Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ច​ប្រជុំ​គណៈ​បញ្ជា​ការ​ឯក​ភាព​រាជ​ធានី អំពី​ការ​ពារ​សន្តិ​សុខ​ក្នុង​ការ​បោះ​ឆ្នោត និង​ការ​ទប់​ស្កាត់​បទ​ល្មើស​គ្រប់​ប្រភេទ រៀប​ចំ​ស​ណ្តាប់​ធ្នាប់​ផ្លូវទាំង​១១​ខ្សែ

spot_img

ភ្នំពេញ ៖ គណៈ​បញ្ជា​កា​រឯក​ភាព​រាជ​ធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​មួយដើម្បី​ពង្រឹង​សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ការ​ពង្រឹង​លើ​ការ​រៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅលើផ្លូវធំៗទាំង១១ខ្សែ បញ្ហាអគ្គិភ័យ ពិសេសគឺផ្តោតសំខាន់ លើកិច្ចការពារសន្តិសុខ សុវត្ថិ​ភាព ក្នុង​ការ​បោះឆ្នោត ដែល​នឹងប្រព្រឹត្តទៅ​នាពេល​ខាងនេះ។

កិច្ចប្រជុំនេះធ្វើឡើងនៅរសៀលថ្ងៃទី៣០ ឧសភា២០១៨នេះ ក្រោមអធិបតីភាពលោកឃួង ស្រេង ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជ​ធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលរងរាជធានី លោករ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកជួន សុវណ្ណ អគ្គស្នងការនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អភិបាលខណ្ឌទាំង១២ ព្រម​ទាំង​មន្ទីរ​ចំណុះ​ឲ្យរដ្ឋបាល​រាជ​ធានីភ្នំពេញ​ទាំង​អស់ផង​ដែរ។

លោកឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការបើកកិច្ចប្រជុំនេះឡើង គឺដើម្បី​ពង្រឹង​បន្ថែមទៅលើបញ្ហា កិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញឲ្យកាន់តែប្រសើរឡើង និង​ការផ្ទៀង​ផ្ទាត់​ឡើង​វិញ ជុំវិញលើការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅលើផ្លូវធំៗទាំង១១ខ្សែ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ដាក់ចេញ​ជាផែនការ​ជាអាទិភាពនាពេលកន្លងមកនេះ ។

ក្នុងអង្គប្រជុំនោះលោកជួន សុវណ្ណស្នងការរាជធានីភ្នំពេញ ក៏បានរាយការណ៍ពីផែនការ ក្នុងកិច្ចការពារសន្តិសុខ សុវត្តិភាព សណ្តាប់​ធ្នាប់ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ នៅក្នុងរាជធានីភ្នំពេញ។ ក្រៅពីនេះ លោកអភិបាល​ខណ្ឌ​ទាំង១២​ក៏​បាន​​លើកឡើងពីសភាពការណ៍ចោរ លួច ឆក់ ប្លន់ ល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លូននីមួយៗផងដែរ ដើម្បី​រិះរកគ្រប់​មធ្យោ​បាយ​​ធ្វើយ៉ាងណាឲ្យភូមិសង្កាត់មានសុវត្ថិភាព បង្កើតឲ្យបានភាពកក់ក្តៅជូនប្រជាពលរដ្ឋ។

លោកម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះថា លោកអភិបាលបានណែនាំដល់អាជ្ញាធរខណ្ឌទាំង១២ រួមនឹងជំនាញពាក់ព័ន្ធទាំងអស់ ត្រូវ​ចុះរៀបចំ​សណ្តាប់​​ធ្នាក់ចាប់តាំងពីពេលនេះតទៅរហូតដល់ពេលបោះឆ្នោត។ លោកបានបន្តថា លោកអភិបាលរាជធានីភ្នំពេញ បានជំរុញ​ដល់​អាជ្ញាធរខណ្ឌ មន្ទីរ ពាក់ព័ន្ធត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញសិទ្ធិ ឬក៏ការ​ប្រើ​ប្រាស់សិទ្ធិ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ក្នុងការបោះឆ្នោត។

លោកអ្នកនាំពា្យ បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះក៏បានលើកឡើងអំពីផ្លូវ១១ខ្សែ ដែលក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ​ ដែល​អាជ្ញាធររាជធានី បានប្រគល់សិទ្ធិរៀបចំដល់អាជ្ញាធរខណ្ឌជាអ្នកទទួលខុសត្រូវនោះ មានវឌ្ឍនភាពល្អប្រសើរផងដែរ លើក​លែង​តែ​ទីតាំង មួយចំនួនពិបាកក្នុងការៀបចំ ដូចជានៅតាមផ្លូវ២៧១ ម្តុំមុខពេទ្យរុស្ស៊ី ផ្លូវសហព័ន្ធរុស្ស៊ី ខាងមុខក្រសួងការងារ និង​នៅតាម​បណ្តា​​ទីតាំងអាជីវកម្មមួយចំនួនដែល ។ លោកបានបញ្ជាក់ថា ម្ចាស់អាជីវកម្មទាំងនោះបានចូលរួមជាមួយអាជ្ញាធរ ប៉ុន្តែ​នៅ​មាន​ប្រជា​ពលរដ្ឋមួយចំនួនទៀត នៅតែមិនទាន់បានសហការបានល្អនៅឡើយ។ ការងារនេះថ្នាក់ដឹកនាំក៏បានពិគ្រោះ និង​ពិភាក្សា​គ្នានៅ​ក្នុង​អង្គប្រជុំ ជំរុញឲ្យមានការយកចិត្តទុកដាក់លើការងារនេះបន្ថែមទៀត។

ជាពិសេសនៅលើទីតាំង ដែលមានការកកស្ទះខ្លាំងតែម្តង ដែលកើតឡើងចេញពីបញ្ហា សណ្តាប់ធ្នាប់តាមដងផ្លូវនេះ។ អង្គប្រជុំ បានពិភាក្សាបន្ថែមទៀត ទៅលើបញ្ហាចោរកម្ម លួច ឆក់ប្លន់ ល្បែងស៊ីសង និងបញ្ហាអគ្គិភ័យផងដែរ ដោយក្នុងនោះបញ្ហាចោរកម្ម លួច​ឆក់​ប្លន់ ហាក់បីដូចជាមានការថមថយល្អប្រសើរជាងមុន ដោយសារតែទាំងសមត្ថកិច្ច និងរួមអាជ្ញាធរមូលដ្ឋាន រួមគ្នារឹត​បន្តឹង​ការងារសន្តិសុខនេះបានល្អប្រសើរ ហើយនឹងបន្តការងារនេះ ដើម្បីផ្តល់នូវសន្តិសុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋបន្ថែមទៀត ។ ចំណែកបញ្ហាគ្រោះអគ្គិភ័យ ដែលគ្រោះកើតឡើងដោយចៃដន្យ ដោយគ្មានគ្រោងទុក ឬគ្មាននរណាម្នាក់ចង់ឲ្យកើតឡើងនោះទេ​ដែល​ក្នុងមួយ​រយៈចុងក្រោយនេះ​មានបញ្ហា​គ្រោះអគ្គិភ័យ​តូចៗ​កើតឡើងច្រើនផងដែរ ។ បញ្ហានេះលោកអភិបាល បាន​ណែនាំ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធត្រូវពិភាក្សបន្ថែមទៀត ហើយមួយរយៈពេល ទទួលបានការសាទរពីសំណាក់ប្រជាពលរដ្ឋ ក្នុងការ​អន្តរាគមន៍​ជួយ​សង្រ្គោះក្នុងគ្រោះអគ្គិភ័យ បានន័យថា អគ្គិភ័យកើតឡើង ប៉ុន្តែចំណាត់ការរបស់អាជ្ញាធរ មានប្រសិទ្ធភាពខ្ពស់ជាងមុន ដែល​អាច​លុបបំបាត់ចោល នូវពាក្យថានៅពេលដែលក្រុមអគ្គិភ័យ ទៅជួយសង្រ្គោះនោះ តែងតែមានបញ្ហាអីចេះបញ្ហាអីចុះ មុន​ពេល​ចាប់​ផ្តើម​បាញ់ពន្លត់ភ្លើង អីចឹងទេ រូបភាពទាំងអស់នោះ ត្រូវបានលុបបំបាត់ចេញ ពីសតិអារម្មណ៍របស់ប្រជាពលរដ្ឋ​និងក្រុមពន្លត់អគ្គិភ័យ ស្ទើរ​តែ​ទាំងស្រុងហើយ ។ ចំណែកល្បែងស៊ីសងខុសច្បាប់ លោកអភិបាល បានណែនាំឲ្យបន្តយកចិត្តទុកដាក់បង្រ្កាប​ ដោយ​ទីតាំង​ខ្លះមានច្បាប់ទម្លាប់ត្រឹមត្រូវ ក៏ត្រូវតែចុះអនុវត្តន៍ថាតើពួកគាត់អនុវត្តន៍បានត្រឹមត្រូវដែរឬទេ ។ ការអនុវត្តមានតែក្នុងក្រដាស ប៉ុន្តែ​ការអនុវត្តជាក់ស្តែងមិនបានត្រឹមត្រូវនោះទេ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×