Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បើ​ចង់ឲ្យ​ផលិតផល​ជាតិ​រស់ កុំ​ឆ្ងាញ់​តែ​រសជាតិ​បរទេស​

spot_img

​ក្រុង​សិរីសោភ័ណ​៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ជាថ្មី​ម្តងទៀត បាន​អំពាវនាវ​ទៅកាន់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស ឲ្យជួយ​គាំទ្រ​ផលិតផល​ខ្មែរ កាត់បន្ថយ​ការប្រើប្រាស់​ផលិតផល​នាំ​ចូល​ពី​បរទេស ដើម្បី​ទ្រទ្រង់​និរន្តរភាព​របស់​ផលិតកម្ម​ក្នុងស្រុក សំដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ តាមរយៈ​ការបង្កើត​ឱកាស​ការងារ និង​ប្រាក់​ចំណូល​កាន់តែ​ច្រើន​ជូន​ប្រជាជន និង​ប្រទេសជាតិ​។​

​សេចក្តីអំពាវនាវ​របស់លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ធ្វើឡើង​នា​ឱកាស​អញ្ជើញ​ជា​អធិបតីភាព នៅក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​ពិព័រណ៍​ផលិតផល​ខ្មែរ ក្នុង​យុទ្ធនាកា​រទិញ​ផលិតផល​ខ្មែរ រដូវ​កាល​ទី​៣ ដែល​រៀបចំឡើង​ដោយ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួង​ពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​បរិវេណ​ខាង​មុខ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​អង្គពិធី អំពី​កិច្ច​ប្រឹងប្រែង​របស់​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ការបើក​ទីផ្សារ​ថ្មីៗ​ទាំង​ក្នុង និង​ក្រៅប្រទេស ព្រមទាំង​ការដាក់ចេញ​នូវ​ព្រឹត្តិការណ៍ “​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ ក្នុងឱកាស​យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ​”​សំដៅ​អនុវត្តន៍​គោលនយោបាយ​ជំរុញ​ការនាំចេញ​នៅ​នឹង​កន្លែង​។​

​ទន្ទឹមគ្នានេះ ដើម្បី​ទាក់ទាញ​ទំនុកចិត្ត និង​ការគាំទ្រ​កាន់តែ​ច្រើន​ពី​ប្រជាជន​ខ្មែរ ក៏ដូចជា​ភ្ញៀវទេសចរ​បរទេស មក​លើ​ផលិតផល​ក្នុងស្រុក ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​សំណូមពរ​ដល់​ផលិត​ករ និង​សហគ្រិន​ក្នុងស្រុក ត្រូវ​ខិតខំ​ប្រឹងប្រែង​ពង្រឹងគុណភាព​ផលិតផល​របស់​ខ្លួន ស្រប​តាម​បទដ្ឋាន​ស្តង់ដារ​អន្តរជាតិ ទាំង​ការ​វេច​ខ្ចប់ ការ​ដាក់​ម៉ាក និង​ការធ្វើ​យុទ្ធសាស្ត្រ​ទីផ្សារ ជាដើម​។​

“​ផលិត​ករ និង​សហគ្រិន​ទាំងអស់ ចាំបាច់​ត្រូវ​ចេះ​អភិវឌ្ឍន៍​ផលិតផល ឬ​សេវាកម្ម​របស់​ខ្លួន​ឲ្យមាន​គុណភាព​ខ្ពស់ និង​មាន​តម្លៃ​សមរម្យ ទើប​អាច​ប្រកួតប្រជែង​ជាមួយ​ទំនិញ​នាំចូល​ពី​បរទេស​” «​ខ្ញុំ​មាន​ជំនឿ​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​នឹង​នាំ​គ្នា​គាំទ្រ​ផលិតផល​ក្នុងស្រុក​ច្រើនឡើងៗ បើសិនជា​ផលិតករ និង​សហគ្រិន​យើង​អាច​ធ្វើបាន ព្រោះ​នេះ​គឺជា​កត្តា​សត្យានុម័ត​នៃ​ការប្រកួតប្រជែង​ទីផ្សារសេរី ដែល​យើងទាំងអស់គ្នា​ត្រូវតែទទួលស្គាល់​” លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​។​

​គួរ​រំលឹក​ដែរ​ថា នៅក្នុង​រយៈពេល​ជាង​ពីរ​ឆ្នាំ​កន្លងមកនេះ ក្រសួង​ពាណិជ្ជកម្ម​បាន​ទទួលជោគជ័យ លើ​ការរៀបចំ​ព្រឹត្តិការណ៍​យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ ចំនួន​ពីរ​រដូវ​កាល​រួចមកហើយ គឺ​រដូវ​កាល​ទី​១ នៅក្នុង​រាជធានី​-​ខេត្ត​ចំនួន ៤ រួមមាន ខេត្តសៀមរាប កំពង់ចាម ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ ហើយ​រដូវ​កាល​ទី​២ នៅក្នុង​រាជធានី​-​ខេត្ត​ចំនួន ៥ រួមមាន ខេត្ត​ស្ទឹងត្រែង បាត់ដំបង ស្វាយរៀង រាជធានី​ភ្នំពេញ និង​ខេត្ត​កែប​។ សម្រាប់​រដូវ​កាល​ទី​៣ ឆ្នាំ​២០១៨​នេះ ក្រសួង​ពាណិជ្ជកម្ម បាន​ជ្រើសរើស​យក​រាជ​ធានី​-​ខេត្ត​ចំនួន ៦ មានដូចជា​៖ ខេត្ត​បន្ទាយមានជ័យ កណ្តាល កំពង់ឆ្នាំង ព្រៃវែង កោះកុង និង​រាជធានី​ភ្នំពេញ ធ្វើជា​កន្លែង​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×