Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាយ​ស៊ី​ស៊ី​-​អង្គរ​៖ ការងារ​ថែរក្សា​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​កាន់តែ​ទទួល​បាន​ជោគជ័យ​

spot_img

​​សៀមរាប​ ​៖ អស់​រយៈពេល​២៥​ឆ្នាំ​មកហើយ ដែល​រមណីយដ្ឋាន​អង្គរ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ​។ ក្នុង​រយៈពេល​២៥​ឆ្នាំនេះ ពិភពលោក​ទាំងមូល មាន​ភាព​រំជើបរំជួល ចំពោះ​សំណង់​ស្ថាបត្យកម្ម នៃ​ប្រាសាទ​អង្គរវត្ត ហើយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ភ្ញៀវទេសចរ កាន់តែ​ច្រើន​បាន​មក ទស្សនា​រមណីយដ្ឋាន​អង្គរ​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣០ នា​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​មាន​ការចូលរួម​ពី​លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា តំណាង​ស្ថានទូត ក្រុម​អ្នក​ជំនាញការ​ជាតិ និង​អន្ដរជាតិ​នានា សហប្រធាន​បារាំង​នៃ​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ លោក Guillaun NARJOLLET បាន​បង្ហាញ​ពី​ភាព​រីករាយ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​អ្នកជំនាញការ​ជាតិ និង​អន្ដរជាតិ ដែល​ធ្វើឱ្យ​រមណីយដ្ឋាន​អង្គរ​មាន​ភាព​លេចធ្លោ​មកដល់​សព្វថ្ងៃ​។ ទន្ទឹម​នឹង​ការអបអរសាទរ លោក Guillaun NARJOLLET ក៏​បាន​រំលឹក​ដែរ​ថា ការរីករាយ​ជាមួយនឹង​ភាពជោគជ័យ នឹង​អាច​នាំឱ្យ​យើង​បរាជ័យ​ដែរ បើ​យើង​ធ្វេស​ប្រហែល​នៅ​ចំណុច​ណាមួយ​នៅក្នុង​តំបន់​អង្គរ​។​

​សហប្រធាន​បារាំង​រូបនេះ បាន​ពន្យល់ថា អាយ​ស៊ី​ស៊ី​-​អង្គរ​ទទួលបាន​ជោគជ័យ​យ៉ាង​ខ្លាំង ជា​បន្ដបន្ទាប់ នៅក្នុង​រមណីយដ្ឋាន​អង្គរ​តាំងពី​ឆ្នាំ​១៩៩៣​មក ធ្វើឱ្យ​រមណីយដ្ឋាន​អង្គរ​ប្រែក្លាយ​ពី​សម្បត្តិ​បេតិកភណ្ឌ​ប្រឈម​នឹង​គ្រោះថ្នាក់ ក្លាយ​ជា​សម្បត្តិ​បេតិកភណ្ឌ​មួយ​ដ៏​ពេញលេញ និង​ជា​គោលដៅ​ទេសចរណ៍​ដ៏​លេចធ្លោ​ក្នុង​ពិភពលោក ហើយ​ភ្ញៀវទេសចរ​មាន​ការកើនឡើង​ជា​រៀងរាល់ឆ្នាំ​។ ប៉ុន្តែ​កំណើន​នេះ​ក៏​ជា​ការគំរាមកំហែង​ដល់​អង្គ​រដែរ ដូច្នេះ​យើង​មិន​ត្រូវ​រីករាយ​ជាមួយនឹង​ភាពជោគជ័យ​នេះ​ទេ​។ យើង​ត្រូវ​ផ្តោត​សំខាន់​នូវ​ការរៀបចំ​គោលនយោបាយ​និង​អនុវត្តន៍​នូវ​វិធានការ​ផ្សេងៗ​ដែល​អាច​ឲ្យ​យើង​ធានាបាន​នូវ​តុល្យភាព​រវាង​កំណើន​វិស័យ​ទេសចរណ៍​និង​កិច្ចការ​អភិរក្ស​។​

​ដូចគ្នា​ដែរ លោកស្រី Ann LEMEISTRS តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា ក៏​បាន​បង្ហាញ​ការពេញចិត្ត​ជាខ្លាំង ពេល​ឃើញ​រមណីយដ្ឋា​អង្គរ មាន​ការអភិវឌ្ឍ ហើយ​អាជ្ញាធរ​ជាតិ​អប្សរា បាន​គិតគូរ​ហ្មត់ចត់​ជាមុន ពី​ផល​លំបាក និង​ចំណុច​ប្រឈម​នានា ដែល​អាច​នឹង​កើតឡើង ក្នុង​រមណីយដ្ឋាន​អង្គរ​ផងដែរ​។ លោកស្រី​ក៏​បាន​អរគុណ​ដល់​អ្នកចូលរួម​ទាំងអស់​ក្នុង​រយៈពេល​២៥​ឆ្នាំ​មកនេះ ដែល​បាន​ធ្វើឱ្យ​រមណីយដ្ឋាន​អង្គរ​មាន​ភាព​លេចធ្លោ​រហូតមក​ដល់​សព្វថ្ងៃ ហើយ​សង្ឃឹមថា អ្នក​ទាំងនោះ​នឹង​បន្ត​ការងារ​ដើម្បី​បុព្វហេតុ​រមណីយដ្ឋាន​អង្គរ​បន្តទៀត​។​

​លើសពីនេះ​ទៀត គណៈកម្មការ​អាយ​ស៊ី​ស៊ី​អង្គរ ក៏​បាន​បង្ហាញ​នូវ​សេចក្តី​ពេញចិត្ត ជាខ្លាំង ចំពោះ​ការរីកចម្រើន នូវ​សមត្ថភាព​របស់​អ្នកជំនាញ អាជ្ញាធរ​ជាតិ​អប្សរា ជាពិសេស ភាពម្ចាស់ការ ក្នុង​ការដឹកនាំ​អនុវត្តន៍​នូវ​គម្រោង​ជាច្រើន ក្នុង​រមណីយដ្ឋាន ទាំង​ការងារ​ស្រាវជ្រាវ ការងារ​អភិរក្ស​ជួសជុល និង​ការងារ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព តំបន់​រមណីយដ្ឋាន​អង្គរ​។​

​គួរបញ្ជាក់​ថា គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ (International Coordination Committee for the Safeguarding and Development of Historic Site of Angkor : ICC-Angkor) បើក​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣០​របស់ខ្លួន នៅ​ថ្ងៃ​ទី​៥​និង​ទី​៦ ខែមិថុនា ឆ្នាំ​២០១៨ នា​សាលសន្និសីទ​អង្គរ នៅ​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា​។​

​របៀបវារៈ​នៃ​កិច្ចប្រជុំ​ពេលនេះ នឹង​ផ្តោត​ទៅលើ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចជា តាមដាន​របាយការណ៍​នៃ​ការងារ​អភិរក្ស ជួសជុល និង​ការងារ​ស្រាវជ្រាវ ការអភិវឌ្ឍ​ដោយ​ចីរភាព ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដែល​បាន​ពី​ការផ្តល់​អនុសាសន៍​នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​ពី​ឆ្នាំ​២០១៧ និង​ឆ្នាំកន្លងមក​។​

​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ​(ICC-Angkor) បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៣ ក្រោយ​ស​និ្ន​សីទ​អន្តរជាតិ​លើក​ទី​១​ស្តី​ពី​អង្គរ​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន តាម​សំណូមពរ​របស់​គណៈកម្មាធិកា​រ​បេតិកភណ្ឌ​ពិភពលោក ពេល​ទទួល​ចុះ​អង្គរ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ ការបង្កើត​យន្តការ​អន្តរជាតិ ICC សម្រាប់​អង្គរ ជា​លក្ខខណ្ឌ​មួយ​ក្នុង​ចំណោម​លក្ខខណ្ឌ​ទាំង​៥ ដែល​តម្រូវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បំពេញ​ក្នុង​រយៈពេល​៣​ឆ្នាំ (១៩៩៣-១៩៩៦)​។ សមាជិក​នៃ​អាយ​ស៊ី​ស៊ី (ICC) មាន​ចំនួន​៣៧​ប្រទេស មក​ពី​ទ្វីប​៥ និង​មាន​អង្គការ​អន្តរជាតិ​ចំនួន​១៣​ទៀត​ចូលរួម​ជា​សមាជិក​ដែរ​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×