Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រសួង​ការងារ រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​របប​សន្តិសុខ​សង្គម

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៨ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​។

សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​នៃ​ក្រសួង សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ ប​.​ស​.​ស តំណាង​ក្រសួង ស្ថាប័ន អង្គភាព និង​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​នានា សរុប​ប្រមាណ​ជាង ២០០​នាក់​។

​សិក្ខាសាលា​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង ពិគ្រោះ​យោបល់ និង​ប្រមូល​ធាតុ​ចូល​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ក្នុងន័យ​បំពេញបន្ថែម​ចំណុច​ណាមួយ​នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម ឱ្យស្រប​ទៅតាម​ស្ថានភាព​សង្គម និង​សេដ្ឋកិច្ច​ដែល​កំពុង​អភិវឌ្ឍន៍​ឆ្ពោះ​ទៅ​មុខ​យ៉ាង​ស្វាហាប់​ប្រកបដោយ​ថាមភាព ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើកឡើង​ក្នុង សិក្ខាសាលា​នា​ថ្ងៃ​នេះ​ថា ដោយ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេជោ ហ៊ុន សែន និង​ក្របខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​រៀបចំ​សេចក្តីព្រាង​ច្បាប់​នេះ​ឡើង ដើម្បី​ផ្តល់​នូវ​របប​សន្តិសុខ​សង្គម​រួម​មាន ផ្នែក​ប្រាក់​សោធន ផ្នែក​ថែទាំ​សុខភាព ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​នី​កម្ម​ភាព​ការងារ​។ ក្នុងនោះ ផ្នែក​នី​កម្ម​ភាព​ការងារ គឺជា​សមិទ្ធិផល​ដ៏​ថ្មីស្រឡាង​មួយ ដែល​ពុំ​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោក បណ្ឌិត​រដ្ឋមន្ត្រី បាន​បន្តថា សេចក្តីព្រាងច្បាប់​នេះ ពិត​ជា​ឧបករណ៍​គតិយុត្ត​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន​ក្នុង​ការអនុវត្ត​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម និង​បាន​ជម្រុញ​ថ្នាក់ដឹកនាំ នៃ ប​.​ស​.​ស ត្រូវ​ខិតខំ​អនុវត្ត​ឱ្យបាន​ល្អ​ប្រសើរ​ថែម​ទៀត លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម ក៏​ដូចជា​ព្រះរាជក្រឹត្យ អនុក្រឹត្យ និង​លិខិត​បទដ្ឋាន​គតិ​យុទ្ធ​នានា​ពាក់ព័ន្ធ ដើម្បី​ឱ្យ​ការអនុវត្ត​ច្បាប់​ថ្មី​នេះ​ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​បំផុត​។

​ជាមួយគ្នានេះដែរ លោក អ៊ុក សម​វិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​នាយក ប​.​ស​.​ស ក៏​បាន​បញ្ជាក់​អំពី​គោលបំណង​លម្អិត នូវ​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​នេះ ដើម្បី​កំណត់​អំពី​បែបបទ យន្តការ​អនុវត្ត និង​ប្រព័ន្ធ​គ្រប់គ្រង​របប​សន្តិសុខ​សង្គម​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ប្រកប​ដោយ​គណនេយ្យភាព និង​និរន្តរភាព​។ ច្បាប់​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ បុគ្គល​ដែល​ស្ថិត​ក្នុង​វិស័យ​សាធារណៈ ជន​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ ដោយ​រួម​បញ្ចូល​បុគ្គលិក​ធ្វើការ​តាម​ផ្លូវអាកាស និង​នាវា​សមុទ្រ ព្រមទាំង​អ្នក​បម្រើ​តាម​ផ្ទះ និង​បុគ្គល​ស្វ័យ​និយោជន៍​៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×