Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាត់ទុក ស៊ុយអែត ជា​ដៃគូ​ពាណិជ្ជកម្ម ដ៏​សំខាន់​មួយ​របស់​កម្ពុជា​

spot_img

​​ភ្នំពេញ ​៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចាត់ទុក ប្រទេស​ស៊ុយអែត នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម ដ៏​សំខាន់​មួយ​របស់​កម្ពុជា តាមរយៈ ក្រុមហ៊ុន​បញ្ជា​ទិញ និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​កម្ពុជា​។​

​មានប្រសាសន៍​នៅក្នុង​ជំនួប​សវនាការ ជាមួយ លោកស្រី ម៉ា​រៀ សាគ្រីន (Maria Sagren) ឯក​អគ្គរាជ​រដ្ឋទូត​ស៊ុយអែត ប្រចាំ​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែមិថុនា នេះ លោក រដ្ឋមន្ត្រី បានលើកឡើង​ពី​គម្រោង និង​ទំនាក់ទំនង​វិជ្ជាជីវៈ ដែល​កន្លងមក​នេះ បាន​អនុវត្ត​ប្រកបដោយ​ជោគជ័យ ដែល​នេះ​ជា​ផ្នែក​មួយ ក្នុងការ​ជម្រុញ​នូវ​វឌ្ឍនភាព នៃ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​កម្ពុជា​។​

​ក្នុងជំនួប​នោះ​ដែរ លោក​រដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​ដល់ លោកស្រី​ឯកអគ្គរាជទូត​ស៊ុយអែត ដែល​បាន​គាំទ្រ​ដល់ ទីភ្នាក់ងារ​ជាតិ មុខរបរ និង​ការងារ (N.E.A) និង​ការរៀបចំ​ទម្រង់​សិក្សា​ស្រាវជ្រាវ​លើ​ទីផ្សារ​ការងារ​នៅ​កម្ពុជា ។ សម្រាប់​ថ្ងៃ​នេះ​ដែរ ក៏​បាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​នូវ​លទ្ធផល​អង្កេត​និយោជក ស្តីពី កង្វះ និង​គម្លាត​ជំនាញ​នៅក្នុង​ទីផ្សារ​ការងារ​កម្ពុជា​ឆ្នាំ​២០១៧ និង របាយការណ៍​ស្តីពី​ទស្សនវិស័យ​ការងារ​កម្ពុជា​ឆ្នាំ​២០១៨ ដែល​ជា​ផ្លែផ្កា​នៃ​ការសិក្សា​ស្រាវជ្រាវ ហើយ​ទិន្នន័យ​ទាំងឡាយ ដែល​ចេញពី​ការស្រាវជ្រាវ​នេះ ពិតជា​ផ្តល់​នូវ​ប្រយោជន៍​ដ៏​ធំ​ណាស់ សម្រាប់​ការរៀបចំ​ខ្លួន របស់​យុវជន ក៏​ដូចជា​ការរៀបចំ​គោលនយោបាយ​នានា។​

​ក្នុងជំនួប​នោះ លោកស្រី ឯកអគ្គរាជទូត​បាន មានប្រសាសន៍​ដែរ​ថា ដោយ​បាន​ការអនុញ្ញាត ពី​ក្រសួង​ការងារ និង​កិច្ចសហប្រតិបត្តិការ ជាមួយ​ស្ថានទូត​នា​ពេលកន្លងមក បានធ្វើឱ្យ​ទំនាក់ទំនង​នេះ កាន់តែ​ស៊ីជម្រៅ និង​រឹងមាំ ពិសេស​កិច្ចសហការ​ជាមួយ NEA លើ​គម្រោងការ​ផ្តល់​កិច្ច​សិក្សា​ស្រាវជ្រាវ លើ​វិស័យ​ការងារ ក៏​ដូចជា​កិច្ច​សហការ​ទៅលើ​គំរោង មួយចំនួនទៀត ផងដែរ​។​

​លោកស្រី​បាន​បញ្ជាក់​ផងដែរ​ថា ទាក់ទិន​នឹង​ទីភ្នាក់ងារ​ជាតិ និង​មុខរបរ និង​ការងារ​វិញ លោកស្រី​មើលឃើញថា រយៈពេល​តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ មាន​ការរីកចម្រើន​គួរឱ្យកត់សម្គាល់ គឺ​មាន​ការវិវត្ត​ប្រកប​ដោយ​ភាព​វិជ្ជមាន ដោយ​មាន​សកម្មភាព​ជា​ច្រើន បាន​ធ្វើ​កន្លងមក​។ លោកស្រី សន្យាថា គាំទ្រ និង​ចូលរួម​រាល់​សកម្មភាព​របស់ NEA ជា​បន្តទៅទៀត​។​

​ក្រៅពីនេះ លោកស្រី​ក៏​បាន​រំលឹក ពីសារ​សំខាន់​នានា នៃ​របាយការណ៍ អង្កេត​ទាំងពីរ ដែល​នឹង​ដាក់ជូន​ផ្សព្វផ្សាយ​នៅ​ថ្ងៃនេះ ដែល​មាន​ការ​បន្ស៊ី​គ្នា រវាង​តម្រូវការ​ជំនាញ និង​តម្រូវការ​ទីផ្សារ ដែល​កំពុងតែ​មាន​តម្រូវការ​ចាំបាច់​នាពេល​បច្ចុប្បន្ន ដែល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រូវ​សហការ​ជាមួយ ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការជំរុញ​ដល់​យុវជន​ឱ្យមាន​ការយល់ដឹង​ពី​ទីផ្សារ​ការងារ​នៅ​កម្ពុជា​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×