Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ​បង្ហាញ​ពី​រចនា​សម្ពន្ធ​ស្រះ​ខាងជើង​មុខ​អង្គរវត្ត​ដែល​បាន​ពី​លទ្ធផល​កំណាយ​ស្រាវជ្រាវ​

spot_img

​សៀមរាប​៖ មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បានបង្ហាញ​ថា ការងារ​កំណាយ​ស្រាវជ្រាវ​នៅ​ស្រះ​ខាងជើង​មុខ​អង្គរវត្ត ទទួលបាន​លទ្ធផល​ខ្លះ​ហើយ​មកដល់ពេលនេះ​។ ជា​លទ្ធផល​បឋម​ក្រុម​ការងារ​បាន​រកឃើញ​រចនា​សម្ពន្ធ​ស្រះ​ដែល​មាន​កាំជណ្តើរ​ធ្វើ​អំពី​ថ្មបាយក្រៀម​នៅ​តួ​ស្រះ​និង​ថ្មភក់​នៅ​មាត់​ស្រះ ក្រៅពីនោះ​មាន​ការចាក់​បង្គរ​ដី​ជា​ស្រទាប់ៗ​ខុសៗ​គ្នា​ដើម្បី​រក្សា​ស្ថេរភាព​ផ្ទៃ​ស្រះ​ទាំងមូល​។​

​នៅក្នុង​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣០​របស់​គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ចការ​គាំពារ​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ កាលពី​ព្រឹក​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨ អ្នកស្រី នេ​ត ស៊ី​មន បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍ថា ការធ្វើ​កំណាយ​នេះ​មាន​ចំនួន​២​ទីតាំង​។ ទី​តាំងទី​១​ដែល​កំពុង​កំណាយ​មាន​៣​រណ្តៅ​ជាប់​គ្នា ហើយ​លទ្ធផល​បឋម​បាន​បង្ហាញ​អំពី​ការរៀបចំ​គ្រឹះ មាត់​ស្រះ​និង​ជណ្តើរ​៣​កាំ​ចុះក្រោម​សាង​អំពី​ថ្ម​ភក់ និង​កាំជណ្តើរ​ក្រោមៗ​ទៀត​ធ្វើ​អំពី​ថ្មបាយក្រៀម​កប់​ដី​ដែល​មាន​សភាព​ទ្រុឌទ្រោម​ខូចខាត​រូបរាង​ក្នុង​ទម្រង់​មិន​ច្បាស់លាស់ ពិបាក​សន្និដ្ឋានថា​ជា​កាំជណ្តើរ​ឬ​ជា​ដី​បុក​បង្ហាប់​ធ្វើជា​បាត​ស្រះ​។​

​អ្នកស្រី​បាន​បញ្ជាក់ទៀតថា តាមរយៈ​ការសិក្សា​ស្រទាប់ដី​នេះ បានបង្ហាញ​ទម្រង់​ពិសេសៗ​៣​ចំណុច​សំខាន់ៗ​។ ទី​១. ការចាក់​បង្គរ​ដី​យ៉ាង​ធំ​នៅ​ផ្ទៃ​ខាងក្រៅ​ស្រះ​ដែល​បាន​បុក​បង្ហាប់​ឆ្លាស់គ្នា ដោយ​មាន​ស្រទាប់​ថ្មបាយក្រៀម​លាយ​ដី​ឥដ្ឋ លាយ​ថ្មភ្នំ ស្រប​តាម​បណ្តោយ​មាត់​ស្រះ រីឯ​ផ្ទៃ​ខាងក្រោម មាន​ការបុក​បង្ហាប់​ជាមួយ​ដីខ្សាច់​លាយ​ដីឥដ្ឋ លាយ​ថ្មបាយក្រៀម​។ ទី​២. រចនា​សម្ព័ន្ធ​ស្រះ​ទាំងមូល​បាន​រៀប​កាំជណ្តើរ​ថ្មភក់​នៅ​មាត់​ស្រះ ព្រមទាំង​រៀប​ថ្មបាយក្រៀម​ផ្នែក​ខាងក្រៅ​នៅ​បាត​ស្រះ​មាន​ការបុក​បង្ហាប់ដី មាន​ខ្សាច់​លាយ​ថ្មភ្នំ នៅ​ស្រទាប់​នេះ ដែល​ពិបាក​កំណត់​តួនាទី​នៃ​ការប្រើប្រាស់ ដោយសារ​ថ្មភ្នំ​និង​ថ្មបាយក្រៀម​មាន​ការពុក​ផុយ​ជា​អន្លើៗ​។ ទី​៣. ការចាក់​បង្គរ​សម័យ​ថ្មី រកឃើញ​កំណាត់ឈើ បន្ទះក្តារ​ប្រើប្រាស់​សម័យមុន​និង​លាយឡំ​ដោយ​សម្ភារៈ​សម័យថ្មី​។ បន្ទាប់​ពី​បញ្ចប់​គម្រោង​កំណាយ​រណ្តៅ​ទីមួយ​នេះ ក្រុមការងារ​នឹង​បន្ត​កំណាយ​នៅ​ស្រះ​ផ្នែក​ខាងកើត​ឆៀង​ខាងត្បូង​ដែល​ជា​រណ្តៅ​ទី​២​។

​សូម​បញ្ជាក់​ដែរ​ថា ការធ្វើ​កំណាយ​នេះ​មាន​គោលបំណង​លើក​តម្លៃ​ស្រះ ដែល​ជា​ផ្នែក​មួយ​នៃ​ស្ថាបត្យកម្ម​ប្រាសាទ​អង្គរ ទម្រង់​ស្ថាបត្យកម្ម​ប្រាសាទ​សម្រាប់​ការពង្រឹង​ជួសជុល​លើ​សោ​ភណ្ឌ​ភាព​ស្រះ និង​ទម្រង់​ទស្សនីយភាព​ទេសចរ​។ គូរ​រំឭក​ដែរ​ថា កន្លង​មក​ស្រះ​ខាងជើង​និង​ខាងត្បូង​មុខ​អង្គរវត្ត​ត្រូវបាន​បំផ្លាញ​ដោយ​ធម្មជាតិ នៅក្នុង​ឆ្នាំ​១៩២០-២១ សាលា​បារាំង​ចុង​បូព៌ា មាន​លោក HENRI Machal (​ហង់​រី ម៉ាហ្សា​ល់​) បាន​ធ្វើ​កំណាយ និង​ជួសជុល​ឡើងវិញ​។ នៅ​ឆ្នាំ​២០០៥-២០០៧ ក្រុមការងារ​បុរាណវិទ្យា​ក៏​បាន​សិក្សា​រចនា​សម្ពន្ធ​ស្រះ​ខាងត្បូង​រកឃើញ​ជណ្តើរ​ចំនួន​៦​កាំ​ដែលមាន​ស្ថានភាព​ល្អ​និង​ជណ្តើរ​ថ្មបាយក្រៀម​ពុកផុយ និង​បាត​គ្រឹះ​មាន​សភាព​នៅ​ល្អ​នៅឡើយ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×