Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្លែង​ឯកសណ្ឋាន​អាវុធហត្ថ ទិញ​ពី​ផ្សារ​ទឹកថ្លា មក​ពាក់​បង្ហោះ​តាម​ហ្វេ​សប៊ុក គំរាម​ទារ​លុយ​អ្នក​ជំពាក់ ត្រូវ​ឃាត់ខ្លួន​

spot_img

​ភ្នំពេញ ​៖ បទល្មើស​ជា​ច្រើន​ដែល​កើតចេញ​ពី​ការ​ក្លែង​ឯកសណ្ឋាន​សមត្ថកិច្ច​ដែល​ទិញ​តាម​ទីផ្សារ សមត្ថកិច្ច និង​អាជ្ញាធរ គួរតែ​ចុះទៅ​ទប់ស្កាត់ និង​ណែនាំ​ក្នុង​កម្រិត​ណាមួយ ទៅលើ​អ្នកលក់ដូរ​ឯកសណ្ឋាន​កងកម្លាំង ប្រដាប់អាវុធ នៅ​ផ្សារ​ទឹកថ្លា​តែម្ដង ជៀសវាង​មាន​រឿង​ដដែលៗ​កើតឡើង​។​

​បុរស​ម្នាក់ បាន​ប្រើ​ឯកសណ្ឋាន​កងរាជអាវុធហត្ថ​ក្លែងក្លាយ​យកទៅ​ស្លៀកពាក់ បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​ឡាយ​ផ្ទាល់ ដើម្បី​ទារ​ប្រាក់​ពី​អ្នក​ជំពាក់​នោះ ត្រូវបាន​ឃាត់ខ្លួន និង​បញ្ជូន​មក​ធ្វើការ​សួរនាំ​នៅ ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នា​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ​។​

​ជនសង្ស័យ​នេះ ឈ្មោះ ថា វណ្ណា អាយុ​៣៤​ឆ្នាំ មានមុខ​របរ​អ្នក​ជា​ថត​វីដេអូ​តាម​ពិធីមង្គលការ រស់នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល ដែល​មាន​គណនី Facebook ឈ្មោះ ព្រះអាទិត្យ​បំបែក​ភ្នំ​។ ខណៈ​ពេល​នេះ​បុគ្គល​ឈ្មោះ ថា វណ្ណា ដែល​បាន​ស្លៀកពាក់​ឯកសណ្ឋាន​កង​រាជ​កងរាជអាវុធហត្ថ បាន​ចូល​សារភាព​នៅ​កង​រាជ​លើ​ផ្ទៃ​ប្រទេស ដើម្បី​បំភ្លឺ​ជូន​សាធារណៈជន​ដើម្បី​កុំឱ្យ​មាន​ការភាន់ច្រឡំ​។​

​បុគ្គល​រូបនេះ បាន​ទៅ​ទិញ​សម្លៀក​បំពាក់​អាវុធហត្ថ​នៅ​ផ្សារ​ទឹកថ្លា ខណ្ឌ​សែន​សុខ ហើយ​យកមក​ស្លៀកពាក់​បង្ហោះ​លើ Facebook និង​បាន​យក​អាវ​អាវុធហត្ថ ទៅ​បំពាក់​ពីក្រោយ​ខ្នង ពេល​ខ្លួន​កំពុង​ឡាយ​វីដេអូ ដើម្បី​ទារ​ប្រាក់​ពី​អ្នក​ជំពាក់ គោលបំណង​ឲ្យគេ​ខ្លាច​។​

​ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជា​ឲ្យកម្លាំង​ជំនាញ បើក​ការស្រាវជ្រាវ​ដើម្បី​ឈាន​ទៅដល់​ការចាប់ខ្លួន​ជន​ម្នាក់នេះ​។ ជនសង្ស័យ ក៏​ត្រូវបាន​រកឃើញ ហើយ​ធ្វើការ​នាំខ្លួន​មក​សួរចម្លើយ នៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​

​នៅ​ចំពោះមុខ​មន្ដ្រី​ជំនាញ ជនសង្ស័យ​បាន​សារភាពថា ហេតុតែ​ខ្លួន​ធ្វើ​ដូច្នេះ ដោយសារតែ​មាន​ចិត្ត​ចង់​តាំង​ពី​តូច ចង់​ក្លាយ​ជា​មន្ដ្រី​អាវុធហត្ថ ប៉ុន្ដែ​មិនដឹង​ចូល​តាម​ច្រក​ណា​។​

​ក្រោយ​បញ្ចប់​ការសួរនាំ និង​អប់រំ​រួចមក ជនសង្ស័យ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​វិញ​។ មន្ត្រី​អាវុធហត្ថ បាន​ផ្ដាំផ្ញើ​ទៅកាន់​ប្រជាពលរដ្ឋ ជា​ពិសេស​យុវជន​កុំ​ប្រព្រឹត្ត​នូវ​ទង្វើ​ខុសច្បាប់​បែបនេះ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សង្គមជាតិ ក៏​ដូច​រង​ទុក្ខទោស​ដល់​ខ្លួនឯង និង​ក្រុមគ្រួសារ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×