Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយក​ទីចាត់ការ​ផែនការ និង​វិនិយោគ សាលាខេត្ត​តាកែវ ត្រូវ​ប្តឹង​ចូល ACU ថា​ដាក់​ក្រុមហ៊ុន​ដែលជា​សាច់ញាតិ និង​បក្ខពួក​របស់ខ្លួន ចូលរួម​ដេញថ្លៃ​គម្រោង​អភិវឌ្ឍន៍​

spot_img

​ភ្នំពេញ​៖ លោក ហេង វុទ្ធី នាយក​ទីចាត់ការ​ផែនការ និង​វិនិយោគ សាលាខេត្ត​តាកែវ បាន​រង​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី​ក្នុងការ​អនុវត្ត​តួនាទី​និង​ភារកិច្ច​ចំនួន​៤​ចំណុច​ធំៗ ដែល​ក្រុមហ៊ុន​ជា​សាច់ញាតិ និង​បក្ខពួក​របស់ខ្លួន ចូលរួម​ដេញថ្លៃ​គម្រោង​អភិវឌ្ឍន៍​។ ការចោទប្រកាន់​ទាំងនេះ ត្រូវបាន​ប្តឹង​ចូល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​ទាមទារ​ឲ្យ​មានការ​បកស្រាយ​។

​ក្នុង​ពាក្យ​ប្តឹង​ចូល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​បាន​ផ្សព្វផ្សាយ​ថា ការចោទប្រកាន់ រួមមាន​៖ ១.​ការ​ចងក្រង​ជា​ក្រុម នូវ​ក្រុមហ៊ុន​ដែលជា​សាច់ញាតិ និង​បក្ខពួក​របស់ខ្លួន​ចូលរួម​ដេញថ្លៃ​។ ២)​ធ្វើជា​អធិបតី​ក្នុងការ​ដេញថ្លៃ​គម្រោង​មូលនិធិ​ឃុំ ហើយ​បញ្ជា​ឲ្យ​គណៈកម្មការ​ដេញថ្លៃ​ទទួលយក​ក្រុមហ៊ុន​ចូលរួម​ដេញថ្លៃ​ដែលជា​បក្ខពួក​របស់ខ្លួន ដោយ​មិនបាច់​ចូលរួម​ដេញថ្លៃ​។ ទង្វើ​នេះ​ខុសពី​គោលការណ៍​របស់​ក្រសួងមហាផ្ទៃ​ដែលមាន​ក្រុមប្រឹក្សាឃុំ​ជា​គណៈកម្មការ និង​ត្រូវជា​អធិបតី​ក្នុងការ​ដេញថ្លៃ​នេះ​។ ៣.​បញ្ជា​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​ឲ្យ​ចុះ​បិទ​គម្រោង​ការងារ​ដែល​ទ​ទួល​ធ្វើ ៥០​ភាគរយ​ឬ​១០០​ភាគរយ ឬ​គម្រោង​នានា រយៈពេល​៦​ខែ នៃ​កិច្ចសន្យា​សាងសង់​របស់​ក្រុមហ៊ុន​ដែលជា​សាច់ញាតិ ឬ​បក្ខពួក​របស់ខ្លួន​ដោយ​មិនបាន​ពិភាក្សា​ជាមួយ​គណៈកម្មការ​ឃុំ​សង្កាត់ និង​បង្ខំ​ឲ្យ​គណៈកម្មការ​ឃុំ​សង្កាត់​ទទួលយក​គម្រោង​នោះ ទោះបី​ការសាងសង់​មិនត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​យ៉ាងណាក៏ដោយ​។

​លើសពីនេះ​ទៀត លោក​បាន​បញ្ជា​ឲ្យ​អ្នកបច្ចេកទេស​ធ្វើ​របាយការណ៍​បច្ចេកទេស​មិន​ត្រឹមត្រូវ និង​ពិតប្រាកដ ដើម្បី​រៀបចំ​ឯកសារ​ទូទាត់​បិទ​គម្រោង​សាងសង់​។ ៤)​ទារប្រាក់​ចំនួន​៥០០​ដុល្លារ ទៅ​១០០០​ដុល្លារ​អាមេរិក ពី​ក្រុមហ៊ុន​ណា ដែល​ដេញថ្លៃ​បាន ប្រសិនបើ​ក្រុមហ៊ុន​មិន​ព្រម​ឲ្យ​នោះ គឺ​បញ្ជា​ឲ្យ​មន្ត្រី​របស់ខ្លួន​កុំ​ឲ្យ​រៀបចំ​ឯកសារ​បិទ​គម្រោង ដើម្បី​សុំ​ថវិកា​ទូទាត់​បានឡើយ ទោះបី​ក្រុមហ៊ុន​បាន​សាងសង់​ត្រឹមត្រូវ តាម​លក្ខណៈ​បច្ចេកទេស តាម​លក្ខខណ្ឌ​កិច្ចសន្យា​រួចហើយ​ក៏ដោយ​។ ពាក់ព័ន្ធ​នឹង​ករណីនេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ បានទទួល​លិខិត​បំភ្លឺ​របស់លោក ហេង វុទ្ធី នាយក​ទីចាត់ការ​ផែនការ និង​វិនិយោគ សាលាខេត្ត​តាកែវ ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី​ក្នុងការ​អនុវត្ត​តួនាទី និង​ភារកិច្ច ។

​លោក ហេង វុទ្ធី បានធ្វើ​ការបដិសេធ​ទាំង​៤​ចំណុច ដោយបាន​លោក​បញ្ជាក់ថា ១.​បដិសេធថា ការ​ចងក្រង​នូវ​ក្រុមហ៊ុន​ដែលជា​សាច់ញាតិ និង​បក្ខពួក​របស់ខ្លួន​ចូលរួម​ដេញ​គម្រោង​គឺជា​ការមិនពិត​។ រាល់​ការដេញថ្លៃ​គម្រោង​ត្រូវបាន​ជូនដំណឹង​និង​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ (​គ​.​ជ​.​អ​.​ប​) សាលាក្រុង ស្រុក សាលាឃុំ​សង្កាត់ រយៈពេល​យ៉ាងតិច​បំផុត​១៤​ថ្ងៃ​មុនពេល​ដេញថ្លៃ​។ ២.​រាល់​ការដេញថ្លៃ​ទាំងអស់ អ្នកទទួលការ​ឬ​ក្រុមហ៊ុន​ត្រូវដាក់​ពាក្យ​ដេញថ្លៃ​ក្នុង​ហិប ឬ​ធុង និង​អនុវត្តតាម​នីតិវិធីរ​បស់​សៀវភៅ PIM របស់​ក្រសួងមហាផ្ទៃ ព្រមទាំង​មានការ​ចូលរួម​តាមដាន ត្រួតពិនិត្យ​យ៉ាង​ត្រឹមត្រូវ​។ ៣.​ចំពោះ​ករណី​ដែល​បាន​ចោទប្រកាន់ថា​បាន​បញ្ជា​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​ឲ្យ​ចុះ​បិទ​គម្រោង​ការងារ​ដែល​ទ​ទួល​ធ្វើ​៥០​ភាគរយ​ឬ​១០០​ភាគរយ ឬ​គម្រោង​ធានា​រយៈពេល​៦​ខែ នៃ​កិច្ចសន្យា​សាងសង់​របស់​ក្រុមហ៊ុន​ដែលជា​សាច់ញាតិ ឬ​បក្ខពួក​របស់ខ្លួន ដោយ​មិនបាន​ពិភាក្សា ជាមួយ​គណៈកម្មការ​ឃុំ​សង្កាត់ និង​បង្ខំ​ឲ្យ​គណៈកម្មការ​ឃុំ​សង្កាត់​ទទួលយក​គម្រោង​នោះ ទោះបី​ការសាងសង់​មិនត្រូវ តាម​លក្ខណៈ​បច្ចេកទេស យ៉ាងណាក៏ដោយ គឺជា​ការមិនពិត​។ ៤.​ចំពោះ​ករណី ដែល​បាន​ចោទប្រកាន់ថា បាន​ទារប្រាក់​ចំនួន​៥០០​ដុល្លារ ទៅ​១០០០​ដុល្លារ ពី​ក្រុមហ៊ុន​ណា​ដែល​ដេញថ្លៃ​បាន ប្រសិនបើ​ក្រុមហ៊ុន មិន​ព្រម​ឲ្យ​នឹងត្រូវ​គាត់​បញ្ជា​ឲ្យ​មន្ត្រី​របស់ខ្លួន កុំ​ឲ្យ​រៀបចំ​ឯកសារ​បិទ​គម្រោង ដើម្បី​សុំ​ថវិកា​ទូទាត់​បានឡើយ ទោះបី​ក្រុមហ៊ុន​នោះបាន​សាងសង់​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និង​តាម​លក្ខខណ្ឌ​កិច្ចសន្យា រួច​ក៏ដោយ គឺជា​ការមិនពិត​។ ការរៀបចំ​ឯកសារ​ទូ​ទាត់​ថវិកា គឺជា​ភារកិច្ច​របស់​ស្មៀន និង​គណៈកម្មការ​លទ្ធ​កម្ម​ឃុំ​សង្កាត់ ដែលជា​ម្ចាស់​គម្រោង​ផ្ទាល់​។ អាណត្តិ​បើកប្រាក់ គឺ​មានតែ​មេឃុំ​ចៅសង្កាត់​ប៉ុណ្ណោះ​ដែលមាន​សិទ្ធិ​ចុះហត្ថលេខា​លើ​សំណុំ​ឯកសារ​សម្រាប់​ទូទាត់​៕ ដោយ​៖​បញ្ជា​ស័ក្តិ​

spot_img
×