Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊ុយអែត គាំទ្រ​ដល់​ការអភិវឌ្ឍ​ជំនាញ និង​ការងារ​សម្រាប់​យុវជន​

spot_img

​ភ្នំពេញ ​៖ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នូវ​របាយការណ៍​ចំនួន​ពីរ គឺ ទី​១. របាយការណ៍​លទ្ធផល​អង្កេត​និយោជក​ស្តីពី កង្វះ​និង​គម្លាត​ជំនាញ​នៅក្នុង​ទីផ្សារ​ការងារ​កម្ពុជា ឆ្នាំ​២០១៧ និង ទី​២. របាយការណ៍​ស្តីពី​ទស្សនវិស័យ​ការងារ​កម្ពុជា​ឆ្នាំ​២០១៨ ។

​លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​បណ្តុះបណ្តាល និង​លោកស្រី ម៉ា​រៀ សា​គ្រិន ឯកអគ្គរដ្ឋទូត​ស៊ុយអែត​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ចូលរួម​ពី​តំណាង​មកពី​ក្រសួង​ស្ថាប័ន​រាជរដ្ឋាភិបាល សហជីព សភាពាណិជ្ជកម្ម សមាគមយុវជន សមាគម​និយោជក គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល អង្គការ​ជាតិ​អន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​នានា​ចំនួន​ប្រមាណ​៣០០​នាក់ នា​រសៀល​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ​។​

​របាយការណ៍​ទាំងពីរ​នេះ ត្រូវបាន​ធ្វើ​ការអង្កេត វិភាគ បោះពុម្ព និង​ផ្សព្វផ្សាយ​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រោម​គម្រោង​ស្តីពី “​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​ជំនាញ និង​ការងារ​សម្រាប់​យុវជន​នៅ​កម្ពុជា​” ផ្តល់​ហិរញ្ញប្បទាន​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត (SIDA) និង​អនុវត្ត​ដោយ​ទីភ្នាក់ងារ​ផ្តល់​សេវា​ការងារ​សាធារណៈ ស៊ុយអែត (Arbetsformedlingen)​។​

​លោកស្រី ម៉ា​រៀ សា​គ្រិន ឯកអគ្គរដ្ឋទូត​ស៊ុយអែត​ប្រចាំ នៅ​ព្រះរាជាណាចក្រ​កម្ពុជា លើកឡើង​នៅក្នុង​ពិធី​ផ្សព្វផ្សាយ របាយការណ៍​ទាំងពីរ​នេះ​ថា​៖ “​ប្រទេស​ស៊ុយអែត​តាមរយៈ​ទីភ្នាក់ងារ ផ្តល់​សេវា​ការងារ​សាធារណៈ​ស៊ុយអែត បាន​សហការ​ជាមួយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​តាំងពី​ឆ្នាំ​២០១២ ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​ជំនាញ និង​ការងារ​សម្រាប់​យុវជន​។ ជាក់ស្តែង របាយការណ៍​ទាំងពីរ​ដែល​ផ្សព្វផ្សាយ​ថ្ងៃនេះ គឺជា​ផ្នែក​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​នេះ​។ វា​គឺជា​ប្រភពព័ត៌មាន​ដែល​អាច​ជឿ​ទុកចិត្តបាន និង​មាន​សារប្រយោជន៍​សម្រាប់​អ្នកស្វែងរក​ការងារ​ធ្វើ​ជា​ពិសេស​យុវជន អាច​ស្វែងរក​ការងារ​បាន​កាន់តែ​ល្អប្រសើរ​នាពេលខាងមុខ​។​”

​ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​នេះ​ផង​ដែរ លោក អ៊ិត សំហេង មានប្រសាសន៍ថា​៖ “​លទ្ធផល​នៃ​ការធ្វើអង្កេត​នេះ ពិតជា​មាន​សារសំខាន់​ណាស់​ក្នុង​ការផ្តល់​ព័ត៌មាន​អំពី​ស្ថានភាព​ទីផ្សារ​ការងា​រនា​ពេល​បច្ចុប្បន្ន​ទៅ​ដល់​ភាគី​ពាកព័ន្ធ​នានា និង​រួមចំណែក​ពង្រឹង​ប្រព័ន្ធ​ព័ត៌មាន​ទីផ្សារការងារ​នៅ​កម្ពុជា​ទាំងមូល​ឲ្យ​ដំណើរការ​ពេញលេញ ពិសេស​យុវជន និង​អ្នកស្វែងរក​ការងារ​អាច​ត្រៀមខ្លួន​បាន​កាន់តែ​ប្រសើរ​ស្របតាម​តម្រូវការ​របស់​ទីផ្សារការងារ​។ ការបន្ត​រក្សាបាន​នូវ​សន្តិភាព ស្ថិរភាព​ពេញលេញ​ទូទាំង​ប្រទេស​នាំ​ឲ្យ​កម្ពុជា​បន្ត​ទាក់ទាញ​បាន​នូវ​វិនិយោគិន​កាន់តែ​ល្អ និង​សម្រេចបាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុង​រយៈពេល​២ ទសវត្សរ៍​កន្លងមក​នេះ នាំឱ្យ​យើង​អាច​បង្កើត​ការងារ​ថ្មី​កាន់តែ​ប្រសើរ​ជាច្រើន និង​បន្ត​រក្សា​ការងារ​ដែល​មាន​ស្រាប់​ជូន​ប្រជាពលរដ្ឋ​ជា​ពិសេស​យុវជន​ដែល​ដល់​អាយុ​ធ្វើការ​ចំនួន​ប្រមាណ​៣​សែន​នាក់​ក្នុង​មួយ​ឆ្នាំៗ​។ កត្តា​នេះ​នាំ​ឱ្យ​កម្ពុជា​យើង​ក្នុងពេល​បច្ចុប្បន្ន​នេះ មាន​អត្រា​មាន​ការងារ​ធ្វើ​ខ្ពស់​រហូតដល់​កម្រិត ៩៩,៣% ស្មើ​នឹង​ប្រមាណ​ជិត​១០​លាន​នាក់ ហើយ​អត្រា​គ្មាន​ការងារ​ធ្វើ​ត្រូវ​បាន​កាត់​បន្ថយ​មក​ត្រឹម​កម្រិត​ទាប​០,៧%​។

ក្នុងចំណោម​អ្នក​មាន​ការងារ​ធ្វើ​សរុប​ទាំងអស់​មាន​ចំនួន​ជិត​១,៥​លាន​នាក់​ធ្វើការ​នៅ​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​, ជាង​២,៤​លាន​នាក់​នៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​, ជាង​៤​លាន​នាក់​នៅក្នុង​វិស័យ​កសិកម្ម​, ១,២​លាន​នាក់​ធ្វើការ​នៅ​ក្រៅប្រទេស​, និង​ចំនួន​ជាង​០,៥​លាន​នាក់​ជា​មន្ត្រី​សាធារណៈ​។​”

​ប៉ុន្តែ​ការរីកចម្រើន​សេដ្ឋកិច្ច​-​សង្គម​ដ៏​ឆាប់រហ័ស​នេះ នាំឲ្យ​ទីផ្សារ​ការងារ​នៅ​កម្ពុ​ជា​មាន​ជវភាព​ខ្លាំង ដែល​បណ្តាលឲ្យ​មាន​ការកើត​ឡើង​នូវ​កង្វះ និង​គម្លាត​ជំនាញ​ដោយសារ​យន្តការ​គាំទ្រ​ដោយ​លំហូរ​ព័ត៌មាន​រវាង​ភាគី​ពាក់ព័ន្ធ​ជា​ពិសេស​អ្នក​ស្វែងរក​ការងារ និយោជក អ្នក​ផ្តល់​ការអប់រំ​បណ្តុះបណ្តាល​មិនទាន់​ត្រូវបាន​អភិវឌ្ឍ​ល្អ​ពេញលេញ​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខិតខំ​ដោះស្រាយ​តាមរយៈ​ការអនុវត្ត​គោលនយោបាយ​ទីផ្សារ​ការងារ​សកម្ម ដោយ​បង្កើតឱ្យមាន​ឡើង​នូវ​ប្រព័ន្ធ​ព័ត៌មាន​ទីផ្សារការងារ​ជាតិ​មួយ គឺ​ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ (NEA) ដែល​ដើរតួនាទី​ក្នុង​ការប្រមូល វាយតម្លៃ និង​ផ្តល់​ព័ត៌មាន ទីផ្សារ​ទូលំទូលាយ សំដៅ​ធ្វើឱ្យ​មាន​តម្លាភាព​ទូទាំងប្រទេស​ពាក់ព័ន្ធ​នឹង​ការផ្គត់ផ្គង់ និង​តម្រូវការ​នៅលើ​ទីផ្សារ​ការងារ ផ្តល់​ភាពងាយស្រួល​ឆាប់រហ័ស​ដល់​អ្នកស្វែងរក​ការងារ និង​និយោជក​ក្នុង​ការទទួលបាន​ព័ត៌មាន​និង​ការផ្គូផ្គង​រវាង​ឱកាស​ការងារ និង​ដំណឹង​ជ្រើសរើស​កម្លាំង​ពលកម្ម​ព្រមទាំង​ផ្តល់​ការគាំទ្រ​ផ្សេងទៀត​ដើម្បី​ជួយ​ឱ្យ​ទីផ្សា​រការ​មាន​ដំណើរការ​កាន់តែ​ប្រសើរ​។ យោង​តាម​លទ្ធផល​អង្កេត​និយោជក​លើក​ទី​៤ ស្តី​ពី​កង្វះ និង​គម្លាត​ជំនាញ​នៅក្នុង​ទីផ្សារ​ការងារ​ឆ្នាំ​២០១៧​នេះ បង្ហាញថា​៖ ៧៧,៩% នៃ​និយោជក​នៅក្នុង​វិស័យ​សណ្ឋាគារ និង​ការ​ស្នាក់នៅ​កំពុង​ជួប​បញ្ហា​លំបាក​ក្នុង​ការជ្រើសរើស​បុគ្គលិក​។

ចំណែកឯ វិស័យ​ដទៃ​ទៀត​គឺ​ស្ថិតក្នុង​អត្រា​៖ ៦៤,១% ក្នុង​វិស័យ​ឡូ​ជី​ស្ទីក​និង​ការដឹកជញ្ជូន​, សុខាភិបាល ៥៨,៣%, អប់រំ​និង​បណ្តុះបណ្តាល ៥៣,០%, កែច្នៃ​ម្ហូបអាហារ​និង​ភេសជ្ជៈ​៥១,៧%, ហិរញ្ញវត្ថុ​និង​ធានារ៉ាប់រង ៥០,៧%, ព័ត៌មានវិទ្យា ៣៦,៥%, សំណង់ ៣៤,៤%, វាយនភ័ណ្ឌ​កា​ត់​ដេរ​សម្លៀកបំពាក់​និង​ផលិត​ស្បែកជើង​២០,៩%, និង​ផលិតកម្ម​កៅស៊ូ និង​ផ្លា​ស្ទីក ៧,៣%​។ កត្តាចម្បង​ដែលនាំឱ្យ​និយោជក​ជួបប្រទះ​ការលំបាក​ក្នុង​ការជ្រើសរើស​កម្លាំង​ពលកម្ម​គឺ​បណ្តាលមកពី​៖ បេក្ខជន​គ្មាន​ជំនាញ​បច្ចេកទេស​តាម​តម្រូវការ មាន​ការប្រកួតប្រជែង​ខ្លាំង​ក្នុងចំណោម​និយោជក​ក្នុង​ការជ្រើសរើស កង្វះ​ប​ពិសោធន៍​ការងារ និង​បេក្ខជន​ដាក់ពាក្យ​ស្វែងរក​ការងារ​មាន​ចំនួន​តិច​។ ជំនាញ​សំខាន់ៗ​ដែល​អ្នកស្វែងរក​ការងារ​មាន​ការខ្វះខាត​រួមមាន​៖ ជំនាញ​ភាសាបរទេស ជំនាញ​បច្ចេកទេស ការបម្រើ​សេវា​អតិថិជន ការនិយាយស្តី ការបំពេញ​ការងារ​ជា​ក្រុម ការដោះស្រាយ​បញ្ហា និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​។​

​ទន្ទឹមនេះ ទិន្នន័យ​ដែល​ប្រមូលបាន​ពី​ការអង្កេត​នេះ​បាន​ផ្តល់​លទ្ធភាព​ឱ្យ NEA ធ្វើការ​វិភាគ​ព្យាករណ៍ និង​ផលិត​ជា​របាយការណ៍​មួយ​ទៀត​ស្តីពី ”​ទស្សនវិស័យ​ការងារ​កម្ពុជា​ឆ្នាំ​២០១៨” ដែល​បង្ហាញ​អំពី​ការវិវត្ត​របស់​ទីផ្សារ​ការងារ​នៅ​កម្ពុជា​ដោយ​ផ្តោត​សំខាន់​ទៅលើ​ឱកាស​ការងារ​តាម​ប្រភេទ​នៃ​មុខរបរ​។ លទ្ធផល​នៃ​របាយការណ៍​នេះ​បានបង្ហាញ​ថា ប្រភេទ​ការងារ​ដែល​អាចឲ្យ​អ្នក​ស្វែងរក​ការងារ​ងាយ​នឹង​ទទួលបាន​នោះ​មានដូចជា​៖ វិស្វករ​ឧស្សាហកម្ម​និង​ផលិតកម្ម វិស្វករ​ទូរគមនាគមន៍ អ្នកឯកទេស​ផ្នែក​វិទ្យុ​សាស្ត្រ និង​ថតកាំរស្មីអ៊ិច អ្នកបកប្រែ​អត្ថបទ​និង​អ្នកបកប្រែ​ផ្ទាល់មាត់ អ្នកបច្ចេកទេស​ផ្នែក​សេវា​គាំទ្រ​ព័ត៌មានវិទ្យា វិស្វករ​គីមី អ្នកបញ្ជា​ម៉ាស៊ីន​ចំ​ហ៊ុយ​ទឹក ជាង​ធ្វើ​កញ្ចក់ ជាង​តម្លើង​បំពង់​ទុយោ និង​បំពង់​បង្ហូរ និង​អ្នក​ដំឡើង​ម៉ាស៊ីន​យានយន្ត​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×