Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃទី​៩ ខែវិច្ឆិកា គឺជា​ថ្ងៃ​ចុងក្រោយ នៃ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី

spot_img

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបញ្ជាក់​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​៥០​ភាគរយ​ហើយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៧ ខណៈដែល​លទ្ធផល​បណ្តោះអាសន្ន ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៧ បាន​ចំនួន​៨.៣៥៤.៦៣៨​នាក់ ស្នើ​ប្រមាណ​៨៤,៥៤​ភាគរយ ហើយ​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា គឺជា​ថ្ងៃ​ចុងក្រោយ នៃ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៧​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប បាន​បញ្ជាក់ថា​៖ ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ដល់​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៥០៧,៤៣៨​នាក់ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ខណៈ​អ្នក​ត្រូវ​លុបឈ្មោះ​ចោល​មាន​ចំនួន​ជាង​១៧៨៣២​នាក់ និង​អ្នក​សុំ​កែតម្រូវ​ឈ្មោះ​មាន​ចំនួន​ជាង​៥៣២១​នាក់ ហើយ​ក្នុងនោះ​ពលរដ្ឋ​ខ្មែរ​ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើង មាន​ចំនួន ៩៨៨២៧៤៦​នាក់ និង​ពលរដ្ឋ​ដែល​ត្រូវ​ចុះឈ្មោះ​ថ្មី​មាន​ចំនួន ១៦២៦២៥២​នាក់​។ ចំណែកឯ​ពលរដ្ឋ​ដែល​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៦​មាន​ចំនួន ៧៨៤៥០៣៣​នាក់ ហើយ​លទ្ធផល​បណ្តោះអាសន្ន​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៧ បាន​ចំនួន​៨៣៥៤៦៣៨​នាក់ ស្នើ​ប្រមាណ​៨៤,៥៤​ភាគរយ​។ ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៧ និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៦ មាន​រយៈពេល​៧០​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ដល់​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​ដូច្នេះ​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៧ និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៦ សូម​បងប្អូន​ដែល​គ្រប់​អាយុ​បោះឆ្នោត​, បងប្អូន​ផ្លាស់ប្តូរ​ទីលំនៅ និង​អ្នក​គ្រប់​អាយុ​បោះឆ្នោត​ហើយ តែ​មិនទាន់​ចុះឈ្មោះ សូម​រួសរាន់​ទៅ​ចុះឈ្មោះ​ឲ្យ​បាន​គ្រប់ៗ​គ្នា​។​

​គួរ​បញជាក់ថា​៖ ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៦ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៧ គឺ​ដើម្បី​យកទៅ​ប្រើប្រាស់​ជា​ផ្លូវការ នៅពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៃ​រដ្ឋសភា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ​។​ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ និង​មាន​សិទ្ធិ​បោះឆ្នោត​ទាំងអស់ អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ទាំងអស់គ្នា ដើម្បី​ទទួលបាន​សិទ្ធិ​ពេញលេញ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ឆ្នាំ​២០១៨ ខាងមុខ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×