បន្ទាប់វិលត្រឡប់ចូលសិល្បៈលើកនេះ តារាជើងចាស់ដ៏ល្បីល្បាញនាអំឡុងឆ្នាំ ២០០៥ លោក ហេង ប៊ុនលាភ បានបង្ហាញឱ្យឃើញពីភាពមានបានរបស់ខ្លួន មានដូចជារថយន្តទំនើប ផ្ទះវីឡា និងអចលនៈទ្រព្យដ៏មានតម្លៃជាច្រើនកន្លែងទៀត ហើយមកដល់ពេលនេះ ម្ចាស់បទ «ទឹកភ្នែកស្វាមី ស្រីឡង់សេ» ខាងលើ បានប្រកាសលក់អចលនៈទ្រព្យទាំងនោះ ដែលមានតម្លៃខ្ទង់រាប់សិបសែនដុល្លារឯណោះ ។
អចលនៈទ្រព្យ ដែលលោក ហេង ប៊ុនលាភ ប្រកាសលក់រួមមាន ដី ផ្ទះវីឡាកូនកាត់នៅ ខេត្តសៀមរាប ដីចម្ការនៅតំបន់ទេសចរណ៍ភ្នំកូនសត្វ ខេត្តកំពត និងដីចម្ការនៅ ខេត្ត កំពង់ស្ពឺ ដែលលោកបានចំណាយលុយទិញរយៈពេលយូរណាស់មកហើយ ។
តួឯកប្រុសនៅរឿង «មរណៈមេតា» រូបនេះផងដែរបានបង្ហើបឱ្យដឹងថា សម្រាប់ការប្រមូលលក់អចលនៈទ្រព្យទាំងអស់នេះគឺលោកចង់បានលុយយកទៅបើកអាជីវកម្មធំមួយ នៅក្នុងខេត្តសៀមរាប នោះគឺផ្ទះសំណាក់ ប៉ុន្តែលោកមិនបានបង្ហើបឱ្យដឹងពីទំហំទឹកប្រាក់ឡើយ ដោយគ្រាន់តែនិយាយថា មិនដឹងជាអស់ប៉ុន្មានឡើយ ព្រោះទើបតែលក់ដី និងផ្ទះ ។ សម្រាប់អាជីកម្មនេះដែរ លោកបានឱ្យដឹងថែមទៀតថា នឹងបើកក្នុងពេលឆាប់ៗនេះ ៕ សាវុធ