Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ ផ្តល់​ជំនួយឥតសំណង​ក្នុង​គម្រោង​ស្ពាន​ស្ទឹង​បត់ ក្បាល​ទូរ​រថភ្លើង​

spot_img

​ភ្នំពេញ​៖​លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អរគុណ ដល់​ថៃ ដែល​បាន​ផ្តល់​ជំនួយឥតសំណង​ក្នុង​គម្រោង​ស្ពាន​ស្ទឹង​បត់ ក្បាល​ទូរ​រថភ្លើង និង​ការសិក្សា​លើ​ផែនការ​មេ​ភស្តុភា​រកម្ម ដែល​ក្រសួង​បាន​បញ្ជូន​មន្ត្រី​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ​។​

​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីស្ដីការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ទទួល​ជួប​សម្តែង​ការគួរ សម​ពី​សំណាក់​លោក ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​មក​បំពេញ​ការងារ របស់​ខ្លួន​អស់​រយៈពេល​ប្រមាណ​ប្រាំមួយ​ខែ​កន្លងមក​។​

​ក្នុងជំនួប​សម្តែង​ការគួរសម​នោះ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងអំណរគុណ និង​ការកោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ដល់​ព្រះរាជាណាចក្រ​ថៃ ដែល​បាន​ផ្តល់​ជំនួយឥតសំណង​ក្នុង​គម្រោង​ស្ពាន​ស្ទឹង​បត់ ក្បាល​ទូរ​រថភ្លើង និង​ការសិក្សា​លើ​ផែនការ​មេ​ភស្តុភា​រកម្ម ដែល​ក្រសួង​បាន​បញ្ជូន​មន្ត្រី​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ​។​

​លើសពីនេះ​ទៀត​លោក ទេសរដ្ឋមន្ត្រី ក៏​បាន​ជម្រាបជូន​លោក ឯកអគ្គរាជទូត​ថៃ​អំពី​ស្ថានភាព​នៃ​ការ ត​ភ្ជាប់​ផ្លូវ​ដែក​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​ប៉ោយ​ប៉ែត ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ហើយ​សង្ឃឹមថា​នឹង​អាច​ត​ភ្ជាប់​ផ្លូវ​ដែក​រវាង​ផ្លូវដែក​កម្ពុជា និង​ផ្លូវដែក​ថៃ​នាពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ឆ្លើយតប​ទៅ​នឹង​គោលនយោបាយ​អាស៊ាន​អំពី​ការតភ្ជាប់​។​

​លោក ឯកអគ្គរាជទូត​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​ដែល​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​ថៃ​ក្នុង​វិស័យ​ហេ​ដ្ឋា​រចនា​ផ្លូវថ្នល់ និង​បាន​សម្តែង​ការកោតសរសើរ​ចំពោះ​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​វិស័យ​ហេដ្ឋរចនាសម្ព័ន្ធ​ផ្លូវ​ថ្ន​ល់​របស់​កម្ពុជា ដោយ​មាន​ការខិតខំ​ប្រឹង​ប្រែង​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏ដូចជា​ក្រោម​ការដឹកនាំ​ដ៏​ឆ្លាត​វៃ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ប្រមុខ​។​

​លោក ទេសរដ្ឋមន្ត្រី និង​លោក ឯកអគ្គរាជទូត​ថៃ​បាន​ឯកភាព​លើ​ការអញ្ជើញ​នាយករដ្ឋមន្ត្រី​នៃ ប្រទេស​ទាំង​ពីរ​ដើម្បី​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ផ្លូវដែក ដើម្បី​ជា​និមិត្តរូប​នៃ​ការតភ្ជាប់​ផ្លូវ​រថភ្លើង​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​ ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

  

spot_img
×