Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឌី វិជ្ជា​៖ ភ្នាក់ងារ​សន្ដិសុខ​ឯកជន កុំ​ធ្វើ​អ្វី​ឲ្យលើស​ព្រំដែន​នៃ​តួនាទី​របស់​ខ្លួន​

spot_img

​ភ្នំពេញ​៖ ភ្នាក់ងារ​សន្ដិសុខ​ឯកជន ជា​កម្លាំង​ជំនួយ​ដល់​សមត្ថកិច្ច មិនមែនជា​អាជ្ញាធ​មាន​សមត្ថកិច្ច​នោះទេ មិន​ត្រូវ​ធ្វើ​អ្វី​ឲ្យលើស​ពី​ព្រំដែន​នៃ​តួនាទី​របស់​ខ្លួន ហើយ​ដាច់​ខាត​ត្រូវតែ​សម្រួល និង​សហការ ជាមួយ​សមត្ថកិច្ច​គ្រប់​កាលៈទេសៈ​។​

​នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន លើក​ទី​៤ លោក​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្ដិសុខ បានបញ្ជាក់​ថា ការរារាំង ឬ​ការបង្ក​ជា​ឧបសគ្គ​ណាមួយ ដល់​ការអនុវត្ត​ច្បាប់ របស់​សមត្ថកិច្ច អាច​ជា​បទល្មើស​ផ្សេង​មួយទៀត ដែល​មាន​បញ្ញតិ្ដ​ឲ្យ​ផ្ដន្ទាទោស​តាម​ក្រម​ព្រហ្មទណ្ឌ ព្រោះ​ថា​តួនាទី ភារកិច្ច និង​ដែន​សមត្ថកិច្ច របស់​ភ្នាក់ងារ​សន្ដិសុខ​ឯកជន ត្រូវ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​។​

​លោក​ឌី វិជ្ជា បាន​លើកឡើង​ថា ភ្នាក់ងារ​សន្ដិសុខ​ឯកជន ទទួល​បៀវត្សរ៍​ពី​ក្រុមហ៊ុន​ឯកជន​ក៏​ពិតមែន តែ​ពួកគេ​ត្រូវមាន​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ ដែល​មាន​តួនាទី​មិន​ត្រូវ​តែ​ជា​អ្នកការពារ​ទ្រព្យសម្បត្តិ​ឯកជន ឬ​សហគ្រាស គ្រឹះស្ថាន​ឯកជន​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​កាតព្វកិច្ច​ជួយ​ការពារ​ទ្រព្យសម្បត្តិ​សាធារណៈ សណ្ដាប់ធ្នាប់ សន្ដិសុខ​សង្គម និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។​

​លោក​ឧត្តមសេនីយ៍ ឌី វិជ្ជា បាន​ណែនាំ​ដល់​សិក្ខាកាម​ទាំងអស់ ត្រូវ​យក​ចំណេះដឹង​ដែល​បាន​រៀនសូត្រ ទៅ​អនុវត្តន៍​ការងារ ដើម្បី​បុព្វហេតុ​ជាតិ​ជា​ធំ ដើម្បី​បម្រើ​ផលប្រយោជន៍​សង្គម​ជាតិ​ក្នុង​ផ្លូវ​វិជ្ជមាន ស្រប​តាម​ក្រម​សីលធម៌ វិជ្ជាជីវៈ​របស់​សន្ដិសុខ​ឯកជន និង​អនុលោម​ទៅតាម​ច្បាប់​របស់​កម្ពុជា​។​

​ជាមួយគ្នានេះ លោក​ឧត្តមសេនីយ៍ឯក លឹម សុខា​រស្មី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន ក៏​បាន​ធ្វើ​សេចក្ដីរាយការណ៍​ថា វគ្គ​បំប៉ន​នេះ​ប្រព្រឹត្ដិទៅ រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៣០ ដល់​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ដែល​មាន​សិក្ខាកាម​ជិត​២០០​នាក់​ចូលរួម ក្នុងនោះ​មក​ពី​ក្រុមហ៊ុន​សន្ដិសុខ​ឯកជន​សេវាកម្ម ចំនួន​៥៩​ក្រុមហ៊ុន និង​សហគ្រាស​គ្រឹះស្ថាន ចំនួន​០៨៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×