Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រី​កសិកម្ម​កម្ពុជា ស្នើ​ប្រទេស​ថៃ ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​

spot_img

ភ្នំពេញ​៖ លោក​រដ្ឋមន្ត្រី​កសិកម្ម​កម្ពុជា​សង្ឃឹម​និង​ជឿជាក់ថា ប្រទេស​ថៃ​នឹង​បន្ត​ការគាំទ្រ ផ្តល់​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​រឹងមាំ និង​ល្អប្រសើរ​ថែម​ទៀត ពិសេស​ការធ្វើ​ពាណិជ្ជកម្ម ជាពិសេស​លើ​វិស័យ​កសិកម្ម​។​

​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ថ្លែង​បែប​នេះ​ក្នុងជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយ​លោក Panyarak Poolthup ឯកអគ្គរាជទូត​ប្រទេស​ថៃ​ប្រចាំ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែ​ឧសភា​នេះ​នា​ទីស្តីការក្រសួង ក្នុង​គោលបំណង​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស​លើ​វិស័យ​កសិកម្ម​។​

​លោក វេង សាខុន បាន​ថ្លែងថា រាជរដ្ឋាភិបាល​ថៃ ដែល​កន្លងមក​បាន​ជួយ​គាំទ្រ និង​ផ្តល់​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ជា​ពិសេស​​វិស័យ​កសិកម្ម ក្នុងនោះ​មាន​កិច្ចសហប្រតិបត្តិការ លើ​ការងារ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ការបណ្តុះបណ្តាល​ធនធាន មនុស្ស​ទាក់ទង​និង​វិស័យ​កសិកម្ម ការទទួល​ទិញ​កសិផល​កម្ពុជា ពិសេស​ផលិតផល​ដំឡូង​មី​។​ល​។​

​ក្នុងឱកាស​នោះ ឯកអគ្គរាជទូត​ថៃ បាន​មើលឃើញ​ពី​ការរីកចម្រើន របស់​ប្រទេស​កម្ពុជា ដែល​ក្នុងនោះ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ គ្រប់បែប​យ៉ាង​ដែល​ជា​ចលករ​មួយ​ដ៏​សំខាន់ ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច របស់​កម្ពុជា តាមរយៈ​ការនាំចេញ​ផលិតផល និង​កសិផល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។ លោក​ឯកអគ្គរដ្ឋទូត​បាន​សន្យាថា នឹង​ខិតខំ​អស់​លទ្ធភាព ធ្វើយ៉ាងណា​ជួយ​ជំរុញ ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន់​តែ​ល្អ ប្រសើរ​មួយ​កម្រិត​ទៀត​។​

​ភាគី​ទាំងពីរ​បាន​លើកយក ប្រធានបទ​សំខាន់ៗ មួយចំនួន​មក​ពិភាក្សា​ដូចជា​៖​ទី​១៖ កិច្ចសហប្រតិបត្តិការ​លើ​ការកំណត់ តំបន់​ដាំ​ដុះ​ឲ្យបាន​សមស្រប​តាម​ស្ថានភាព គុណភាព​ដី ប្រភេទ​ពូជ ភាពអំណោយ​ផល​នៃ​ទឹក និង​ការ​​ប្រែប្រួល​អាកាសធាតុ ដែល​ប្រទេស​ថៃ ធ្លាប់មាន​បទពិសោធន៍​កន្លងមក​។​ទី​២៖ ការគ្រប់គ្រង​សហគមន៍​ព្រៃឈើ ឲ្យមាន​និរន្តរភាព ការធ្វើឲ្យ​ប្រសើរឡើង​នូវ​កម្រិត​ជីវភាព របស់​ប្រជា​សហគមន៍​តាម​រយៈ ការបង្កើត​មុខ​របស់​ថ្មី ដើម្បី​កាត់បន្ថយ​ការពឹងផ្អែក លើ​ផល​និង​អនុផល​ព្រៃឈើ​តែ​មួយ​មុខ​។​ទី​៣៖ ការសហកា​រលើ​ការអនុវត្ត កសិកម្ម​តាម​កិច្ចសន្យា (Contract Farming) រវាង​ប្រទេស​ទាំង​ពីរ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​ទី​៤៖ ជំរុញ​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ជលផល តាមរយៈ​ការចុះ​អនុស្សរណ​យោគយល់​គ្នា រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​ធ្វើ​ការគ្រប់គ្រង និង​ទប់ស្កាត់​បទល្មើស​នេសាទ​ឲ្យមាន​ប្រសិទ្ធភាព​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×