Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច ហ៊ុន សែន ​៖ គណបក្ស​ប្រជាជន ជា​គណបក្ស​សង្គ្រោះ​ជីវិត​ពលរដ្ឋ និង​ជាតិ​ពិតប្រាកដ​

spot_img

​រាជធានី​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានប្រសាសន៍​រំលឹក​ជា​បន្តបន្ទាប់​មក​ថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​សង្គ្រោះ​អាយុជីវិត​ជាតិ​ពិតប្រាកដ ហើយ​ប្រវត្តិសាស្ត្រ​ពិត ក៏​បាន​លាតត្រដាង​បង្ហាញ​យ៉ាងច្បាស់​ដល់​ប្រជាពលរដ្ឋ​ឲ្យបាន​ឃើញ​ពី​ការវិវឌ្ឍ​នៃ​កម្ពុជា នៅក្នុង​ដំណាក់កាល​នីមួយៗ​ដែល​មិន​អាច​ប្រឌិត​បាន​។​

ទន្ទឹមគ្នានេះ សម្តេច ក៏​បាន​រំលឹក​ដល់​កូន​ខ្មែរ​គ្រប់ៗ​រូប​ត្រូវ​យល់​ដឹង និង​ចងចាំ​ឲ្យបាន​ច្បាស់ ចៀសវាង​ការ​ប្រឌិត​ភូតភរ​ណាមួយ​មិន​ពិត​។​

សម្តេច​ប្រមុខ​ដឹកនាំ ឲ្យ​ដឹង​ទៀត​ថា ជាក់ស្តែង នៅក្នុង​ពេល​ប្រទេស​ជាតិ​ទាំងមូល​ធ្លាក់​ក្នុង​ភ្នក់ភ្លើងសង្គ្រាម ដែល​ប្រជាពលរដ្ឋ​ខ្មែរ និង​ពិភពលោក​បាន​ដឹង និង​ចងចាំ​ច្បាស់​បំផុត​នោះ​គឺ​នៅក្នុង​ឆ្នាំ​១៩៧៥ ដែល​ពេលនោះ​កម្ពុជា​ត្រូវបាន ធ្លាក់​ក្នុង​របប​កាប់សម្លាប់​ប្រល័យពូជសាសន៍​ប៉ុលពត​។ ហើយ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ត្រូវបាន​ដក​សិទ្ឋិ​សេរីភាព​ទាំងស្រុង សាសនា ក៏​ត្រូវ​បាន​កំទេច សាលារៀន មន្ទីរពេទ្យ វត្ត​អារាម ក៏​ត្រូវ​បាន​កំទេច​ចោល​ទាំងអស់​ដែរ​។​

ជាងនេះទៀត ក្រុមគ្រួសារ​ប្តី​ប្រពន្ឋ​កូនចៅ​បងប្អូន ត្រូវបាន​បំបែក​ចាប់បង្ខំ​ឲ្យធ្វើ​ការ​ហួសកម្លាំង​លើស​ពី​សត្វ​ធាតុ និង​ត្រូវបាន​សម្លាប់​ចោល​អស់​រាប់លាននាក់​។ អ្នកចេះដឹង អ្នកជំនួញ ជនបរទេស មន្ត្រីរាជការ ទាហាន ព្រះសង្ឃ និស្សិត​បញ្ញវ័ន្ត និង​កូនសិស្ស​គ្រប់​កម្រិត ត្រូវបាន​ប្រមូលផ្តុំ ហើយ​កំទេចចោល​នៅ​ពាសពេញ​ប្រទេស​។​

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា នៅក្នុង​របប​ខ្មែរក្រហម​កាន់កាប់​អំណាច ប្រទេស​កម្ពុជា​ពេលនោះ គឺ​ត្រូវបាន​កាត់​ផ្តាច់ទំនាក់ទំនង​ទាំងស្រុង​ពី​ពិភពលោក ដែល​គ្មាន​ឮ សម្លេង​អ្វី​ក្រៅ​ពី​ការ​ភ័យ ខ្លាច រន្ឋត់ ឈឺចាប់ កាប់សម្លាប់ ជាមួយ​ទឹកភ្នែក​រាប់លាន​ដំណក់​ហើយ​ម្នាក់ៗ រង់ចាំ​តែ​ថ្ងៃ​ស្លាប់​តែ​ប៉ុណ្ណោះ​។​

ក្នុង​រយៈពេល ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ ពេល​នោះ​តើ​មាន​អ្នកណា ឬ​បក្សនយោបាយ​ណា ដែល​បាន ចេញមុខ​មក​ជួយ​សង្គ្រោះ​កម្ពុជា​? ប្រជាពលរដ្ឋ​រងគ្រោះ​មានតែ​ការ​បន់ស្រន់​ដល់​ព្រះ និង​បន់ស្រន់​បារមី​ស័ក្តិ​សិទ្ឋិ សុំ​បាន​រស់រាន​មានជីវិត​ចាក​ផុត​ពី​ការស្លាប់​។ កម្ពុជា​នៅពេល​នោះ គឺ​ត្រូវការ​សង្គ្រោះ​បន្ទាន់​បំផុត​។​

ទាំងនេះហើយ​ដែល សម្តេច​តេជោ ហ៊ុន សែន និង​អ្នកស្នេហាជាតិ របស់​គណបក្ស​ប្រជាជន បាន​យក​ជីវិត​ផ្ទាល់ខ្លួន​យក​ធ្វើ​ជា​ដើមទុន មក​ចំណាយ​ក្នុង​ការសង្គ្រោះ​កម្ពុជា​ពី​របប​កាប់សម្លាប់​ខ្មែរក្រហម​។ ដោយ​នៅក្នុង ដំណាក់កាល​នោះ គឺជា​ដំណាក់កាល​សង្គ្រោះ​អាយុជីវិត​ជាតិ​ពិតប្រាកដ​។ បើ​គ្មាន​ការចំណាយ​អាយុជីវិត​ជា​ដើមទុន របស់ គណបក្ស​ប្រជាជន​ទេ គឺ​កម្ពុជា​គ្មាន​ថ្ងៃនេះ​ដូច​សព្វថ្ងៃនេះ​ទេ​។ ជាពិសេស សម្តេច​តេជោ ហ៊ុន សែន ផ្ទាល់ ដែល​បាន​ចំណាយ​អាយុជីវិត​ជា​ដើមទុន ត្រូវ​របួស​ជាច្រើន​ដង រហូត​ពិការភ្នែក និង​បែកបាក់​ប្តី​ប្រពន្ឋ កូន​ជា​ទីស្រឡាញ់ ដើម្បី​បុព្វហេតុ​សង្គ្រោះ​ជាតិ​។ ទាំងអស់នេះ​ហើយ ដែល​ត្រូវឲ្យ​យើងទាំងអស់គ្នា​ចងចាំ​នូវ​គំរូ​វីរភាព​ជា​ប្រវត្តិសាស្ត្រ​នេះ​គ្រប់ពេល​ជានិច្ច​។​

សម្តេច​តេជោ បាន​សង្កត់ធ្ងន់ថា ក្នុងពេល​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា កំពុង​មាន​សុខសន្តិភាព រីកចម្រើន​បោះជំហាន​ទៅមុខ ដែល​ពលរដ្ឋ​មាន​សិទ្ឋិ​សេរីភាព​ពេញលេញ ប្រជាពលរដ្ឋ​ប្រកប​របរ​ធ្វើការ​តូច​ធំ​គ្រប់​កម្រិត ក្មួយៗ​ចៅៗ​សិស្សានុសិស្ស មានឱកាស​សិក្សា​រៀនសូត្រ​គ្រប់​ទីកន្លែង វត្ត​អារាម ព្រះវិហារ​តូចធំ​ត្រូវបាន​កសាង​ឡើង​ព្រោងព្រាត ហេ​ដ្ឋា​រចនា​ផ្លូវ​ស្ពាន​តូច​ធំ ត្រូវបាន​កសាង​ជា​បន្តបន្ទាប់ រថយន្ត​តូច​ធំ​ចរាចរណ៍​ពាសពេញ​ប្រទេស ទេសចរ និង​មាន​ភ្ញៀវទេសចរ​បរទេស​រាប់​លាន​នាក់ បាន​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា​ជា​រៀងរាល់ឆ្នាំ​។​

សម្តេច ហ៊ុន សែន បន្តថា កម្ពុជា​ពេល​នេះ​មិនមែន ស្ថិតនៅ​ក្នុង​ភ្នក់ភ្លើង សង្គ្រាម ឬ​របប​ប្រល័យ​ពូជសាសន៍ ដែល​ត្រូវការ​ការសង្គ្រោះ​អ្វី​ទៀត​នោះទេ​។ ពោល​គឺ​កម្ពុជា​ពេលនេះ ត្រូវ​បន្ត​និរន្តរភាព នៃ​ការអភិវឌ្ឍឲ្យ​កាន់តែ​រីកចម្រើន​រុងរឿង​ទៅមុខ ហើយ​យើង​ទាំងអស់គ្នា បន្ត​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ និង​ជា​នាយករដ្ឋមន្ត្រី ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​កាន់ តែ​មាន​ឱកាស​កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង​ជា​បន្ត​ទៀត​នា​ថ្ងៃ​អនាគត​៕  ដោយ ៖ ដែនសីមា

 

spot_img
×