Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន នឹង អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​យុទ្ធសាស្ត្រ​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាយ៉េ​យ៉ារ៉ាឌី ចៅ ប្រា​យ៉ា​-​មេគង្គ​

spot_img

​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​ក្រសួងការបរទេស និង​សហការ ប្រតិបត្តិការ​អន្តរជាតិ​បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៥-១៧ មិថុនា ឆ្នាំ​២០១៨ សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​អាយ៉េ​យ៉ារ៉ាឌី ចៅ ប្រា​យ៉ា​-​មេគង្គ (ACMECS) លើក​ទី​៨ និង​ធ្វើ​ជា​ប្រធាន​នៃ​កិច្ច ប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​វៀតណាម (CLMV) លើក​ទី​៩ នៅ​ទីក្រុង បាងកក ប្រទេស​ថៃ ។

​ឥស្សរជន​កម្ពុជា ដែល​នឹង​អញ្ជើញ​អមដំណើរ​សម្តេច​នាយក​រដ្ឋមន្ត្រី​រួម​មាន ៖ លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ប៉ាន ់សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង លោក បណ្ឌិត សាយ សំ​អាល់ រដ្ឋ មន្ត្រី​ក្រសួង​បរិស្ថាន ព្រមទាំង​សមាជិក​ដទៃ​ទៀត នៃ​រាជរដ្ឋាភិបាល​កម្ពុជា ។​

​កិច្ចប្រជុំ​កំពូល ACMECS លើក​ទី​៨ ដែល​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី ១៥ ដល់​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៨ ក្រោម​មូលបទ “​ឆ្ពោះទៅ​កាន់​សហគមន៍​មេគង្គ​ដែល​មាន​សមាហរណកម្ម និង​ការតភ្ជាប់​” នឹង​ត្រូវ​ដឹកនាំ​ដោយ លោក ឧត្តមសេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា (Prayut Chan-o-cha) នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ ដែល​ជា​ប្រធាន​កិច្ចប្រជុំ​។​

​ថ្នាក់ដឹកនាំ​ដែល​អញ្ជើញ​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​កំពូល ACMECS លើក​ទី​៨ នឹង​ពិភាក្សា​ពី​យុទ្ធសាស្ត្រ​ពង្រឹងសមត្ថភាព ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ខ្លាំងក្លា​នៅតាម​បណ្តោយ​ព្រំដែន បង្រួម​គម្លាត​ការអភិវឌ្ឍ​សេដ្ឋកិច្ច ក៏ដូចជា​ចូលរួម​ពង្រឹង​សន្តិភាព ស្ថិរភាព និង​សមាហរណកម្ម​អាស៊ាន​ទាំងមូល​។ ឯកសារ​សំខាន់​ចំនួន​បី​ដែល​នឹង​ត្រូវ​បាន​អនុម័ត​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​កំពូល​នេះ រួមមាន​៖ ១. បញ្ជី​គម្រោង​អាទិភាព​, ២.​ផែនការមេ ACMECS ២០១៩-២០២៣ និង ៣. សេចក្តីថ្លែងការណ៍​ទីក្រុង​បាងកក​។​
​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​នឹង​អញ្ជើញ​ចូលរួម​ផងដែរ នៅក្នុង​វេទិកា នាយក​ប្រតិបត្តិ ACMECS (ACMECS CEO Forum) ដោយ​ក្នុង​ឱកាស​នោះ សម្តេច​តេជោ នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ​មួយ ស្តី​ពី​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ ACMECS និង​ការធ្វើសមាហរណកម្ម​។​

​សេចក្ដី​ជូន​ព័ត៌មាន​បាន​ឱ្យដឹងទៀតថា នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ ២០១៨ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ធ្វើ​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​វៀតណាម (CLMV) លើក​ទី​៩ ដែល​នឹង​មាន​ការ ចូលរួម​ពី​សំណាក់ លោក ថង​លូន ស៊ី​ស៊ូ​លី​ត (Thongloun Sisoulith) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ លោក អ៊ូ វីន ម្ញី​នត៍ (U Win Myint) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា និង លោក ង្វៀន សួន​ហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។ លោក ដា​តុ លីម ចូក ហួយ​(Dato Lim Jock Hoi) អគ្គលេខា ធិការ​អាស៊ាន ក៏​ត្រូវបាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ ផងដែរ​។ ក្រោម​មូលបទ “​ដើម្បី​ការតភ្ជាប់ និង​សមាហរណកម្ម​សេដ្ឋកិច្ច​កាន់តែ​ខ្លាំងក្លា​” ថ្នាក់ដឹកនាំ​ដែល​អញ្ជើញ​ចូលរួម​កិច្ច​ក្នុង​ប្រជុំ​កំពូល CLMV លើក​ទី​៩ នឹង​ពិនិត្យ​ឡើងវិញ​អំពី​វឌ្ឍនភាព ​នៃ​កិច្ចសហ ប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ CLMV នា​បណ្តា​ឆ្នាំកន្លងមក ហើយ​និង​ពិភាក្សា​រិះរក​វិធី​យ៉ាងណា​ដើម្បី​បន្ត​ប្រើប្រាស់​សក្តានុពល​សេដ្ឋកិច្ច​របស់​ប្រទេស​សមាជិក និង​លើកកម្ពស់​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការលើ​វិស័យ​អាទិភាព សំដៅ​សម្រេច​ឱ្យបាន​នូវ​ការ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​មាន​ការចូលរួម ពី​គ្រប់​មជ្ឈដ្ឋាន​នៅក្នុង​តំបន់ ក៏ដូចជា​លើកកម្ពស់​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ និង​ទំនាក់ ទំនង​រវាង ប្រជាជន និង​ប្រជាជន ដែល​ជា​ការរួមវិភាគទាន​ដល់​ការកសាង​សហគមន៍​អាស៊ាន​។ នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​កំពូល CLMV លើក​ទី​៩ នេះ នឹង​មាន​ការអនុម័ត​សេចក្តីថ្លែងការណ៍​រួម ហើយ​បន្ទាប់មក សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ក្នុង​នាម​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​នេះ​។​

គួរកត់សម្គាល់​ថា ប្រទេស CLMV មាន​ការលូតលាស់​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស ដោយសារ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​នី​មួយៗ បាន​ខិតខំ​ប្រឹងប្រែង​ធ្វើកំណែទម្រង់ និង​សម្របសម្រួល​ដើម្បី​ឱ្យមាន​សេរីភាវូបនីយកម្ម ក្នុង​ការផ្លាស់ប្តូរ​ពាណិជ្ជ​កម្ម និង​សេដ្ឋកិច្ច គួបផ្សំ​ជាមួយ​និង​កត្តា​លើកទឹកចិត្ត​ផ្សេងៗ​ទៀត ដូច​ជា​តម្លៃ​ពលកម្ម​ទាប អំណោយផល​នៃ​ប្រជាសាស្ត្រ ក៏​ដូច​ជា​ទីតាំង​ភូមិសាស្ត្រ​មាន លក្ខណៈ​យុទ្ធសាស្ត្រ​។ ក្រៅពី​ការអញ្ជើញ​ធ្វើជា​ប្រធាន​កិច្ចប្រជុំ​កំពូល CLMV លើក​ទី​៩​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​នឹង​អញ្ជើញ​ចូលរួម​ពិសា​អាហារ​ការងារ​ពេលព្រឹក​ជា​មួយ លោក ថង​លូន ស៊ី​ស៊ូ​លី​ត និង​លោក ង្វៀន សួន​ហ្វ៊ុក ផងដែរ​។ ក្នុង​អំឡុងពេល​ស្នាក់នៅ​ទីក្រុង​បាងកក សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ លោក ឧត្តមសេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា ដើម្បី​ពង្រឹង និង​ធ្វើឱ្យ​ស៊ីជម្រៅ​បន្ថែមទៀត នូវ​ទំនាក់ទំនង​ទ្វេភាគី​ដ៏​កក់ក្តៅ និង​ប្រកបដោយ​ផ្លែផ្កា​រវាង​កម្ពុជា និង​ថៃ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×