Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច សាយ ឈុំ ៖ ទណ្ឌិត សម រង្ស៊ី កំពុង​បំពាន​លើ​ព្រះមហាក្សត្រ ដែល​អាច​ជាប់​ពន្ធនាគា​រ​៥​ឆ្នាំ​

spot_img

​ភ្នំពេញ​៖ ប្រធានព្រឹទ្ធសភា បាន​អះអាង​ថា ព្រះរាជសារ​របស់​ព្រះអង្គ​ម្ចាស់ជីវិតលើត្បូង បាន​អំពាវនាវ​ឲ្យ​ជនរួមជាតិ​ទៅ​ចូលរួម​បោះ​ឆ្នោត បាន​ជ្រើសរើស​បេក្ខជន ឬ​គណបក្ស​នយោបាយ​ណាមួយ ដែល​ខ្លួន​ពេញចិត្ត មិនមែន​ជា​ការ​ចាប់បង្ខំ​ឡើយ​ហើយ​សម្តេច​ប្រធាន​​​​​បាន​​បញ្ជាក់​បន្ថែម​​ថា ទណ្ឌិត សម រង្ស៊ី ដែល​កំពុង​រត់គេចខ្លួន ទៅ​ពូន​សម្ងំ​នៅ​បរទេស​នោះ​បាន​ហៅ​ព្រះរាជ​សារលិខិត​របស់​ព្រះ​ករុណា ជា​លិខិត​ក្លែងក្លាយ​។

​ក្នុង​​ពិធី​​សម្ពោធ​ឧបដ្ឋានសាលា និង​សមិទ្ធផល ក្នុង​វត្ត​ចំការ​ខ្សាច់ ស្ថិតនៅ​ក្នុង​សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ កាលពី​ព្រឹក​ថ្ងៃទី​១៣​ ខែ​មិថុនា ​ឆ្នាំ​២០១៨ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បាន​ថ្លែងថា “​ទណ្ឌិត សម រង្ស៊ី ​បាន​ហៅ​ព្រះរាជ​សារលិខិត​របស់​ព្រះករុណា ម្ចាស់ជីវិតលើត្បូង ថា​ជា​លិខិត​ក្លែងក្លាយ ហើយ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កុំ​ជឿ​​លើ​លិខិត​ចុងក្រោយ​នេះ របស់​ព្រះមហាក្សត្រ “​។

​សម្តេច​វិបុល​សេនា​ភក្តី បានបញ្ជាក់​ថា “​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ជា​ទង្វើ​បំពាន ឬថា​ប្រមាថ​ដល់​អង្គ​ព្រះ​មហា​ក្សត្រ​​​ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ ។ បើ​យោង​ទៅតាម មាត្រា​៤៣៧ ក្រមព្រហ្មទណ្ឌ ទោស​នេះ នឹង​ត្រូវ​ផ្តន្ទាទោស ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំ​​ដល់​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ពី​២​លាន​រៀល ដល់​១០​លាន​រៀល​” ។

​ជាមួយគ្នា​នោះ​ដែរ ក្រុម​ដែល​ដាក់​ឈ្មោះ​ខ្លួនឯង​ថា “​ជា​គណៈកម្មាធិការ​ចំពោះ​កិច្ច​” របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គេ​បាន​ប្រជុំ​នោះ​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ អំពាវនាវ​ឲ្យ​ប្រជាជន ទាំង​ក្នុង​និង​ក្រៅប្រទេស កុំឲ្យ​ទទួលស្គាល់​ការបោះ​ឆ្នោត នៅពេល​ខាងមុខ​នេះ​។

​នេះ​ជា​ទង្វើ​ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ ហើយ​បើ​តាម​ការ​ព្រះករុណា​ខ្ញុំ​ពិចារណា និង​វាយតម្លៃ​ឃើញថា នេះ​គ្រាន់តែ​ជា​ល្បិចកល​មួយ​ដើម្បី​លួង​ចិត្ត​ខ្លួនឯង​តែប៉ុណ្ណោះ ដែល​មិន​អាច​បោកប្រាស់ ប្រជាពលរដ្ឋ​យើង ទាំង​ក្នុង​និង​ក្រៅប្រទេស​បាន​ឡើយ ។​ ​សូម​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់ ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​រួចហើយ ។ រាជរដ្ឋាភិបាល មាន​ការប្តេជ្ញា​ចិត្ត​ខ្ពស់​ណាស់​ក្នុង​ការថែរក្សា​សន្តិភាព សូម​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យបាន​គ្រប់​គ្នា​ដើម្បី​បំពេញ​កាតព្វកិច្ច​របស់​យើង ជា​ពលរដ្ឋ ដូចដែល​មានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ ដើម្បី​សម្រេច​នូវ​ជោគវាសនា របស់​ពួកយើង​ម្នាក់ៗ ក៏ដូចជា​ជោគវាសនា​ប្រទេសជាតិ​ដែល​ជ្រើសរើស​យក​គណបក្ស​នយោបាយ​ណា ដែល​យើង​ពេញចិត្ត ឲ្យ​បន្ត​ដឹកនាំ​ប្រទេសជាតិ រយៈពេល​៥​ឆ្នាំ​ទៅ​មុខ​ទៀត ។​

​នៅសល់តែ​៤៧​ថ្ងៃ​ទៀត​ទេ គឺ​ដល់​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រា​ស្ត្រី​នីតិកាល​ទី​៦ ។ នេះ​គឺជា​ការបោះឆ្នោត​ដែល​អនុវត្តន៍​​ត្រឹមត្រូវ​និង​ទៀងទាត់ តាម​ការកំណត់​របស់​រដ្ឋធម្មនុញ្ញ ។ គណបក្សនយោបាយ​ចំនួន​២០ ​ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ទទួលស្គាល់​ជា​ផ្លូវការ ហើយ​ចូលរួម​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត ហើយ​ការ​ចាប់លេខ​រៀង របស់​គណបក្ស​នយោបាយ​នី​មួយៗ ដើម្បី​ដាក់​ឈ្មោះ​លើ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ក៏​បាន​ធ្វើ​រួចរាល់​ហើយ​ផងដែរ ។ រាជរដ្ឋាភិបាល បាន​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ណាស់ ក្នុង​ការថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ​និង​សណ្តាប់ធ្នាប់​សង្គម ដើម្បី​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត រៀបចំ​ការបោះឆ្នោត​ទាំងមូល​បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​បរិយាកាស សន្តិភាព គ្មាន​អំពើហិង្សា មាន​លក្ខណៈ​សេរី និង​យុត្តិធម៌​​ដែល​ទាំងអស់​គ្នា អាច​ទទួលយកបាន​។ ជាងនេះទៅទៀត ព្រះករុណា ជា​អង្គ​ម្ចាស់ជីវិតលើត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បាន​ព្រះរាជសារ​អំពាវនាវ​ឲ្យ​ជនរួមជាតិ​ទាំងអស់ អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ ​ដែល​មានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ ហើយ​ដើម្បី​ឲ្យ​បងប្អូន​ប្រជាព​ល​រដ្ឋ​ដែល​ជា​ម្ចាស់ឆ្នោត បាន​ជ្រើសរើស​បេក្ខជន ​ឬ​គណបក្ស​នយោបាយ​ណាមួយ ដែល​យើង​ពេញចិត្ត​មិនមែន​ជា​ការ​ចាប់បង្ខំ ឬ​គាបសង្កត់​ណាមួយ​នោះ​ឡើយ​៕​ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×