Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន សម្ពោធ​កំណាត់​ផ្លូវជាតិ​លេខ​៦ ប្រវែង​ជាង ២៤៨​គីឡូម៉ែត្រ ពី​ថ្នល់កែង ខេត្ត​កំពង់ចាម ដល់​អង្គ្រង ខេត្តសៀមរាប​

spot_img

​កំពង់ធំ ​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១១ ខែមិថុនា ឆ្នាំ​២០១៨ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី សម្ពោធ​កំណាត់​ផ្លូវជាតិ​លេខ​៦ ប្រវែង​ជាង ២៤៨,៥៣​គីឡូម៉ែត្រ ចាប់ពី​ថ្នល់កែង ខេត្ត​កំពង់ចាម ដល់​អង្គ្រង ខេត្តសៀមរាប​។​

​គម្រោង​សាងសង់​ឡើង​វិញ កំណាត់​ផ្លូវជាតិ​លេខ​៦​នេះ គឺ​ឆ្លងកាត់​ខេត្ត​ចំនួន​៣ រួមមាន ខេត្ត​កំពង់ចាម ប្រវែង ៤៣,៩៨​គីឡូម៉ែត្រ ខេត្ត​កំពង់ធំ ប្រវែង ១៤៤,២៥​គីឡូម៉ែត្រ និង​ខេត្ត​សៀមរាប ប្រវែង ៦០,៣០​គីឡូម៉ែត្រ​។ កំណាត់​ផ្លូវ​នេះ ត្រូវ​ចំណាយ​ថវិកា សាងសង់​អស់​ប្រមាណ ២៥៥,០២​លាន ដុល្លារ អាមេរិក ជា​ហិរញ្ញប្បទាន​សម្បទាន​របស់​ចិន រួម​ជាមួយ​ថវិកា​បដិភាគ របស់​រាជរដ្ឋាភិបាល​កម្ពុជា ប្រមាណ ៥​ភាគរយ សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ផ្សេងៗ​។ កំណាត់​ផ្លូវ​នេះ បាន​ចំណាយពេល​សាងសង់ ៥០​ខែ ចាប់ផ្តើម​ពី​ខែ​ឧសភា ឆ្នាំ​២០១៣ និង​បញ្ចប់​នៅ​ខែ កក្កដា ឆ្នាំ​២០១៧​។​

​សម្តេច​តេជោ ហ៊ុន សែន មាន​សេចក្តី​សប្បាយរីករាយ និង​មាន​មោទនភាព ចំពោះ​សមិទ្ធផល កំណាត់​ផ្លូវជាតិ​ថ្មី​មួយ​នេះ ដែល​បាន​កើតចេញ ពី​ចំណង​មិត្តភាព​កម្ពុជា​-​ចិន​។ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដែល​​កន្លងមក​តែងតែ ជួយ​ដល់​ប្រទេស​កម្ពុជា ក្នុងការ​សាង ហេដ្ឋារចនាសម្ព័ន្ធ និង​ជួយ​លើ​វិស័យ​ផ្សេងៗ​ទៀត ដល់​កម្ពុជា​។ បច្ចុប្បន្ននេះ មិត្ត​ចិន​កំពុង​ជួយ​កសាង​ផ្លូវ ដល់​កម្ពុជា​ចំនួន​ប្រមាណ ជាង​៣.០០០​គីឡូម៉ែត្រ ព្រមទាំង​ស្ពាន​ឆ្លង​កាត់ទ​ន្លមួយ ចំនួន​ទៀត​ផង​ដែរ​។ ផ្លូវជាតិ​លេខ​៦​នេះ គឺ​ពិតជា​មាន​សារសំខាន់​ណាស់ សម្រាប់​ការតភ្ជាប់​ទៅកាន់ បណ្តា​ខេត្ត​ផ្សេងៗ ដូចជា​ពី​ភ្នំពេញ មក​កាន់​ខេត្ត​កណ្តាល​, កំពង់ចាម​, កំពង់ធំ​, សៀមរាប​, ព្រះវិហារ និង​ទៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ ជាច្រើន​ទៀត​។​

​នៅ​ព្រឹក​មិញ​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​រំលឹក​ផងដែរ អំពី​ការខូចខាត​ខ្ទេចខ្ទាំ នៃ​ផ្លូវ​ជាតិ​លេខ​៦ ក្នុង​អតីតកាល​សម័យ​សង្គ្រាម ដែល​ធ្វើឲ្យមាន​ការលំបាក​យ៉ាងខ្លាំង ក្នុងការ​ធ្វើ​ដំណើរ ព្រោះថា​ផ្លូវ​នេះ មិនអាច​ធ្វើដំណើរ​បាន​ទេ​។ តាមរយៈ​នយោបាយ ឈ្នះ​-​ឈ្នះ គឺ​សម្តេច​តេជោ បានប្រែក្លាយ​តំបន់​សមរភូមិ​ក្តៅ ជាច្រើន​ឲ្យទៅ​ជា​កន្លែង ដែល​មាន​សន្តិភាព និង​មាន​ការអភិវឌ្ឍ ដែល​ប្រជាពលរដ្ឋ អាច​រស់នៅ​បាន​សុខ​ស្រួល​។​

​កន្លងមក​ថ្មីៗ​នេះ សម្តេច​តេជោ បាន​ដោះស្រាយ និង​ផ្តល់​ជូន​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​កំពង់ធំ នូវ ផ្លូវថ្នល់ ផ្សារ​ថ្មី​ដែល​ត្រូវបាន​ឆេះ កាលពី​ប៉ុន្មាន​ឆ្នាំមុន អំណោយ​សាលារៀន ដែល​ត្រូវបាន​ផ្តល់​បន្ថែម ចំនួន​៩ ខ្នង​ស្មើនឹង​១២៣ បន្ទប់ ដែល​អគារ​សាលារៀន​ទាំងនេះ សុទ្ធតែ​មាន​កម្ពស់ ពី​៣​ជាន់ ទៅ​៤ ជាន់ សម្រាប់​ឲ្យ​កូនចៅ ប្រជាពលរដ្ឋ​សិក្សា​រៀនសូត្រ​។​

​នៅថ្ងៃនេះ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បានប្រកាសថា នៅ​ថ្ងៃ​ខាងមុខ យើង​នឹង​កសាង​ផ្លូវ​មួយ​ខ្សែ​ទៀត ដែល​ត​ភ្ជាប់​ពី​ខេត្ត​កំពង់ឆ្នាំង មក​កំពង់ធំ​នេះ ដោយ​កាត់​តាម​ទន្លេសាប ដែល​តាម​គម្រោង ត្រូវ​ចំណាយ​ថវិកា សាងសង់​ប្រមាណ ជាង​១០០​លាន​ដុល្លារ​អាមេរិក​។ ការតភ្ជាប់​នេះ នឹង​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ បាន​ធ្វើដំណើរ ទៅកាន់​ខេត្ត​កំពង់ឆ្នាំង​, ខេត្ត​ក្រចេះ និង​កាន់តែ​មាន​ភាព ងាយស្រួល​។ សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា មិនយូ​នោះទេ ខេត្ត​កំពង់ធំ​នេះ នឹង​កើតមាន​នូវ​រោងចក្រ ឧស្សា​កម្ម ជាក់​ជា​ពុំខាន ខណៈ​ដែល​បច្ចុប្បន្ន​នេះ វិស័យ​ទេសចរណ៍ កំពុងតែ​ចាប់ផ្តើម​មាន​កំណើន បន្ទាប់​ពី​ប្រាសាទ​សម្បូណ៍​ព្រៃគុក ត្រូវបាន​ប្រកាស​ដាក់​បញ្ជូ​ល ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក រួមទាំង​តំបន់​ទេសចរណ៍ សំខាន់ៗ​មួយចំនួនទៀត​។ ជាថ្មី​ម្តងទៀត សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមឲ្យ​ចូលរួម​ថែរក្សា សន្តិភាព​ទាំងអស់គ្នា​។ ដើម្បី​រក្សាបាន​នូវ​សន្តិភាព និង​ការអភិវឌ្ឍ សូម​បង​បងប្អូន​ប្រជាពលរដ្ឋ បន្ត​បោះឆ្នោតឲ្យ គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លេខ​រៀង​ទី ២០ ជា​បន្ត​ទៀត​។​

​សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​ជូនពរ​ដល់​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់ សូម​ទទួលបាន​នូវ សេចក្តីសុខ​ចម្រើន​គ្រប់ៗ​។ នា​ឱកាស​នោះ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​អញ្ជើញ ផ្តល់​កិត្តិយស​បំពាក់​មេដាយ និង​គ្រឿង​ឥស្សរិយយស ដល់​មន្ត្រី​មាន​ស្នាដៃ​ល្អ មួយ​ចំនួន ដែល​បាន​ចូលរួមចំណែក ក្នុងការ​ស្ថាបនា​កសាង កំណាត់​ផ្លូវជាតិ​លេខ​៦​នេះ ព្រមទាំង​បាន​ផ្តល់​អំណោយ ជូន​ដល់ លោក​យាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុង​បរិយាកាស​រីករាយ និង​បន្ទាប់មក ក៏​បាន​អញ្ជើញ រួមគ្នា​ជាមួយ លោក ស្យង់ ព័​រ ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា កាត់​ខ្សែបូ​សម្ពោធ ដាក់ឲ្យ​ប្រើប្រាស់​កំណាត់​ផ្លូវជាតិលេខ​៦ ប្រវែង​ជាង ២៤៨​គីឡូម៉ែត្រ ពី​ថ្នល់កែង ខេត្ត​កំពង់ចាម ដល់​អង្គ្រង ខេត្តសៀមរាប ចាប់ពី​ពេលនេះ​តទៅ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

        

spot_img
×