Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រុឌ សត្វ​អច្ឆរិយៈ ក្នុង​ទេវ​កថា​មហាយាន​

spot_img

គ្រុឌ​គឺជា​សត្វ​អច្ឆរិយៈ ដែលមាន​លក្ខណៈ​សំយោគ ពោលគឺ​ពាក់កណ្តាល នៃ ដងខ្លួន​ជាម​នុស្ស និង​ពាក់កណ្តាល​ទៀត​គឺជា​បក្សី ។ សត្វ​សិប្ប​និមិត្ត​នេះ ត្រូវបាន​ខ្មែរ​ចាត់ទុកថា ជា​ស្តេច នៃ បក្សី​ទាំងពួង ។​ទន្ទឹមនឹងនេះ តាមរយៈ​ទេវ​កថា សត្វ​គ្រុឌ​ជាស​ត្រូវ​នឹង​ពស់ ឬ នាគ ។ លើសពីនេះ​ទៀត គ្រុឌ​ក៏​ជា​យានជំនិះ​របស់​ព្រះ​វិស្ណុ​ដែរ ដូច​ករណី​ចម្លាក់​លើ​ប្រាសាទអង្គរវត្ត​ជា​ឧទាហរណ៍​ស្រាប់ ។ ដោយហេតុ​ផល​ថា សត្វ​នេះ​តំណាង​ឲ្យ​ភាព​លំហ ឬ អវកាស ។​

​ម្កុ​ដ្ឋ​ក្បាល​គ្រុឌ​ក្នុង​ល្ខោន​ខ្មែរ​មុន​ឆ្នាំ​១៩៦០(Cf.Poree-Maspero), ទម្រ​សិវៈលិង្គ កោះ​កេរ (​សារមន្ទីរ​ជាតិ​ភ្នំពេញ​) – បង្កាន់ដៃ​ជណ្តើរ (​អភិរក្ស​ដ្ឋា​ន​អង្គរ – សៀមរាប​) ថត ២០០៣ – និង​បង្កាន់ដៃ​ជណ្តើរ​លំអរ​ដោយ​គ្រុឌ​ផ្នែក​ខាងក្រោយ សម័យ​បាយ័ន (​ឯកសារ​របស់​សារមន្ទីរ​ហ្គី​មេ​)

ដោយសារ​និមិត្តរូប​ទាំង​ប៉ុន្មាន​ខាងលើ​នោះ​ហើយ បានជា​ក្នុង​វិស័យ​លិ​ស្បៈ​ស្ថាបត្យកម្ម​ខ្មែរ សត្វ​គ្រុឌ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ជាទីបំផុត​មួយ ។ តែ​ទោះបីជា​មានការ​សិក្សា​យ៉ាងច្រើន ស្តីអំពី​និមិត្តរូប​របស់​បក្សី​សួគ៌​នេះ​ក្តី ក៏​នៅតែមាន​ចំណុច​វិជ្ជមាន​មួយចំនួនទៀត ដែល​មិនទាន់មាន​ការវិភាគ​ស៊ីជម្រៅ​នៅឡើយ​ដែរ ។ ជា​ឧទាហរណ៍​ជាក់ស្តែង លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់​យើង​រវាង​ឆ្នាំ​១៩៩២ និង ២០១០ បាន​ឲ្យ​ដឹងថា ស្ថាបត្យករ​នា​សម័យ​បុ​រេ​អង្គរ ជាពិសេស​ក្រុម​ប្រាសាទសម្បូរព្រៃគុក បានដាក់​ទម្ងន់​យ៉ាងខ្លាំង​ទៅលើ​ភាព​លំហ បាន​ឆ្លាក់​សត្វ​គ្រុឌ​ទ្រ​ខឿន​ប្រាសាទ​នៅ​ផ្នែក​ខាងក្រោម​តំណាង​ឲ្យ​ភ្នំ​សុមេរុ ។ នេះ​ជា​ប្រពៃណី​មួយ ដែល​ត្រូវ​បន្ត​នៅ​ប្រាសាទអង្គរវត្ត ហើយ​ទង្វើ​នេះ​គឺជា​ការ​បង្ហាញថា ប្រាសាទសម្បូរព្រៃគុក និង​ប្រាសាទអង្គរវត្ត គឺជា​ទេវស្ថាន​ដែល​ស្ថិតនៅលើ​ស្ថានសួគ៌​យ៉ាង​ប្រាកដ ។​

​សន្លឹក​មាស​អូរ​កែវ ស​.​វ​.​ទី ២-៤ (​ឯកសារ​វៀតណាម​) – គ្រុឌ​ទ្រ​បាត​ប្រាសាទអង្គរវត្ត និង ទ្រ​ដំបូល​វិហារ (​ថត ២០០០-២០០៥)

រួម​សេចក្តី​មក សម្រាប់​វិចិត្រករ​នា​សម័យបុរាណ រាល់​ប្រាសាទខ្មែរ​ដែលមាន​វត្ត​មាន​របស់​សត្វ​គ្រុឌ​ទ្រ​បាត​ប្រាសាទ សុទ្ធសឹង​តែមាន​លក្ខណៈ​អវកាស​ទាំងអស់ ។ ជួនកាល​មាន​ស្លាប​ក្តី ជួនកាល​ឥតមាន​ស្លាប​ក្តី សត្វ​អច្ឆរិយៈ​នេះ តំណាង​ឲ្យ​ស្ថានសួគ៌ ដែល​ស្ថិតនៅលើ​អវកាស គួរ​ឲ្យ​ចាប់អារម្មណ៍ ។​

នៅក្នុង​វប្បធម៌​បាយ័ន គ្រុឌ​មិន​ត្រឹមតែ​ជា​និមិត្តរូប នៃ ជ័យជំនះ​លើ​ពួក​ចាម​ឈ្លានពាន​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ជា​និមិត្តរូប​របស់​ឥទ្ធិពល ឬ កម្លាំងយោធា​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ថែម​ទៀតផង ដូច​ករណី​គ្រុឌ​ជាន់​នាគ ឆ្លាក់​នៅលើ​កំពែង​ហ៊ុមព័ទ្ធ​ប្រាសាទព្រះខ័ន​ជា​សក្ខីកម្ម​ស្រាប់ ។ អត្ថន័យ​ដដែល​ក៏ត្រូវ​បាន​បន្ត​រហូតដល់​ចុង​សម័យអង្គរ​ដែរ តែ​ក្នុងន័យ​ជំនឿ​សាសនា​ទៅវិញ ក្នុងខណៈដែល​សត្វ​គ្រុឌ​ត្រូវបាន​ចាត់ទុកថា ជា​រូបភាព​នៃ​កម្លាំង​ឬ​ការតស៊ូ​របស់​កងទ័ព​ខ្មែរ ពោលគឺ​មិនមែន​គ្រាន់តែ​ជាស​ត្វ​បក្សី​អច្ឆរិយៈ​តែប៉ុណ្ណោះ​ឡើយ ។

នៅទីនេះ យើង​ចង់​និយាយ​ពី​ស្ពាន​នាគ ឬ​ជណ្តើរ​ដែលមាន​បង្កាន់ដៃ នៅ​ផ្នែក​ខាងចុង​លំអ​ដោយ ចម្លាក់​គ្រុឌ​បង្ក្រាប​នាគ ។ តាមពិតទៅ រូបភាព​គ្រុឌ​បង្ក្រាប​នាគ​បែបនេះ គឺ​ការ​តំណាង​ឲ្យ​ជ័យជំនះ​របស់​សភាវៈ​ល្អ លើស​ភាវៈ​អាក្រក់​តែប៉ុណ្ណោះ ពោល​គឺជា​វិជ្ជា ឬ ពុទ្ធិ លើ អវិជ្ជា ។ ហើយ​មួយវិញទៀត ស្ពាន​នាគ​នេះ​ក៏​ជា​ស្ពាន​ចម្លង ដ៏​ស័ក្តិសិទ្ធិ​មួយ​ផងដែរ សម្រាប់​ចម្លង​មនុស្ស​ពី​ស្ថាន​មនុស្ស ទៅ​ទេវស្ថាន ។ ក្នុង​ប្រព័ន្ធ​មនោគមវិជ្ជា​សាសនា ស្ពាន​នាគ​នេះ ត្រូវបាន​ប្រៀបផ្ទឹម​ទៅនឹង​ឥ​ន្ធ​នូ ។​

ជារួម​សូម​ជម្រាប​បញ្ជាក់ថា នៅក្នុង​ដំណាក់កាល​ដំបូង​នៃ​ប្រវត្តិ​សិល្បៈ​ខ្មែរ សត្វ​គ្រុឌ​បានបង្ហាញ​ពី សមត្ថភាព​ដ៏​មហិមា​របស់ខ្លួន ក្នុងឋានៈ​ជា​យានជំនិះ​របស់​ព្រះ​វិស្ណុ​តែប៉ុណ្ណោះ បើ​យោងតាម​ទេវ​កថា ។ តែ​នៅ​ក្នុងសម័យ​វប្បធម៌​បាយ័ន ដែលមាន​សង្គ្រាម​ញឹកញាប់ ជាមួយ​ប្រទេស​ចម្ប៉ា សត្វ​គ្រុឌ​ក៏បាន​ក្លាយទៅជា​និមិត្តរូប​យោធា​យ៉ាង​ជាក់ច្បាស់ ។ ជ័យជំនះ​របស់​កងទ័ព​ខ្មែរ លើ​កងទ័ព​ចាម​ឈ្លានពាន ត្រូវបាន​តំណាង​ដោយ​រូប​គ្រុឌ​បង្ក្រាប​នាគ ។ ប្រការនេះ​ជាការ​បដិវត្តន៍​មួយ ខាង​វិស័យ​សិល្បៈ​យ៉ាងសំខាន់​បំផុត ដែល​បាន​បន្សល់​កេរ្តិ៍ដំណែល​រហូតដល់​ស​ព្វ​ថ្ងៃ ក្នុង​វិស័យ​សិល្បៈ​ស្ថាបត្យកម្ម​នា​សម័យ​ទំនើប ៕ (​ម​.​ត្រា​ណេ​)​

spot_img
×