Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វាយ​កម្ទេចចោល របង​ដែល​លោក​ឧកញ៉ា សុខ ហេង សាងសង់​រំលោភ​ផ្លូវ​សាធារណៈ​ទាំង​កម្រោល​

spot_img

​ភ្នំពេញ ​៖ ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ទៅ​វាយ​កម្ទេច លោក​ឧកញ៉ា សុខ ហេង បាន​សាងសង់​របង​ថ្ម​មួយកន្លែង​រំលោភ​យក​ចំណី​ផ្លូវ​សាធារណៈ មិន​ស្ដាប់​តាម​ការណែនាំ និង​ការហាមឃាត់​របស់​អាជ្ញា​ធរ​សង្កាត់ និង​ខណ្ឌ​ដែល​បាន​ចុះ​រារាំង​មិន​ឲ្យ​សាងសង់​ក្នុង​ពេល​កន្លងមក​។​ប្រតិបត្តិការ​ខាងលើនេះ បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ នៅតាម​ផ្លូវ​លេខ​១០៧ ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​កម្លាំង​ដោយ​លោក សេង គន្ធ អភិបាលរង​ខណ្ឌ​ពោធិ​សែន​ជ័យ ។​

ក្នុងនោះ​លោក សេង គន្ធ បានឲ្យដឹងថា របង​ថ្ម​ដែល​ត្រូវ​វាយ​កម្ទេច​ចោល​នាពេលនេះ មាន​ទទឹង​ប្រវែង​៦​ម៉ែត្រ និង​បណ្ដោយ​ជាង​៦៥​ម៉ែត្រ កម្ពស់​ជាង​២​ម៉ែត្រ ដែល​លោក​ឧកញ៉ា សុខ ហេង បាន​រឹងទទឹង​សាងសង់​រំលោភ​យក​ចំណី​ផ្លូវ​សាធារណៈ ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ទាំង​គ្មាន​ការទទួលស្គាល់ និង​ឯកភាព​ពី​សំណាក់​អាជ្ញាធរ ខណ្ឌ សង្កាត់ និង​ភូមិ​ឡើយ​។​លោក​អភិបាលរង​ខណ្ឌ​រូបនេះ បាន​បន្តទៀតថា កំណាត់​ផ្លូវ​ខាងលើនេះ ត​ភ្ជាប់​ពី​មហាវិថី​សហព័ន្ធរុស្ស៊ី ភូមិ​ក្បាលដំរី​២ ឆ្ពោះ​កាន់​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​២ មាន​ប្រវែង​ជាង​២​គីឡូម៉ែត្រ​។ ហើយក៏​ជា​គម្រោង​ផ្លូវ​ចាក់​ក្រាល​បេតុង ដែល​ឧបត្ថម្ភ​ដោយ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ផង​ដែរ​។​

គួរបញ្ជាក់​ថា​៖​លោក​ឧកញ៉ា សុខ ហេង បាន​សាងសង់​រំលោភ​យក​ទាំង​កម្រោល ហើយ​អាជ្ញាធរ​បាន​ចុះ​ហាមឃាត់ តាំងពី​ពេល​ចាប់ផ្ដើម​សាងសង់​ដំបូង​ម្ល៉េះ ប៉ុន្តែ​មិន​ព្រមស្ដាប់​រហូត​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជូនដំណឹង​ឲ្យ​រុះរើ ក៏​មិន​ព្រម​ទៀត ទើប​ពេលនេះ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ បាន​ប្រើ​វិធានការ​ក្តៅ យក​គ្រឿងចក្រ​ទៅ​វាយ​កម្ទេចចោល​តែម្ដង​។​ក្រៅពីនេះ ក៏​នៅ​មាន​រោង​ដាក់​កង់​ម៉ូតូ​១​ខ្នង មាន​ទទឹង​៦​ម៉ែត្រ និង​បណ្ដោយ​ជាង​១០០​ម៉ែត្រ ដែល​រោងចក្រ​កាត់ដេរ​មួយ​បាន​សង់​រំលោភ​យក​ដែរ ហើយ​ពេលនេះ អាជ្ញាធរ​ទុកពេល​ឲ្យ​១៥​ថ្ងៃ ដើម្បី​រុះរើ​បើ​មិន​ដូច្នេះ​ទេ នឹង​ត្រូវ​វាយ​កម្ទេចចោល​តែម្ដង​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

  

spot_img
×