Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ស្វាយរៀង​ជួប​សំណេះសំណាល អបអរសាទរ និង​ផ្ដល់​នូវ​ប្រាក់ឧបត្ថម្ភ​បន្ថែម​សម្រាប់​គ្រូបង្វឹក និង​កីឡាករ កីឡាការិនី​ជ័យលាភី​ពី​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២ ឆ្នាំ​២០១៨

spot_img

​ខេត្ត​ស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ១៣​រោច ខែ​ជេស្ឋ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨​នេះ រដ្ឋបាល​ខេត្ត​ស្វាយរៀង បាន​រៀបចំ​ពិធី​សំណេះសំណាល អបអរសាទរ និង​ផ្ដល់​នូវ​ប្រាក់ឧបត្ថម្ភ​បន្ថែម​សម្រាប់​គ្រូបង្វឹក និង​កីឡាករ កីឡាការិនី​ជ័យលាភី​ពី​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២ ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​ធំ​សាលាខេត្ត ក្រោម​អធិបតីភាព​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​មាន​ការអញ្ជើញ​ចូលរួម​ពី​អស់លោក លោកស្រី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត តំណាង​កងកម្លាំង​ទាំង​បី ប្រធាន​មន្ទីរ​-​អង្គភាព អភិបាលក្រុង ស្រុក ប្រធាន អនុប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត ប្រធានការិយាល័យ​អប់រំ​ក្រុង ស្រុក លោកនាយក​សាលា ព្រមទាំង​ប្រតិភូ​ដឹកនាំ​កីឡា គ្រូបង្វឹក និង​កីឡាករ កីឡា​ការិនី ចំនួន ១៨៤​រូប ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ម៉ែន វិបុល បាន​ចូលរួម​អបអរសាទរ និង​សម្ដែង​នូវ​ការកោតសរសើរ ចំពោះ ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ នៃ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត ព្រមទាំង​ប្រតិភូ​ដឹកនាំ​កីឡា និង​គ្រូបង្វឹក ជាពិសេស​កីឡាករ កីឡាការិនី​ជ័យលាភី​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង យក​អស់​កម្លាំងកាយ​ចិត្ត និង​សមត្ថភាព ប្រកបដោយ​ស្មារតី​ប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការប្រកួតប្រជែង​ដ៏​ស្វិតស្វាញ ដោយ​ដណ្ដើម​បាន​លទ្ធផល​គួរ​ជាទី​មោទនៈ​សម្រាប់​ខេត្ត​ស្វាយរៀង ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២ ឆ្នាំ​២០១៨ ដែល​លទ្ធផល​ដ៏​ល្អ​ប្រសើរ​នេះ គឺ​មិន​ត្រឹមតែ​ជា​មោទនភាព និង​ផ្ដល់​នូវ​កិត្តិយស​ផ្ទាល់ខ្លួន​ដល់​ក្មួយៗ ក្រុមគ្រួសារ ឪពុកម្ដាយ អាណាព្យាបាល បងប្អូន លោកគ្រូ អ្នកគ្រូ និង​សាលា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ជា​មោទនភាព និង​កិត្តិយស របស់​ប្រជាជន និង​ខេត្ត​ស្វាយរៀង​យើង​ទាំងមូល ។

​ជាមួយនេះ លោក​អភិបាលខេត្ត ក៏​បាន​លើកទឹកចិត្ត​ចំពោះ​កីឡាករ កីឡា​ការិនី ដែល​ពុំ​ទទួលបាន​មេដាយ ក៏​កុំ​ទាន់​អាល​អស់សង្ឃឹម កីឡា​គឺ​តែងតែ​មាន​ឈ្នះ និង​មាន​ចាញ់ បើ​យើង​ចាញ់​នៅថ្ងៃនេះ ហើយ​បាក់​ទឹកចិត្ត និង​អស់សង្ឃឹម នោះ​យើង​នឹង​គ្មាន​ផ្លូវ​ឈ្នះ​នៅ​ថ្ងៃក្រោយ​នោះទេ ផ្ទុយ​ទៅ​វិញ​ត្រូវ​តែ​បន្ត​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​បង្កើន​សមត្ថភាព​ថែម​ទៀត ហើយ​ក្នុង​នាម​រដ្ឋបាល​ខេត្ត ឯកឧត្ដម​អភិបាលខេត្ត នៅតែ​បន្ត​ជួយ​គាំទ្រ និង​ផ្ដល់​កម្លាំងចិត្ត​ដល់​កីឡាករ កីឡាការិនី​ជានិច្ច សំដៅ​ឈាន​ឆ្ពោះ​ទៅ​ដណ្ដើម​នូវ​ជ័យជម្នះ និង​ពានរង្វាន់​ឲ្យបាន​កាន់តែ​ច្រើន​ថែមទៀត ក្នុង​ព្រឹត្តិការណ៍​កីឡា​នានា ក៏​ដូច​ជា​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៣ ឆ្នាំ​២០២០ ខាងមុខ ។​

​សូមបញ្ជាក់​ថា ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២​នេះ ខេត្ត​ស្វាយរៀង ដណ្ដើម​បាន​មេដាយ សរុប ២១​មេដាយ (​មេដាយមាស ៣ មេដាយប្រាក់ ៨ និង​មេដាយ​សំរឹទ្ធិ ១០) លើ ០៦​វិញ្ញាសារ រួមា​ន បាល់ទាត់​បុរស ទទួល​បាន​មេដាយមាស ១ បាល់ទាត់​នារី ទទួលបាន​មេដាយ​សំរឹទ្ធិ ១ បាល់បោះ​បុរស ទទួលបាន​មេដាយ​សំរឹទ្ធិ ១ វ៉ូ​វី​ណា​ម ទទួល​បាន​មេដាយមាស ១ និង​ប្រាក់ ៤ វាយ​សី ទទួល​បាន​មេដាយមាស ១ ប្រាក់ ១ និង​សំរឹទ្ធិ ២ និង​តេក្វាន់​ដូ ទទួលបាន​ប្រាក់ ៣ និង​សំរឹទ្ធិ ៦ ។​

​ចំពោះ​ប្រាក់រង្វាន់​ដែល​ផ្ដល់ជូន​នា​ឱកាស​នោះ រួមមាន ៖

-​កីឡាករ កីឡា​ការិនី ដែល​ទទួលបាន​មេដាយមាស ក្នុង ១​គ្រឿង ទទួលបាន ៨០​ម៉ឺន​រៀល បាន​មេដាយប្រាក់ ក្នុង ១​គ្រឿង ទទួលបាន ៦០​ម៉ឺន​រៀល មេដាយ​សំរឹទ្ធិ ក្នុង ១​គ្រឿង ទទួលបាន ៤០​ម៉ឺន​រៀល ។​

-​គ្រូបង្វឹក និង​ប្រតិភូ​ដឹកនាំ​កីឡា ២៧​នាក់ ក្នុង​ម្នាក់​ទទួលបាន ៥០​ម៉ឺន​រៀល ។​

-​ដោយឡែក កីឡាករ កីឡា​ការិនី ដែល​មិន​ទទួលបាន​មេដាយ ៨៣​នាក់ ក៏​មាន​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ជា​ការលើកទឹកចិត្ត ក្នុង​ម្នាក់ ១០​ម៉ឺន​រៀល ផងដែរ ៕​វ៉ៃកូ​

 

spot_img
×