Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិត​ត្រឹម​ខែ​មេសា ឆ្នាំ​២០១៨ ការវិនិយោគ​ចិន នៅ​កម្ពុជា មាន​ទឹកប្រាក់​១៧​ពាន់​លាន​ដុល្លារ​

spot_img

​ភ្នំពេញ ​៖ យោង​តាម​ទិន្នន័យ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គិត​ត្រឹម​ខែ​មេសា ឆ្នាំ​២០១៨​នេះ ការវិនិយោគ​ចិន​នៅ​កម្ពុជា មាន​ទឹកប្រាក់​សរុប​ប្រមាណ ១៧​ពាន់​លាន​ដុល្លារ​។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដែល​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​ជួបពិភាក្សា​ការងារ ជាមួយ​ប្រតិភូ​គណៈកម្មាធិការ​កិច្ចការ​សេដ្ឋកិច្ច នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន ដែល​ដឹកនាំ​ដោយ​លោក សាង ហ្វ៊ូលី​ន ប្រធាន​គណៈកម្មាធិការ និង​ជា​អតីត​ប្រធាន​គណៈកម្មការ​ច្បាប់​ធនាគារ​ចិន ដោយ​មាន​ការ​អមដំណើរ ពី​មន្ត្រី​ស្ថានទូត​ចិន ប្រចាំ​កម្ពុជា នា​រសៀល​ថ្ងៃ​ចន្ទ ទី​១១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​CDC​។​

​លោក សុខ ចិន្តា​សោភា បាន​ស្វាគមន៍ ចំពោះ​វត្តមាន​របស់​គណៈប្រតិភូ ដែល​អញ្ជើញ​មក​ពី សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​ឱកាស​នេះ ក្នុង​គោលបំណង​ផ្លាស់ប្តូរ ទស្សនៈ​គ្នា​ទៅវិញទៅមក លើ​កិច្ចសហប្រតិបត្តិការ វិនិយោគ​ទ្វេភាគី រវាង​ប្រទេស​ទាំង​ពីរ ក៏ដូចជា ស្វែង​យល់​បន្ថែម ពី​កាលានុវត្តភាព និង​សក្ដានុពល​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី​ប្រតិភូ បាន​ជម្រាប​ជូន​ភាគី​ចិន ពី​គោលនយោបាយ​គាំទ្រ​នានា ដែល​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ដាក់ចេញ ក្នុងទិសដៅ​លើកទឹកចិត្ត និង​ពង្រឹង​នូវ​ទំនុកចិត្ត របស់​អ្នកវិនិយោគ គ្រប់រូប ក្នុងការ​ធ្វើ​ប្រតិបត្តិការ​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា រួមបញ្ចូល​ទាំង គោលនយោបាយ អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម កម្ពុជា ឆ្នាំ​២០១៥-២០២៥ ដែល​មាន​ចក្ខុវិស័យ ក្នុង​ការជំរុញ កែប្រែ និង​ធ្វើ​ទំនើបកម្ម រចនាសម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា ពី​ឧស្សាហកម្ម​អតិពលកម្ម ឈាន​ទៅ​ឧស្សាហកម្ម ផ្អែកលើ​ជំនាញ ត្រឹម​ឆ្នាំ​២០២៥​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ លោក​រដ្ឋមន្ត្រី​ប្រតិភូ បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការវិនិយោគ របស់​អ្នកវិនិយោគ​ចិន នា​ពេលកន្លងមក ជាពិសេស​ក្នុង​វិស័យ ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ដូចជា ការផលិត​អគ្គិសនី និង​ការកសាង​ផ្លូវ​ល្បឿន​លឿន ដែល​បាននិងកំពុង ចូលរួមចំណែក ក្នុង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ធ្វើឱ្យ​ប្រសើរឡើង នូវ​បរិស្ថាន វិនិយោគ និង​ចូលរួម​ចំណែក ក្នុង​ការទាក់ទាញ ការវិនិយោគ​មក​កម្ពុ​ជា​។ ទន្ទឹមគ្នានេះ លោក​ក៏​បាន​សម្តែង នូវ​ការពេញចិត្ត ចំពោះ​ប្រតិបត្តិការ របស់​ក្រុមហ៊ុន តំបន់​សេដ្ឋកិច្ច ពិសេស​ខេត្ត​ព្រះសីហនុ ដែល​បាន​រៀបចំ​ហេ​ដ្ឋា រចនាសម្ព័ន្ធ ក្នុង​តំបន់​បានល្អ ដូចជា ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល វិជ្ជាជីវៈ ដល់​កម្មករ និយោជិត និង​បាន​ទាក់ទាញ ការវិនិយោគ ពី​បរទេស យ៉ាងច្រើន​ឱ្យ​មក​បណ្តាក់ទុន​។​

​លោក សាង ហ្វ៊ូលី​ន បាន​សាទរ ចំពោះ​ការរីកចម្រើន ដ៏​ឆាប់រហ័ស របស់​ប្រទេស​កម្ពុជា ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធផល​ការងារ​ទាំងឡាយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា សម្រេចបាន ជាពិសេស​គឺ​ការទទួលបាន នូវ​ការ​បណ្តាក់ទុន​វិនិយោគ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ពី​បរទេស ដែល​នេះ​បាន​ឆ្លុះបញ្ចាំង អំពី​ការជឿជាក់ ទៅលើ​ការដឹកនាំ ដ៏​មាន​ប្រសិទ្ធភាព ស័ក្តិ​សិទ្ធ​ភាព និង​ការទទួលខុសត្រូវ​ខ្ពស់ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។ លោក ក៏​បាន​រំលេច​នូវ កិច្ចសហប្រតិបត្តិការ​ល្អ រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ចិន តាមរយៈ​ការប្រើប្រាស់ នូវ​យន្តការ​សម្របសម្រួល កិច្ចសន្ទនា​ទ្វេភាគី និង​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​សិក្សា ដែល​ឆ្លើយតប យ៉ាង​វិជ្ជមាន ទៅ​នឹង​ក្របខ័ណ្ឌ នៃ​ការអនុវត្ត​គំនិត​ផ្តួចផ្តើម “​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​”៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×