Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ដែល​ពូកែ​រាយការណ៍​ឱ្យ​ថ្នាក់លើ ហើយ​ទម្លាក់​កំហុស​ឱ្យ​ថ្នាក់​ក្រោម មិន​គួរ​ត្រូវ​តែងតាំង​ជា​មន្ត្រី​ឡើយ​

spot_img

​ភ្នំពេញ​ ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​មានប្រសាសន៍​ធ្ងន់ៗ​ថា​៖ មន្ត្រី​ដែល​ពូកែ​រាយការណ៍​ឱ្យ​ថ្នាក់លើ ហើយ​ទម្លាក់​កំហុស​ឱ្យ​ថ្នាក់​ក្រោម មិន​គួរ​ត្រូវ​តែងតាំង​ជា​មន្ត្រី​ឡើយ​។​

​ការលើកឡើង​របស់​ស​ម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ អញ្ជើញ​ជា​អធិបតី​ប្រគល់​សញ្ញាប័ត្រ និង​វិញ្ញាប័នប័ត្រ​ជូន​សិស្ស​មន្ត្រី និង​កម្មសិក្សាការី នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។​

សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​ប៉ុន្តែ​មន្ត្រី ដែល​មិន​បាន​ការ​ដែល​គួរតែ​ចៀសវាង គឺ​គាត់​ធ្វើ​ការងារ​ពីរ ដែល​សំខាន់​ទី​១៖ គឺ​ការរាយការណ៍​ឱ្យ​ថ្នាក់លើ​, ទី​២៖ ស្តីបន្ទោស​ឱ្យ​ថ្នាក់ក្រោម មន្ត្រី​បែប​នេះ​ត្រូវ​ចងចាំ​ចំណាំទុក​មិនគួរ​តែងតាំង​ឱ្យ​កាន់​មុខងារ​បន្តទៀត​ទេ​»​។​

សម្តេច​តេជោ ហ៊ុន សែន បាន​សង្កត់ធ្ងន់ៗ​ថា​៖ មន្ត្រី​ដែល​ចាំតែ​ទៅ​រាយការណ៍​ឱ្យ​ថ្នាក់លើ និង​ម្ខាង​ទៀត​ចាំតែ​ស្តីបន្ទោស​ឱ្យ​ថ្នាក់ក្រោម ដោយ​គ្មាន​ការចាត់វិធានកា​រណ៍​ណាមួយ​នោះ​ទេ បើ​មាន​មន្ត្រី​ធុន​ហ្នឹង​មែន​នោះ អញ្ចឹង​មិន​ចាំបាច់​ឱ្យ​មាន​មន្ត្រី​ទេ ហើយក៏​មិន​ចាំបាច់​ឱ្យ​មាន​រដ្ឋមន្ត្រី មាន​ចៅហ្វាខេត្ត​នោះទេ គឺមាន​តែ​នាយករដ្ឋមន្ត្រី​តែ​មួយ​រូប​វា​គ្រប់គ្រាន់​ទៅ​ហើយ​។ ដូច្នេះ​ហើយ​សូម​មន្ត្រី​ទាំងឡាយ​ត្រូវតែ​អនុវត្ត​តាម​ច្បាប់ កុំ​អនុវត្តន៍​តាម​តែ​បទបញ្ជា និង​មិនមែន​ចាំតែ​មាន​បទបញ្ជា​របស់​នាយករដ្ឋមន្ត្រី ទើប​នាំគ្នា​អនុវត្ត​ច្បាប់​នោះទេ​។​

ក្នុងនោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​លើកទឹកចិត្ត ដល់​មន្ត្រី​រូប​ណា​ដែល​យកជាគ្នា​បាន គឺជា​មន្ត្រី​ដែល​បាន​ខិតខំ​ស្រ​វ៉ា ដោះស្រាយ​បញ្ហា​នៅនឹងកន្លែង ដោយ​ប្រមូលផ្តុំ​នូវ​ការដោះស្រាយ​ដោយ​ភាព​ឈ្លាសវៃ​របស់​ខ្លួន ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​បាន​កើតឡើង ឱ្យមាន​ប្រសិទ្ធភាព ទើប​ជា​មន្ត្រី​ដែល​ត្រូវបាន​យកចិត្តទុកដាក់​រៀបចំ ឱ្យទៅ​ជា​មន្ត្រី​ដឹកនាំ​កាន់តែ​ខ្ពស់​កាន់តែ​ល្អ​។​សម្តេច​តេជោ បាន​មានប្រសាសន៍​បញ្ជាក់​ថា មន្ត្រីរាជការ​ទាំងអស់​ត្រូវ​មាន​ការសហការ​គ្នា ហើយ​មិន​ត្រូវ​ប៉ែង​ជើង​គ្នា ព្រោះ​តែ​ដើម្បី​អំណាច​នោះ​ឡើយ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×