Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​រាយ​ខ្សែភ្លើង​ឆក់​សត្វ​កណ្ដុរ​បែរជា​ឆក់​មនុស្ស​ស្លាប់​ម្នាក់​

spot_img

​កណ្ដាល ៖ មាន​ករណី​មនុស្សឃាត​ដោយ​អ​ចេតនា រាយ​ខ្សែលួស​ឆក់​កណ្តុរ ឆក់​អ្នកដទៃ​ស្លាប់ នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ កាលពី​ម៉ោង​៣​ទៀប​ភ្លឺ នៅ​ចំណុច​ដីស្រែប្រាំង​មួយកន្លែង របស់​ឈ្មោះ​ស៊ឹម ម៉ាប់ ក្រោយ​ភូមិ​ឈើទាល​ភ្លោះ ឃុំ​ស្វាយ​អំ​ពារ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល​។​

​លោក​ព្រុំ សំណាង អធិការ​ប៉ូលិស​ស្រុក​មុខកំពូល បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ វ៉ា​យ ទឹម ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ នៅ​ភូមិ​ឈើ​ទាល​ភ្លោះ ឃុំ​ស្វាយ​អំពា ស្រុក​មុខកំពូល ខេត្ត​កណ្ដាល មុខរបរ​កសិករ​(​ស្លាប់​) ។ ចំណែក ជនសង្ស័យ​ឈ្មោះ​ស៊ឹម ម៉ាប់ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ នៅ​ភូមិ​ឈើទាល​ភ្លោះ ឃុំ​ស្វាយ​អំ​ពារ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល មុខរបរ​កសិករ (​ឃាត់ខ្លួន​)​។​

លោក​​អធិការ​បន្ត​ទៀត​ថា ចំពោះ​វត្ថុតាង​ចាប់យក អាគុយ​ម៉ាក BB N70L​ចំនួន​មួយ​អាំង​វរ័​ទរ័ ១​គ្រឿង ខ្សែលួស​ពណ៌​ស​ប្រវែង​១២០​ម៉ែត្រ និង​ជ​ន្ទុ​ល​ឫស្សី​ខ្លីៗ​មួយចំនួន​។​

​លោក​អធិការ​បន្ត​ទៀត​ថា កាលពី​ខែ​មេសា ឆ្នាំ​២០១៨ ជនសង្ស័យ​បាន​ទៅ​ព្រោះស្រូវ នៅ​ចំណុច​កើតហេតុ (​ដីស្រែប្រាំង​របស់​ឪពុកក្មេក​) នៅ​ក្រោយ​ភូមិ​ឈើទាល​ភ្លោះ ឃុំ​ស្វាយ​អំ​ពារ​។ ក្រោយ​ពី​ព្រោះស្រូវ​ហើយ បាន​រយៈពេល​១​ខែ​ក្នុង​ខែ​ឧសភា ស្រូវ​ដុះ​បាន​កម្ពស់​៣​តឹក ជនសង្ស័យ​បាន​ចាប់ផ្ដើម​រាយ​លួស (​ឧបករណ៍​ឆក់​សត្វ​កណ្ដុរ​) ជុំវិញ​ដី​ស្រូវ​ទំហំ​១២​គុណ​នឹង​១៨០​ម៉ែត្រ ក្នុង​គោល​បំណង​ការពារ​សត្វ​កណ្ដុរ​កុំ​ឲ្យ​ស៊ី​ស្រូវ​គាត់ ដោយ​មាន​ដាក់​ឈើ​ខ្វែង និង​ស្បោង​កៅស៊ូ ជា​សម្គាល់ឲ្យ​គេ​ដឹង​ផង​ដែរ​។ ចំពោះ​ការ​រាយ​ឧបករណ៍​ឆក់​សត្វ​កណ្ដុរ​នេះ ជនសង្ស័យ​រាយ​តែ​ពេល​យប់ ចាប់ពី​ម៉ោង​១៨​ដល់​ម៉ោង​៥​ទៀប​ភ្លឺ ដោយ​ជនសង្ស័យ​នៅ​ដេកចាំ​ផងដែរ​។​
​លុះ​នៅ​ថ្ងៃ​៣០​ខែ​ឧសភា ឆ្នាំ​២០១៨ ម៉ោង​១៨ ជនសង្ស័យ​បាន​យក​អាគុយ​៧០​អំ​ពែ ម៉ាក​BBC និង​អាំង​វ័រ​ទ័រទៅ​រាយ​ឆក់កណ្ដុរ​នៅ​កន្លែងកើតហេតុ លុះដល់​ម៉ោង​១០​យប់ មេឃ​ភ្លៀង​ជនសង្ស័យ​បាន​សា​ឧបករណ៍​ឆក់​ទាំងនោះ​មក​ផ្ទះ​វិញ​។ លុះដល់​ម៉ោង​២ ថ្ងៃទី​៣១​ខែ​ឧសភា​ឆ្នាំ​២០១៨ ជនសង្ស័យ​បាន​យក​ឧបករណ៍​ទៅ​រាយ​ឆក់​កណ្ដុរ​បន្តទៀត ក្រោយ​ពី​រាយ​រួច​បាន​ប្រហែល​១​ម៉ោង ជនសង្ស័យ​បាន​ដើរ​រើស​សត្វ​កណ្ដុរ ស្រាប់តែ​ឃើញ​ជនរងគ្រោះ ដើរ​មក​មើល​ស្រូវ​សន្ទូង​របស់ខ្លួន ដែល​នៅ​ជាប់​ព្រំ​ដី​ជន​ស្ស័​យខាង​ជើង ពេល​នោះ​ជនសង្ស័យ​ឃើញ​ជនរងគ្រោះ​ដើរ​ចូលមក ហើយ​ស្រែក​ប្រាប់​ថា (​ខ្ញុំ​មិន​ទាន់​ដោះ​អាគុយ​ទេ​) តែ​ជនរងគ្រោះ​ស្ដាប់​មិនឮ នៅតែ​ដើរ​ចូល​មក​បន្តទៀត ជិត​ដល់​ខ្សែលួស ជនសង្ស័យ​ភ័យ​ក៏​ស្ទុះ​រត់​ទៅ​ដោះ​ដង្គៀប ចេញពី​ក្បាក​អាគុយ រួច​ងាក​ទៅ​មើល​ឃើញ​ជនរងគ្រោះ​ឆក់​ដួល​បាត់ទៅហើយ បន្ទាប់​មក​ជនសង្ស័យ បាន​មក​ជួយ​ធ្វើ​ចលនា​ឲ្យ​ជនរងគ្រោះ​ដែរ តែ​ជនរងគ្រោះ​ស្លាប់​បាត់​ហើយ​។ រហូតដល់​ម៉ោង​៦​ព្រឹក​កូន​ជនរងគ្រោះ និង​បងប្អូន ក្នុងភូមិ​បាន​នាំគ្នា​យក​សព​ជនរងគ្រោះ មក​តម្កល់ទុក​នៅ​ផ្ទះ​ជនរងគ្រោះ ហើយ​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍​ស្វាយ​អំពារ​តែម្តង​។​

កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​ប៉ុស្តិ៍​និង​អជ្ញាធរ​មូលដ្ឋាន ចុះ​ដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​ពិនិត្យ​កន្លែងកើតហេតុ និង​សាកសព​ឃើញថា កន្លែងកើតហេតុ​មាន​ការប្រែប្រួល ចំពោះ​សាកសព ពិនិត្យ​ឃើញ​មាន​ស្លាកស្នាម នៅលើ​បាតដៃ​ខាងស្ដាំ មាន​ស្នាម​ខ្លោច​ប្រវែង​៧ សង់ទីម៉ែត្រ និង​ចង្អុល​ដៃស្ដាំ​មាន​ស្នាម​រយះ​ខ្លោច​ប្រវែង​៣ សង់ទីម៉ែត្រ​។ ក្រៅ​ពី​ស្លាកស្នាម​ខាងលើ ពុំ​បាន​ពិនិត្យឃើញ​មាន​ស្លាកស្នាម​អ្វី​ទៀត​ឡើយ​។ តាម​ការសន្និដ្ឋាន​និង​វាយតម្លៃ​ឃើញថា ជនរងគ្រោះ ពិតជា​ស្លាប់​ដោយសារ​ឆក់​ចរន្តអគ្គិសនី (​ឧបករណ៍​ឆក់​សត្វ​កណ្ដុរ​) បណ្ដាលឲ្យ​ស្លាប់​ពិតប្រាក​ដ​មែន​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×