តិភាព ព្រោះ​អ្វីៗ​ដែល​កើត​មាន​សព្វថ្ងៃនេះ គឺ​កើតឡើង​ដោយ​សុខសន្តិភាព ដែល​នាំមក​នូវ​ការអភិវឌ្ឍ ហើយ​សន្តិភាព​នេះ​មានតែ គណបក្ស​ប្រជាជន​កម្ពុជា តែ​មួយ​ប៉ុណ្ណោះ​ដែល​បាន​រក្សា និង​ផ្តល់ឲ្យ​ប្រជាពលរដ្ឋ រហូតមកដល់​សព្វថ្ងៃ​នេះ​។ ទន្ទឹមនឹងនេះ​ដែរ សម្តេច​តេជោ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​គាំទ្រ និង​បន្ត​បោះឆ្នោត ជូន​គណបក្ស​ប្រជាជន​កម្ពុជា ជា​បន្ត​ទៀត ដើម្បី​រក្សា​សន្តិភាព និង​ការអភិវឌ្ឍ​។​

​ទន្ទឹមនឹងនោះ​ដែរ សម្តេច​តេជោ មានការ​សប្បាយចិត្ត​ដែល គណបក្ស​ប្រជាជន ចាប់​បាន​លេខ​រៀង​ទី​២០​។ នេះ​ជា​លេខ​រៀង ដ៏​ល្អ​ដែល​ងាយស្រួល ធ្វើឲ្យ​ពលរដ្ឋ​ស្រួល​ចាំ ស្រួល​គិត ស្រួល​គូស ហើយ​នេះ​ជា​លេខ​រៀង ចុងក្រោយ​គេ (​កូនពៅ​)​។ ម្យ៉ាងវិញទៀត លេខ​រៀង​ទី​២០ គឺ​ប៉ះចំ​ឆ្នាំ​ខួប​លើក​ទី​២០ នៃ​ការបញ្ចប់​សង្គ្រាម​ទាំងស្រុង​នៅ​កម្ពុជា​។ កម្ពុជា​នឹង​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ អបអរសាទរ​ដ៏​ធំ​មួយ នៅ​វិមាន​ឈ្នះ​-​ឈ្នះ​ក្នុង​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៨​ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×