Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិត​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ កម្ពុជា​សម្រេចបាន​នូវ​សេដ្ឋកិច្ច​ខ្ពស់ ជាង​២៤​ប៊ី​លាន​ដុល្លារ​

spot_img

​ភ្នំពេញ​៖ នៅក្នុង​ដំណើរ​នៃ​ការកសាង​ជាតិ ក្នុង​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ កម្ពុជា​សម្រេចបាន​នូវ​សេដ្ឋកិច្ច​ខ្ពស់​ប្រមាណ ​៧,៧​ភាគរយ បាន​ធ្វើឲ្យ​ទំហំ​នៃ​ផលិតផល​ក្នុង​ស្រុកស​រុប (​ផ​.​ស​.​ស​) មាន​ការកើនឡើង​ប្រមាណ​៦​ដង ប្រមាណ​តែ​ជាង​៣​ប៊ី​លាន​ដុល្លារ ​ក្នុង​ឆ្នាំ​២០០០ ឡើង​ដល់​ប្រមាណ​ជាង​២៤​ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨​។​

​លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​អនុប្រធាន​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ ព្រឹក​ថ្ងៃ​ទី​១០ ខែ មិថុនា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ធ្វើ​បាឋកថា​ក្រោម​ប្រធានបទ កាលានុវត្តភាព និង​ការ​ប្រឈម​ក្នុង​ដំណើរការ​កសាង​ជាតិ

​ជូន​យុវជន​ដែល​ជា​និស្សិត​មក គ្រឹះស្ថានឧត្តមសិក្សា​នានា ដោយ​មាន​ទាំង​ការ​និមន្ត​របស់​សមណ​និស្សិត​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ (CKCC)​។

​នៅក្នុង​បទ​បាឋកថា​នេះ លោក វង្សី វិស្សុត បាន​លើកឡើង​ថា នៅក្នុង​ដំណើរ នៃ​ការកសាង​ជាតិ ​ក្នុង​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​ចុង ក្រោយ​នេះ កម្ពុជា​សម្រេចបាន​នូវ​សេដ្ឋកិច្ច​ខ្ពស់ ប្រមាណ​៧,៧​ភាគរយ បើ​គិត​ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១៧​។ ទន្ទឹមនឹងនេះ រចនា សម្ព័ន្ធ នៃ​សេដ្ឋកិច្ច​ជាតិ ក៏​កាន់តែ​មាន​ទំនើបកម្ម និង​បាន​ផ្លាស់​ប្តូរ​ពី​ប្រទេស​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម ទៅ​ជា​ប្រទេស​ពឹងផ្អែក​លើ​វិស័យ​ឧស្សាហកម្ម​។ ប្រការនេះ បាន​ធ្វើឲ្យ​ទំហំ​នៃ​ផលិតផល​ក្នុង​ស្រុកស​រុប (​ផ​.​ស​.​ស​) គិត​តាម​ថ្លៃ​បច្ចុប្បន្ន មាន​ការកើនឡើង​ប្រមាណ​៦​ដង ពោល​គឺ​ពី​ប្រមាណ​តែ​ជាង​៣​ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០០០​ឡើង​ដល់​ប្រមាណ​ជាង​២៤​ប៊ី​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៨​។​

​ប្រាក់ចំណូល​របស់​ប្រជាជន​ម្នាក់​ធៀប​នឹង ផ​.​ស​.​ស ក៏​បាន​កើនឡើង​ប្រមាណ​៥​ដង ពោល​គឺ​ពី​ប្រមាណ​តែ​២៨៨​ដុល្លារ ក្នុង​ឆ្នាំ​២០០០​ឡើងដល់​១៥៦៣ ដុល្លារ​ក្នុង​ឆ្នាំ​២០១៨ ដែល​ធ្វើឲ្យ​ប្រទេស​កម្ពុជា បាន​ក្លាយជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ​២០១៥​កន្លង ទៅ​។ ​ក្រៅពី​ការសម្រេច បាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​, កម្ពុជា​ក៏​មាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ដ៏​ល្អ​ប្រសើរ​ផងដែរ​។ ជាក់ស្តែង​អត្រា អតិផរណា​មាន​កម្រិត​ទាប គឺ​ក្នុង​រង្វង់​៣,០​ភាគរយ និង​អត្រា​ប្តូរប្រាក់ ក្នុង​កម្រិត​៤០៣៧​រៀល​/​ដុល្លារ ដែល​ធ្វើឲ្យ​មាន​កំណើន​នៃ​ចំណូល​ពិត​របស់​ប្រជាពលរដ្ឋ​។ ទំហំ​ពាណិជ្ជកម្ម ក៏​មាន​ការកើនឡើង​ពី ប្រមាណ​តែ​ជាង​៣​ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០០០​ឡើង​ដល់​ប្រមាណ​ជាង​២៨​ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨ ក្នុងខណៈដែល​ដំណើរការ នៃ​ធ្វើ​ពិពិធ​កម្ម​ក្នុង​ការនាំចេញ ទាំង​លើ​មុខទំនិញ និង​ទាំង​ទីផ្សារ​នាំចេញ​កាន់តែ​មាន​សន្ទុះ​ល្អជា​លំដាប់​។ ទុនបម្រុង​អន្តរជាតិ ក៏មាន​កើនឡើង​ជា​បន្តបន្ទាប់ គួរឲ្យកត់សម្គាល់​ក្នុង​ខណៈ​ដែល​ប្រាក់​បញ្ញើ​ធនាគារ នៅ​បន្ត​រក្សា​ទំហំ​ធៀប​នឹង​ផ​.​ស​.​ស ​ដែល​ឆ្លុះ​បញ្ចំង​ឲ្យឃើញ​ពី​ការកើនឡើង​នូវ​ទំនុកចិត្ត​លើ​វិស័យ​វិស័យ​ធនាគារ​។​

​លោក​បាន​គូសបញ្ជាក់ អំពី​ការកើនឡើង​នៃ​សមត្ថភាព​ខាង​ថវិកា​របស់​កម្ពុជា ដែល​កើតចេញ​ពី​ការខិតខំ​ប្រឹងប្រែង របស់​រាជ​រដ្ឋា​ភិបាល ​ក្នុងការ​កៀគរ​ចំណូល​គ្រប់​ប្រភេទ ក៏ដូចជា​ប្រកាន់ខ្ជាប់​នូវ​វិន័យ​ថវិកា​ក្នុង​ការចាយវាយ​។ ជាក់ស្តែង​ចំណូល​ក្នុង​ប្រទេស​មាន​ការកើនឡើង​ពី​ប្រមាណ​ត្រឹមតែ ១,៤២៣​លាន​រៀល ក្នុង​ឆ្នាំ​២០០០ ឡើង​ដល់​ប្រមាណ​១៩,០១៧​លាន​រៀល ក្នុង​ឆ្នាំ​២០១៨ ​ដែល​ចំណូល​នេះ គឺ​មួយផ្នែក​បាន​ពី​ការប្រមូល​ពី អ្នក​មាន​ចំណូល​ខ្ពស់ និង​មធ្យម ហើយ​ចំណូល​នេះ​ត្រូវបាន​យក​មក​ជួយ​ដល់​ការអភិវឌ្ឍ​វិស័យ​សង្គមកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ​និង​អ្នកមាន​ចំណូល​ទាប ក្នុង​គោលដៅ​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​ជីវភាព របស់​ប្រជាជន​កម្ពុជា​ទាំងមូល ​ក្នុងខណៈ​មាន​ការបន្ធូរបន្ថយ​ពន្ធ និង​អនុគ្រោះ​ពន្ធ​, ការ​មិន​យក​កម្រៃ​ពី​សេវា​សាធារណៈ​មូលដ្ឋាន និង​ចាំបាច់​មួយ​ចំនួន​, ការកាត់បន្ថយ​ថ្លៃ​ទឹក​ស្អាត និង​អគ្គិសនី រួម​ទាំង​ការទទួលបាន​នូវ សេវា​សុខាភិបាល​ដោយ​ឥតគិតថ្លៃ ​ចំពោះ​ប្រជាជន​ដែល​មាន​ប្រាក់​ចំណូល​ទាប​។​

​ទន្ទឹមនឹងនេះ ចំណាយ​សរុប​ថវិកា​រដ្ឋក៏​ត្រូវបាន​បង្កើន​យ៉ាងគំហុក ពី​ប្រមាណ​តែ ២.០៤០​លាន​រៀល ក្នុង​ឆ្នាំ​២០០០ ឡើង​ដល់​ប្រមាណ ២៤.០៥៥ ក្នុង​ឆ្នាំ​២០១៨ ផងដែរ ដើម្បី​លើកស្ទួយ​ដល់​ប្រតិបត្តិការ​របស់​រដ្ឋ​, ការដំឡើងប្រាក់បៀវត្សរ៍​ជូន​មន្ត្រីរាជការ​, ការពង្រីក ​និង​កែលំអរ​គុណភាព​សេវាសាធារណៈ ព្រម​ទាំង​ការវិនិយោគ លើ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​។ ទន្ទឹមនឹងនេះ

​កម្រិត​បំណុល​សាធារណៈ​របស់​កម្ពុជា ក៏​ស្ថិត​ក្នុង​ក្រុម​ប្រទេស ដែល​មាន​អនុ​បាត បំណុល​ទាប​បំផុត​ក្នុង​តំបន់ ​ហើយ​ស្ថានភាព​បំណុល​ត្រូវ​បាន​វាយតម្លៃថា មាន​ចីរភាព និង​ហានិភ័យ​កម្រិត​ទាប​។​

​ជា​រួម​នៅ​ក្នុង​ដំណើ​ការកសាង​ជាតិ​នៅក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ ប្រទេស​កម្ពុជា​បាន​ងើប​ឡើងវិញ ជា​ប្រជាជាតិ​មួយ​ដែល​មាន​ឯកភាព​ទឹកដី មាន​ឯកភាព​រដ្ឋអំណាច និង​មាន​មុខមាត់​លើ​ឆាក​អន្តរជាតិ​បន្ទាប់​ពី​សង្គ្រាម​សឹងតែ​រលាយ​បាត់​ពី​ផែនទី​ពិភពលោក ហើយ​បើ​ទោះបី​ទឹកដី​ត្រូវបាន​រួម​តូចក្តី​។ ការអភិវឌ្ឍ​ប្រទេស​ជាទូទៅ​មាន​លក្ខណៈ​វិជ្ជមាន ទោះបីជា​មាន​ការខ្វះចន្លោះ​ខ្លះ និង​មាន​នៅ​សល់​បញ្ហា​ប្រឈម​ធំៗ និង​ផលវិបាក​មួយចំនួន​បណ្តាលមកពី​ការផ្លាស់ប្តូរ​ប្រព័ន្ធ​ក្តី​។​

​ទន្ទឹមនឹងនេះ​ដែរ ស្ថានភាព​នយោបាយ​ពិភពលោក និង​តំបន់ ក៏​នឹង​មាន​ការប្រែប្រួល​ផងដែរ ​ដោយសារ​ការប្រែប្រួល​នៃ​ភូមិសាស្ត្រ​នយោបាយ និង​ភាព​តានតឹង នៃ​ភូមិសាស្ត្រ​នយោបាយ​រប​​ស់​ពិភពលោក និង​តំបន់​ព្រមទាំង​បញ្ហា​មួយចំនួនទៀត​។ ជាមួយគ្នានេះដែរ ទោះបី​ស្ថានភាព​នៃ​សេដ្ឋកិច្ចពិភពលោក និង​តំបន់ នឹង​ងើប​ឡើង​វិញក្តី តែ​សេដ្ឋកិច្ចពិភពលោក និង​តំបន់ ក៏​ត្រូវ​ប្រឈម​នឹង​បញ្ហា​មួយចំនួន​ផងដែរ​។ បរិការណ៍​ខាងលើនេះ នឹង​ធ្វើឲ្យ​កម្ពុជា ​អាច​ចាប់​យក​កាលានុវត្តភាព មួយចំនួន​មក​ធ្វើ​ការអភិវឌ្ឍ​មូលដ្ឋាន សេដ្ឋកិច្ច​របស់​ខ្លួនតែ​កម្ពុជា​នឹង​ត្រូវ​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ​។​

​លោក វង្សី វិស្សុត បាន​បន្តថា ដើម្បី​ចាប់​យក​កាលានុវត្តភាព និង​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​សេដ្ឋកិច្ច​ខាងលើនេះ រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ដាក់ចេញ​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​សំខាន់ៗ​មួយចំនួន រួមមាន​៖ យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣​គោលនយោបាយ​អភិវឌ្ឍ​ន៍ វិស័យ​ឧស្សាហកម្ម ២០១៥-២០២៥ និង​ការរៀបចំ យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ និង​ចក្ខុវិស័យ​ ២០៥០​។​

​លោក​បាន​គូសបញ្ជាក់ថា ដើម្បី​ធ្វើឲ្យ​ចក្ខុវិស័យ​របស់​កម្ពុជា នៅ​ឆ្នាំ​២០៥០​នេះ អាច​ក្លាយជា​ការពិត​ហើយ​កម្ពុជា​អាច​ក្លាយ​ជា​ប្រជាជាតិ​មួយ ដែល​មាន​ភាពខ្លាំង និង​ល្បី​រន្ទឺ​ឡើងវិញ​ដូច​សម័យ​មហានរគរ ដំណើរការ​កសាង​ជាតិ ​ត្រូវ​ផ្អែក​លើ​កម្លាំង​ចំនួន​៥​គឺ ទី​១៖​កម្លាំង​បង្រួបបង្រួម​ជាតិ (Unifying) តាមរយៈ​ការស្វែងរក​នូវ​បំណងប្រថ្នា​រួម ​និង​លើក​គុណ​តម្លៃសង្គម និង​បុគ្គល ដោយ​ផ្អែក​លើ​ជំនឿ សាសនា វប្បធម៌ និង​ប្រវិត្តសាស្ត្រ ដើម្បី​ចង់ភ្ជាប់​ជាតិ​របស់​យើង កុំ​ឲ្យ​បែក​គ្នា ​និង​កសាង​ឲ្យក្លាយ​ទៅ​ជា​កោសិកា​សង្គម​មួយ​ដ៏​រស់​រវើក​, ទី​២៖​កម្លាំង​ការពារ​ជាតិ (Defending) តាមរយៈ​ការអភិវឌ្ឍ ​និង​លើកកម្ពស់​សមត្ថភាព​ក​ង​ទ័ព ក្នុង​បុព្វហេតុ​ការពារជាតិ និង​នយោបាយ​ការទូត ដើម្បី​ការពារ​រាល់​ផលប្រយោជន៍​លើ​ឆាក​អន្តរជាតិ​, ​ទី​៣៖​កម្លាំង​ស្ថិរកម្ម (Stabizing) តាមរយៈ​ការបង្កើត​ឲ្យមាន​យន្ត​ការ​ប្រិត​តុល្យការ នៃ​អំណាច​, ការដោះស្រាយ​ទំនាស់ ​និង​ការគ្រប់គ្រង​វិបត្តិ​, ទី​៤៖​កម្លាំង​កសាង​ជាតិ (Building) តាមរយៈ​ជំរុញ​អភិវឌ្ឍ​សេដ្ឋកិច្ច​ទីផ្សារសេរី ប្រកប​ដោយ​កំណើន​ខ្ពស់​, ​បរិយា​ប័ន្ន និង​ចិរភាព និង​ការអភិវឌ្ឍ​ធនធានមនុស្ស ព្រមទាំង​វិទ្យាសាស្ត្រ និង​បចេ្ចកវិទ្យា និង​ទី​៥៖​កម្លាំង​គាំពារ (Protecting) ​តាមរយៈ​ការបង្កើត​ឲ្យមាន​រប​ប​ការ​គាំពារ​សង្គម​, កម្មវិធី​ជំនួយ​សង្គម និង​ការពារ បិរិស្ថាននិង​ធនធានធម្មជាតិ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×