Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិ ប្រកាស​សាងសង់​អគារ​ស្នាក់ការ​ថ្មី តាម​រចនា​ឡើង តាម​លំនាំ​ប្រាសាទ​ភ្នំ លើ​ទីតាំង​ចាស់​

spot_img

​ភ្នំពេញ ​៖ ធនាគារជាតិ​នៃ​កម្ពុជា បាន​ប្រកាស​ព័ត៌មាន តាម​ជា​ផ្លូវការ​តាម​ហ្វេ​សប៊ុក​របស់​ខ្លួន​នា​រសៀល​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៨​នេះ ថា នឹង​សាងសង់​អគារ​ស្នាក់ការ​ថ្មី លើ​ទីតាំង​ចាស់ នា​ពេល​ឆាប់ៗ​ខាងមុខ​។​

​ធនាគារជាតិ បានឲ្យដឹង​ទៀតថា “​ធនាគារជាតិ​នៃ​កម្ពុជា​នឹង​សាងសង់​អគារ​ស្នាក់ការ​ថ្មី លើ​ទីតាំង​បច្ចុប្បន្ន នា​ពេល​ឆាប់ៗ​ខាងមុខនេះ​។ អគារ​ស្នាក់ការ​ថ្មី​នេះ ត្រូវបាន​រចនា​ឡើង តាម​លំនាំ​ប្រាសាទ​ភ្នំ ដែល​បង្ហាញ​ពី​វប្បធម៌​ខ្មែរ​យើង ហើយ​បង្ហាញ​ពី​ភាពរឹងមាំ ទំនើប និង​ការរីកចម្រើន​វិស័យ​ធនាគារ នាពេល​បច្ចុប្បន្ន​”​។​

ធនាគារជាតិ​នៃ​កម្ពុជា ក៏​បាន​បង្ហាញ​នូវ​រូបភាព គម្រោង​សាងសង់ អគារ​ស្នាក់ការ​ថ្មី និង​រូបភាព ពី​ការវិវត្តន៍​អគារ​ស្នាក់​ការ ចាប់តាំងពី​ឆ្នាំ​១៩៥៤ មក ដល់​បច្ចុប្បន្ន​។​

​ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃ​ទី ២៣ ខែ​ធ្នូ ឆ្នាំ​១៩៥៤ ពោល​គឺ ១​ឆ្នាំ​ក្រោយ​ពី​ខ្មែរ​ទទួលបាន​ឯករាជ្យពី​អាណា​និគមនិយម​បារាំង​។ នៅ​ឆ្នាំ ១៩៦៤ ដើម្បី​បំរើ​ឲ្យ​គោលនយោបាយ កសាង​ជាតិ​នៃ​របប​សង្គម​រាស្ត្រ និយម រដ្ឋាភិបាល​បាន​ធ្វើ​ការកែទម្រង់​ប្រព័ន្ធ​ធនាគារ ដើម្បី​តម្រូវ​ទៅតាម សេចក្តីត្រូវការ​នៃ​សេដ្ឋកិច្ច​ជាតិ​នា​សម័យ​នោះ​។​

រដ្ឋបាល​ខ្មែរ​ក្រោម​ការដឹកនាំ​របស់​ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ បានប្រែក្លាយ​ធនាគារជាតិ​នៃ​កម្ពុជា ពី​ទម្រង់​ស្ថាប័ន​ពាក់កណ្តាល​ស្វយ័ត ទៅ​ជា​ធនាគារ​រដ្ឋ ក្រោម​ទម្រង់​ជា​ស្ថាប័ន​សាធារណៈ ដែល​មាន​លក្ខណៈ​ឧស្សាហកម្ម និង ពាណិជ្ជកម្ម​។​

​ជា​ការសោកស្ដាយ​នៅ​ថ្ងៃទី ១៧ មេសា ១៩៧៥ ក្រោយពេល​ដែល​កងកម្លាំង​ខ្មែរក្រហម បាន​ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ​ហើយ ធនាគារជាតិ​នៃ​កម្ពុជា នាពេល​នោះ​ត្រូវបាន គេ​កម្ទេចចោល និង​បញ្ឈប់​ទាំងស្រុង​នូវ រូបិយវត្ថុ​ប្រាក់រៀល​ជាតិ ដោយ​មិន​ឲ្យ​ចរាចរ​ឡើយ​។ រហូតមក​ដល់​ការ​ផុត​រលត់​ទៅ នៃ​របប​ខ្មៅ​ងងឹត​នេះ ទើប​ធនាគារជាតិ​នៃ​កម្ពុជា បាន​រៀបចំ​ឡើង​វិញ ក្នុងនាម​ជា​ធនាគារ​កណ្តាល របស់​ប្រទេស នៅ​ថ្ងៃ​ទី ១០ ខែតុលា ១៩៧៩ ដោយ​កែប្រែ​ឈ្មោះថា “​ធនាគារជាតិ នៃ​ប្រជាជន​កម្ពុជា​” ។ ធនាគារជាតិ​នៃ​ប្រជាជន​កម្ពុជា បាន​បោះផ្សាយ​ប្រាក់​រៀល​ឡើងវិញ នៅ​ថ្ងៃ​ទី ២០ ខែ​មីនា ឆ្នាំ​១៩៨០ ដើម្បី​ជួយ​សម្រួល​ដល់​ការទូទាត់​ក្នុង​ជីវភាព​រស់នៅ របស់​ប្រជាជន ដែល​ទើប​ងើប​ពី​សង្គ្រាម​ថ្មី​។ ចំណែកឯ​អគា​រធនាគារជាតិ​នៃ​កម្ពុជា ដែល​បាក់បែក​នោះ ត្រូវបាន​គេ​រុះរើ និង​សាងសង់​ជា​ថ្មី​ឡើងវិញ នៅ​ឆ្នាំ ១៩៩០៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×