Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នកនាំពាក្យ គឺជា​អ្នក​គិតគូ​រទាំង យុទ្ធ​សាស្ត និង​យុទ្ធវិធី​ជា​មេបញ្ជាការ​នៅ​លើ​ការគ្រប់គ្រង សមរភូមិ​សាធារណៈមតិ​

spot_img

​ភ្នំពេញ ​៖​ លោក​រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី​បាន​ថ្លែងថា ៖​អ្នកនាំពាក្យ គឺជា​អ្នក​គិតគូ​រទាំង យុទ្ធ​សាស្ត និង​យុទ្ធវិធី ហើយក៏​ជា​មេបញ្ជាការ​នៅលើ​ការគ្រប់គ្រង សមរភូមិ​សាធារណៈមតិ​។ លោក​បន្តថា​៖​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​អ្នកនាំពាក្យ ដើម្បី​លើកកម្ពស់​ការងារ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពិត ជូន​ប្រជាពលរដ្ឋ​។​

​គួរបញ្ជាក់​ថា​៖​មន្ត្រី អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ មកពី រាជធានី ខេត្ត ចំនួន​៦១​នាក់ ដែល​ជា​មន្ត្រី​ទទួលបន្ទុក​ការងារ​ព័ត៌មាន ត្រូវបាន​ទទួល​ការបណ្តុះបណ្តាល និង​ការដក​បទពិសោធន៍​បន្ថែមទៀត ពី​គ្រូ​បង្គោល​ជា​ជនជាតិ​កម្ពុជា និង​គ្រូ​ជនជាតិ​បរទេស​ក្នុង​រយៈពេល​៣​ថ្ងៃ ។​ហើយ​វគ្គ​បណ្ដុះ​បណ្ដ​ល​ខាងលើ​បាន​ធ្វើ​ពិធី​បិទ​វគ្គ​កាលពី​រសៀល​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៨​នេះ ក្រោម​អធិបតីភាព​លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ និង​ជា​ប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​ក្នុង​ពិធី​នោះ​លោក​រដ្ឋលេខា​ទីស្ដីការគណៈរដ្ឋមន្ត្រី​បាន​បន្តថា​៖​នេះ​ជា​លើក​ទី​២​ហើយ ដែល​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មន្ត្រី​អ្នកនាំពាក្យ ដែល​កាលពី​លើក​ទី​១ រៀបចំ​ធ្វើឡើង​សម្រាប់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ចំនួន​៧៨​រូប តំណាងឲ្យ​៣៣​ក្រសួង និង​ស្ថាប័ន​ថ្នាក់ជាតិ ហើយ​លើក​ទី​២​នេះ សម្រាប់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​។ បទពិសោធន៍​ជា​ច្រើន ក្នុងនោះ​មាន​ទាំង​យុទ្ធសាស្ត្រ យុទ្ធវិធី គោលការណ៍ វិធីសាស្ត្រ បច្ចេកទេស និង​ចំណុច​គន្លឹះ​សំខាន់ៗ ត្រូវបាន​បង្ហាញ​ដោយ​គ្រូ​បង្គោល​ជនជាតិ​កម្ពុជា និង​គ្រូ​ជនជាតិ​បរទេស ចែករំលែក​ដល់​មន្ត្រី​អ្នកនាំពាក្យ​អាជ្ញាធរ​រាជធានី​-​ខេត្ត ដើម្បី​យក​ទៅ​បំពេញ​ការងារ​របស់​ខ្លួន ប្រកប​ដោយ​វិជ្ជាជីវៈ​ខ្ពស់ ហើយ​ដែល​គ្រូ​ឧទ្ទេស​នាម​បានបញ្ជាក់​ថា អ្នកនាំពាក្យ គឺជា​មន្ត្រី​ដែល​កាន់​ការងា​ជា​យុទ្ធសាស្ត្រ​។​

​ជាមួយគ្នា​នោះ​លោក ស្វាយ ស៊ីថា ក្នុងនាម​លោក​កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​រដ្ឋមន្ត្រី​ស្តីទី ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ថ្លែងថា អ្នកនាំពាក្យ​ត្រូវ​តែមាន​ទិសដៅ ផែនការ​សកម្មភាព​ច្បាស់​លាស់ ហើយ​ត្រូវ​តាមដាន​គ្រប់គ្រង និង​ក្តាប់​ព័ត៌មាន ឲ្យបាន​គ្រប់​ជ្រុងជ្រោយ​នៅក្នុង​ស្ថាប័ន របស់​ខ្លួន​នីមួយៗ​។ មិនតែប៉ុណ្ណោះ អ្នកនាំពាក្យ​ត្រូវ​តែ​សហការ​ឲ្យបាន​ល្អ ជាមួយ​អ្នកសារព័ត៌មាន ដើម្បី​ឆ្លើយតប​បាន​លឿន​ចំ​បញ្ហា និង​មាន​ប្រសិទ្ធភាព​។​

​លោក​បញ្ជាក់ទៀតថា​៖​តាមរយៈ​វគ្គ​បណ្តុះបណ្តាល​រយៈពេល​៣​ថ្ងៃនេះ អ្នកនាំពាក្យ​បានទទួល​នូវ​ចំណេះដឹង រូបមន្ត បទពិសោធន៍​ថ្មីៗ​ជាច្រើន ពី​គ្រូ​ឧទ្ទេស​នាម និង​បាន​ដឹង​កាន់តែច្បាស់​អំពី​ចំណុច​ខ្លាំង ចំណុច​ខ្វះខាត​របស់​ខ្លួន យក​ទៅ​កែលំអរ​ដើម្បី​ពង្រឹង​ការអនុវត្ត​នូវ​បេសកកម្ម​របស់​ខ្លួន ជា​អ្នកនាំពាក្យ ប្រកប​ដោយ​វិជ្ជាជីវៈ​ខ្ពស់​។ លើសពីនេះទៅទៀត អ្នកនាំពាក្យ​ក៏​ដើរតួនាទី​ដ៏​សំខាន់​ណាស់ គឺ​មិន​ត្រឹមតែ​ជា​និមិត្តរូប ឬ​ជា​ស្ពាន​ចម្លង​ព័ត៌មាន​ពិត​របស់​ស្ថាប័ន​នីមួយៗ​របស់ខ្លួន ទៅកាន់​សាធារណជន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​អ្នក​ការពារ​នូវ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដ៏​ពិតប្រាកដ ហើយ​ជាពិសេស​ជាងនេះទៅទៀត ក្នុង​សមរភូមិ​សា​ធា​រណះ​មតិ អ្នកនាំពាក្យ គឺជា​អ្នក​ការពារ​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ ស្ថេរភាព សង្គម អធិបតេយ្យភាព បូរណភាព​ទឹកដី ឯករាជ្យ និង​ការឯកភាព​ជាតិ​ផងដែរ​។​

​លោក ស្វាយ ស៊ីថា បាន​សង្កត់ធ្ងន់ថា សម្តេច​តេជោ ហ៊ុន សែន គឺជា​អ្នក​កសាង​នូវ​សន្តិភាព ដូច្នេះ​អ្នកនាំពាក្យ​ទាំងអស់គ្នា ត្រូវ​ចូលរួម​ថែរក្សា សុខសន្តិភាព ដែល​មាន​នាពេល​បច្ចុប្បន្ន​នេះ ឲ្យបាន​ស្ថិតស្ថេរ​គង់វង្ស​យូរអង្វែង​។ លោក​បន្តថា អ្នកនាំពាក្យ​មាន​កាតព្វកិច្ច​កែតម្រូវ​ជុំវិញ​ការ បំភ្លៃ និង​ការ​ភូតកុហក ដោយ​ក្រុម​ជន​មួយចំនួន ដែល​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​បំពុល និង​បំបែកបំបាក់​សង្គមជាតិ ជាពិសេស​ព័ត៌មាន​ដែល មាន​ច​រឹក​ជាការ​ញុះញង់​ដុត​បញ្ឆេះ ឲ្យមាន​ឡើង​នូវ​បដិវត្តពណ៌ បង្កចលាចល​ក្នុងសង្គម​។​

​លោក​បញ្ជាក់​ច្បាស់​ថា​៖​ម្យ៉ាងវិញទៀត អ្នកនាំពាក្យ គឺជា​អ្នក​ជួរ​មុខ​ក្នុង​ការ​បន្សាប និង​ពន្លត់ នូវ​ព័ត៌មាន​ក្លែងក្លាយ Fake News ដែល​ជា​យុទ្ធសាស្ត្រ និង​ឧបាយកល​ដ៏​ពិសពុល នៃ​បដិវត្តន៍​ពណ៌ ពោល​នៅពេលដែល មាន​ព័ត៌មាន​អវិជ្ជមាន និង​ការចោទប្រកាន់​ខុស ពុំ​មាន​មូលដ្ឋាន​ច្បាស់លាស់ ប៉ះពាល់​ដល់​ស្ថាប័ន ឬ​រដ្ឋបាល​ខេត្ត​របស់​ខ្លួន អ្នកនាំពាក្យ​ចាំបាច់ ត្រូវតែ​ធ្វើ​ការបកស្រាយ បំភ្លឺ​តប​ទៅ​វិញ​តាម​ទម្រង់​ផ្សេងៗ​ឲ្យបាន​លឿន និង​ច្បាស់លាស់​។​

​គួររំលឹកថា​៖​នៅ​មុន​ពេល​បិទ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​វិជា្ជជីវៈ​អ្នកនាំពាក្យ លោក ស្វាយ ស៊ីថា និង​គ្រូ​ជនជាតិ​បរទេស ក៏​បាន​ប្រគល់​នូវ​វិញ្ញាបនបត្រ ជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​អាជ្ញាធរ​រាជធានី​-​ខេត្ត សរុប​ចំនួន​៦១​រូប និង​បាន​ថតរូប​អនុស្សាវរីយ៍​ជាច្រើន បង្កើតបាន​នូវ​បរិយាកាស​ដ៏​រីករាយ និង​ស្និទ្ធស្នាល​ប្រកប​ដោយ​ភាតរ​បំផុត​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×