Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​កសិកម្ម ពិនិត្យ​លើ​វឌ្ឍនភាព បញ្ហា​ប្រឈម យុទ្ធសាស្ត្រ និង​ការធ្វើ​កំណែទម្រង់​លើ​វិស័យ​កសិកម្ម​ឲ្យបាន​ល្អ​ប្រសើរ​

spot_img

​ភ្នំពេញ ​៖ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បានបញ្ជាក់​ថា ទន្ទឹម​និង​សមិទ្ធ​ភាព​ដ៏​ធំធេង ដែល​ទទួល​បាន​កន្លង​មក វិស័យ​កសិកម្ម នៅ​មាន​បញ្ហា​ប្រឈម​ជាច្រើន ដែល​ទាមទារ​ឲ្យមាន​ការដោះស្រាយ និង​ធ្វើ​កំណែទម្រង់​លើ​គ្រប់​អនុវិស័យ​ឲ្យបាន​ល្អ​ប្រសើរ មាន​ប្រសិទ្ធភាព ប្រសិទ្ធ​ផល និង​ទាន់​ពេលវេលា​។​

​នៅ​ថ្ងៃ​សៅរ៍​ទី​៩ ខែមិថុនា ឆ្នាំ ២០១៨ នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​រៀបចំ​កិច្ចប្រជុំ​ផ្ទៃ ក្នុង​ដើម្បី​ពិនិត្យ​លើ​វឌ្ឍនភាព បញ្ហា​ប្រឈម យុទ្ធសាស្ត្រ និង​ការធ្វើ​កំណែទម្រង់​លើ​វិស័យ​កសិកម្ម ក្រោម​អធិបតីភាព លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដោយ​មាន​ការចូលរួម​ពី​សំណាក់​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា​ក្រសួង និង​ថ្នាក់ដឹកនាំ​ស្ថាប័ន​នានា និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ប្រមាណ​ជា​៥០០​នាក់​។​

​លោក​វេង សាខុន បានបញ្ជាក់​ថា កិច្ចប្រជុំ​ផ្ទៃ ក្នុង​ដើម្បី​ពិនិត្យ​លើ​វឌ្ឍនភាព បញ្ហា​ប្រឈម យុទ្ធសាស្ត្រ និង​ការធ្វើ​កំណែទម្រង់​លើ​វិស័យ​កសិកម្ម ឆ្លើយ​តម​តាម​តម្រូវការ​ជាក់ស្តែង នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ កំណែលម្អ​កម្រិតជីវភាព កាត់បន្ថយ​ភាពក្រីក្រ និង​ការធ្វើ​ចំណាកស្រុក ជា​ពិស​ស​សមស្រប​តាម​និន្នាការ នៃ​តម្រូវការ​ទីផ្សារ​កសិផល ដែល​មាន​គុណភាព សុវត្ថិភាព និង​ស្តង់ដារ របស់​ទីផ្សារ​នាំចូល​។​

​លោក ស្រី វុ​ឌ្ឍី អគ្គលេខាធិការ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​សម្តែង​នូវ​មតិ​ស្វាគមន៍ និង​រាយការណ៍​ជូន​អង្គពិធី​ជ្រាប​ដោយ​សង្ខេប​អំពី​ទី​១៖ វឌ្ឍនភាព​នៃ​វិស័យ​កសិកម្ម ទី​២៖ បញ្ហា​ប្រឈម​ដែល​បាន​ជួបប្រទះ​ក្នុង​ការអនុវត្ត​ជាក់ស្តែង ទី​៣៖ ការធ្វើ​កំណែទម្រង់​ក្នុង​វិស័យ​កសិកម្ម និង​ទី​៤៖​គោល​ន​យោ​បាន និង​ផែនការ​អនុវត្ត​បន្ត​ក្នុង​នោះ មាន​គោ​លន​យោ​បាន​នៃ​ការធ្វើ​ទំនើបកម្ម​កសិកម្ម សមស្រប​ទៅ​តាម​និន្នាការ​នៃ​កំណើន​សេដ្ឋកិច្ច បម្រែបម្រួល​អាកាសធាតុ និង​តម្រូវការ​ទីផ្សារ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក ផែនការ​ជំរុញ គាំទ្រ និង​លើកទឹកចិត្ត​ដល់​ការវិនិយោគ​លើ​ការផលិត និង​កែច្នៃ​គ្រប់​ជ្រុង ជ្រោយ ផែនការ​កំណត់​តំបន់​ដាំ​ដុះ​ឲ្យបាន​សម ស្រប​តាម​ស្ថានភាព គុណភាព​ដី លក្ខខណ្ឌ​អំណោយផល​ទឹក និង​រចនាសម្ព័ន្ធ​ដឹកជញ្ជូន ស្តុក​ទុក និង​កែច្នៃ​។​

​លោក​រដ្ឋមន្ត្រី វេង សាខុន បាន​ធ្វើ​ការកោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង ថ្នាក់​ដឹកនាំ​អង្គភាព​ជំនាញ​ក្រោម​ឱវាទ មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់ យក​អស់​ស្មារតី​ទទួលខុសត្រូវ​បំពេញ​តួនាទី និង​ភារកិច្ច​ដែល​ថ្នាក់ដឹកនាំ​ក្រសួង ក៏ដូចជា​រាជរដ្ឋាភិបាល​បាន​ប្រគល់ជូន ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ​។​

លោក​រដ្ឋមន្ត្រី​បាន​ផ្តល់​អនុសាសន៍​សំខាន់​ជូន​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រោម​ឱវាទ​ឲ្យ យកចិត្តទុកដាក់​ទ្វេរ​ឡើង​ថែម​ទៀត ក្នុង​ការបំពេញ​ការងា​រ ក្នុងនោះ​មាន​អនុវិស័យ​កសិកម្ម (​ការដាំដុះ​ដំណាំ​) គឺ​ត្រូវធ្វើ​ឲ្យបាន​ល្អ​ប្រសើ​រ តាម​ការអនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា ការអនុវត្ត​កសិកម្ម​ល្អ (Good Agricultural Practices) ការកំណត់​តំបន់​ដាំ​ដុះ ការផលិត​ពូជ​សុទ្ធ​ល្អ ការលើកទឹកចិត្ត​ដល់​ការវិនិយោគ​លើ​ការផលិត ការកែច្នៃ វេច​ខ្ចប់ និង​នាំចេញ​។​

​លោក​រដ្ឋមន្ត្រី​បាន​ជំរុញ​ឲ្យ​បង្កើន​កិច្ចសហការ​ជាមួយ ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​កសិកម្ម ឲ្យមាន​ការរីកចម្រើន​ថែម​ទៀត ធានាបាន​នូវ​កំណើនសេដ្ឋកិច្ច និង​សន្តិសុខ​ស្បៀង​។ ត្រូវ​បង្កើន​ការងារ​ស្រាវជ្រាវ ផ្សព្វផ្សាយ និង​លើកកម្ពស់​ការងារ​គ្រប់គ្រង​ស្ថានីយ មជ្ឈមណ្ឌល កន្លែង​ពិសោធន៍​ឲ្យមាន​សកម្មភាព​ឡើងវិញ ដើម្បី​បំពេញ​តួនាទី​ជា​អ្នក​ផលិត​ពូជ​សុទ្ធ​ល្អ ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​។ ពង្រឹង​និង​ពង្រីក​ការអនុវត្ត​បច្ចេកទេស​គ្រឿងយន្ត​កសិកម្ម​ធានាបាន​គុណភាព សុវត្ថិភាព និង​សមស្រប​ទៅតាម​លទ្ធភាព​របស់​អ្នកប្រើប្រាស់​។ អនុវិស័យ​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ អគ្គនាយកដ្ឋាន​ត្រូវ​យកចិត្ត​ទុក​ដាន់​លើ​ការផលិត​ដំណាំ ចំណី​សត្វ​បំពេញ​បង្គ្រប់​តម្រូវការ​ក្នុងស្រុក កាត់បន្ថយ​ការ​នាំចូល​។ ពង្រឹង និង​ពង្រីក​ការផ្សព្វផ្សាយ​ការ អនុវត្ត​ផលិតកម្ម​សត្វ​ល្អ (Good Animal Husbandry Practice, GHP) និង​ច្បាប់​ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ អនុក្រឹត្យ និង​សេចក្តីប្រកាស​ក្រោម​ច្បាប់​ឲ្យមាន​ប្រសិទ្ធភាព​។ ពង្រឹង និង​ពង្រីក​ការត្រួតពិនិត្យ​សុខភាព​សត្វ គុណភាព​និង​សុវត្ថិភាព​សាច់ និង​ផលិតផល​សត្វ ដើម្បី​ធានាបាន​សុវត្ថិភាព សុខភាព​សាធារណៈ​។ វិស័យ​ជលផល​និង​ព្រៃឈើ លោក​រដ្ឋមន្ត្រី​បាន​ជូន​មតិ​ឲ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រីក្រោមឱវាទ ត្រូវ​ខិតខំ​ធ្វើ​កំណែទម្រង់​វិស័យ​ទាំង​ពីរ​នេះ ដូច​ជា​កំណែទម្រង់​ច្បាប់ ការគ្រប់គ្រង​និង​អនុវត្ត​ច្បាប់ ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព នៃ​ការអនុវត្ត​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ ជាពិសេស​ផ្តល់ជូន​អគ្គលេខាធិការ ធ្វើការ​ពិនិត្យ និង​ពិភាក្សា​គ្នា​ឲ្យបាន​ល្អិតល្អន់ ដើម្បី​ដាក់​ស្នើសុំ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ក្នុង​ការបង្កើត​រាជបណ្ឌិត​វិទ្យាសាស្ត្រ​កសិកម្ម ។ លើកកម្ពស់​លើ​ការគ្រប់គ្រង​ការផលិត ការ​កៃ​ច្នៃ និង​នាំចេញ ខិតខំ​និង​យក​ស្មារតី​ទទួលខុសត្រូវ​ទប់​ស្តាត់ នូវ​រាល់​បទល្មើស​ឲ្យមាន​ស​ប្រសិទ្ធភាព​។ ត្រូវ​យកចិត្តទុកដាក់​អភិវឌ្ឍ​សហគមន៍​តាម​រយៈ​ការបង្កើត​មុខរបរ​ថ្មី ដើម្បី​បង្កើន​ប្រាក់ចំណូល​សហគមន៍ កាត់បន្ថយ​ការពឹងផ្អែក​លើ​ផល និង​អនុផល​ធនធានធម្មជាតិ​។ ជារួម​អនុវិស័យ​ទាំងអស់​ត្រូវ​បន្ត​ពង្រឹង និង​ពង្រីក​ការប្រើប្រាស់ ការផ្សព្វផ្សាយ​ព័ត៌មានវិទ្យា​ឲ្យបាន​ត្រឹមត្រូ​វ​ច្បាស់លាស់ មាន​ប្រសិទ្ធភាព និង​ទាន់​ពេលវេលា​ក្នុង​ការឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​រាល់​បញ្ហា​ប្រឈម ដែល​ទាក់ទង​និង​វិស័យ​កសិកម្ម​ជូន​ប្រជាកសិករ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×