Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្តមសេនីយ៍ សៅ សុខា និង​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បន្ថែម​តួនាទី លើ​មុខងារ​បច្ចុប្បន្ន​

spot_img

ភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨​ថា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​​បាន​ចេញ​ប្រកាស​ស្តីពី ការប្រគល់​ភារកិច្ច​នាយទាហាន បន្ថែម​មុខងារ និង​ភារកិច្ច នាយទាហាន នៃ​កងយោធពល​ខេមរភូមិន្ទ​​ដល់​នាយ​ឧត្តម​សេនីយ៍ សៅ សុខា និង​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​។​​បើ​តាម​ប្រកាស​របស់​ក្រសួង​ការពារជាតិ ៖ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាកា​រង​នៃ កងយោធពល​ខេមរភូមិន្ទ​ ​និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស នឹង​ត្រូវ​ទទួល​ជា​អគ្គមេបញ្ជាការ​ស្តីទី នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​ចំណែក​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក នឹង​ទទួល​ជា​អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ ជា​នាយក​សេនាធិការ​ចម្រុះ ស្តីទី​​អគ្គបញ្ជាការដ្ឋាន និង​ជា​មេបញ្ជាការ កងទ័ពជើងគោក ស្តីទី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ។​

​ក្នុងនោះ នាយ​ឧត្តមសេនីយ៍ សៅ សុខា អត្តលេខ​០០០១០៥ ជា​អគ្គមេបញ្ជាការ​ស្តីទី នៃ​កងយោធពល​ខេមរភូមិន្ទ​​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​។ ចំណែក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អត្តលេខ​០៣៣៨៨៣ ជា​អគ្គមេបញ្ជាការ​រង​​នៃ​កងយោធពល​ខេមរភូមិន្ទ ជា​នាយក​សេនាធិការ​ចម្រុះ ស្តីទី អគ្គបញ្ជាការដ្ឋាន និង​ជា​មេបញ្ជាការ កងទ័ពជើងគោក ស្តីទី​​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ។​

​ការប្រគល់​ភារកិច្ច​ថ្មី​ជូន​ថ្នាក់ដឹកនាំ​នៃ​កងយោធពល​ខេមរភូមិន្ទ គឺ​នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿ​ន នាយ​ឧត្តមសេនីយ៍ គន់ គីម​​និង​នាយ​ឧត្តមសេនីយ៍មាស សុភា ត្រូវ​ព្យួរ​តួនាទី​បណ្តោះអាសន្ន ដើម្បី​ឈរឈ្មោះ​ជា​បេក្ខជន តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ។​ ​នាយ​ឧត្តមសេនីយ៍​សំខាន់សំ​ខាន់ៗ​ទាំង​៣​រូប​នោះ​រួមមាន នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿ​ន អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​,​នាយ​ឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការ​រង និង​ជា​នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​នាយ​ឧត្តមសេនីយ៍ មាស​ ​សុភា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​។​

នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿ​ន ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​លេខ​រៀង​ទី​១ នៅ​មណ្ឌល​ខេត្ត​ព្រះសីហនុ ដែលមាន​៣​កៅអី​។​
​នាយ​ឧត្តមសេនីយ៍ គន់ គីម បាន​ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រ​ពេញសិទ្ធិ​តែមួយគត់ នៅ​មណ្ឌល​ឧត្តរមានជ័យ​។​ ​នាយ​ឧត្តមសេនីយ៍ មាស សុភា បាន​ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រ​ពេញសិទ្ធិ​តែមួយគត់ នៅ​មណ្ឌល​ព្រះវិហារ​។​ ​ក្រៅពី​មេទ័ព​ទាំង​៣​នាក់​នេះ នៅក្នុង​វិស័យ​ការពារជាតិ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​ ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ក៏​បាន​ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រ​ពេញសិទ្ធិ​លេខ​រៀង​ទី​១ នៅ​ខេត្ត​សៀមរាប​ផងដែរ​។​

​នាយ​ឧត្តមសេនីយ៍ ឈុំ សុជា​ត ជា​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បាន​ថ្លែងថា ការព្យួរ​តួនាទី​បណ្តោះអាសន្ន សម្រាប់​មេទ័ព​ទាំង​៣​នៅក្នុង​ក្របខ័ណ្ឌ​ក្រសួង​ការពារជាតិ នាពេល​ខាងមុខ​នេះ គឺ​អនុវត្ត​ទៅតាម​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​បើ​តាម​មាត្រា​២៥ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ប្រកាស​៤.៣ នៃ​បទបញ្ជា​​និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ គឺ​តម្រូវ​ឱ្យ​មន្ត្រីរាជការ មន្ត្រី​តុលាការ កងកម្លាំង​នគរបាលជាតិ​​កងយោធពល​ខេមរភូមិន្ទ សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ សមាជិក​ឧត្តម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម និង​បព្វជិត​សាសនា​ ​ដែល​មាន​បំណង​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដាក់​ពាក្យ​សុំ​ច្បាប់​ឈប់​ពិសេស ឬ​លាចាក​សិក្ខាបទ​រហូតដល់​​ថ្ងៃ​ប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត ជា​ស្ថាពរ​យ៉ាងតិច​៧​ថ្ងៃ មុន​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​។​

​ទោះជា​យ៉ាងនេះក្តី តំណាងរាស្ត្រ​ដែល​ជាប់ឆ្នោត ក៏​មាន​សិទ្ធិ​ក្នុង​ការលាលែង​ពី​តំណែង​របស់​ខ្លួន​វិញ​ផងដែរ ហើយ​បេក្ខជន​តំណាងរាស្ត្រ ​ដែល​ឈរ​នៅ​លេខ​រៀង​បន្ទាប់ នឹង​ឡើង​ជំនួស​នៅក្នុង​សភាជាតិ​៕​ ដោយ ៖ បញ្ញាស័ក្តិ

    

spot_img
×