Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង ៖ បើ​អាមេរិក​រកឃើញ​ទ្រព្យសម្បត្តិ​នៅ​ទីនោះ សូម​ឲ្យ​បង្កក​ទ្រព្យសម្បត្តិ​ខ្ញុំ​ឱ្យ​ឆាប់​បំផុត​

spot_img

​ភ្នំពេញ​៖ នាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ បញ្ជាការដ្ឋាន​អង្គរក្ស នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៨​នេះ បានប្រកាសថា លោក​គ្មាន​ទ្រ​ព​សម្បត្តិ​នៅ​សហរដ្ឋអាមេរិក​ទេ ហើយក៏​មិន​ដែល​ឈាន​ជើង​ជាន់ដី​ប្រទេស​នេះ​ម្តង​ណា​ដែរ​។ នាយ​ឧត្តមសេនីយ៍ បានបញ្ជាក់​ថា បើ​អាមេរិក​បើ​រកឃើញថា ទ្រព្យសម្បត្តិ​របស់​ខ្ញុំ មាន​ទុក​នៅ​សហរដ្ឋ​អាមេរិក​នោះ សូម​ធ្វើការ​បង្កក​ឱ្យ​បាន​លឿន​បំផុត​ទៅ​ចុះ​។​

​ការឆ្លើយតប​របស់​នា​យ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង ក្រោយពី​ទទួលបាន​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា​នេះ ដែល​ក្រសួង​រតនាគារ​របស់​សហរដ្ឋអាមេរិក បាន​ចេញ​នូវ​សេចក្តីសម្រេច​ដាក់ទណ្ឌកម្ម មកលើ​នាយ​ឧត្តមសេនីយ៍ ដោយ​ចោទប្រកាន់​ពី​បទ​រំលោភ​សិទ្ធិមនុស្ស ហើយ​សហរដ្ឋអាមេរិក នឹង​មិន​ផ្តល់​ទិដ្ឋាការ​ឲ្យចូល​ទៅ​កាន់​សហរដ្ឋអាមេរិ​ក ព្រមទាំង​បង្ក​ទ្រព្យសម្បតិ្ត​របស់​លោក​ហ៊ីង ប៊ុន​ហៀ​ង ។​

​នៅក្នុង​សេចក្តី​ឆ្លើយតប​របស់ នាយ​ឧត្តមសេនីយ៍​ជាន់ខ្ពស់​រូបនេះ បានបញ្ជាក់​៦​ចំណុច​យ៉ាង​ដូច្នេះ​ថា​៖

១៖ ក្នុង​មួយជីវិត​របស់ខ្ញុំ គឺ​ចង់​ធ្វើ​ជា​មិត្ត​របស់​អាមេរិក​ណាស់ ប៉ុន្តែ​ខ្ញុំ​មាន​ឆន្ទៈ​យ៉ាង​មុតមាំ គឺ​រក្សា​ការពា​រសុខ​សុវត្ថិភាព​ជូន​ប្រជាជន​កម្ពុជា ឱ្យបាន​ដាច់ខាត និង​ត្រៀម​ខ្លួន​ជានិច្ច ដើម្បី​វាយបក​ទៅលើ​ជន​អាមេរិក​ណា ដែល​មិន​គោរព​នូវ​អធិបតេយ្យភាព នៃ​ប្រទេស​រាជ្យ​មួយ ព្រមទាំង​មាន​មហិច្ឆតា​ឈ្លានពាន​មកលើ​ប្រទេស​ខ្ញុំ ហើយ​ថែមទាំង​បាន​គាំទ្រ និង​ញុះញង់​ពួក​ក្បត់ជាតិ ដែល​មាន​ក្នុង​ប្រទេស​កម្ពុជា​។​

២៖ ថ្វី​ត្បិត​តែ​ខ្ញុំ​ចង់​ធ្វើ​ជា​មិត្ត ជាមួយ​អាមេរិក​ក៏​មែនពិត តែ​ខ្ញុំ​មិនមែន​ជា​ពលរដ្ឋ​អាមេរិក​ទេ គឺ​ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ​សុទ្ធសាធ​។ ដូច្នេះ​ខ្ញុំ​មិន​ត្រូវបាន​គោរព​ច្បាប់​អាមេរិក​នោះទេ ខ្ញុំ​ដាច់ខាត​គោរព​តាមច្បាប់​របស់​កម្ពុជា ដែល​ជា​ប្រទេស​មួយ មាន​នីតិរដ្ឋ​ពេញលេញ នៅលើ​ឆាក​អន្តរជាតិ​។​

៣៖ សូមបញ្ជាក់​ថា ខ្ញុំ​មិន​មាន​ទ្រព្យសម្បត្តិ​សម្រាប់​ទុក​ឱ្យ​សហរដ្ឋអាមេរិក​បង្កក​នោះទេ បើ​រកឃើញថា​៖ ទ្រព្យសម្បត្តិ​របស់​ខ្ញុំ មាន​ទុក​នៅ​សហរដ្ឋ​អាមេរិក​នោះ សូម​ធ្វើការ​បង្កក​ឱ្យ​បាន​លឿន​បំផុត​ទៅ​ចុះ​។​

៤៖ ក្នុង​មួយជីវិត​របស់ខ្ញុំ ខ្ញុំ​មិនដែល​បាន​ជាន់​ទឹកដី​អាមេរិក សូម្បី​តែ​ម្តង​ក៏​គ្មាន​ដែរ ដូច្នេះ​ខ្ញុំ​ក៏​គ្មាន​បំណង​ទៅ​សហរដ្ឋអាមេរិក​ដែរ ព្រោះ​ខ្ញុំ​មាន​ការឈឺចាប់ ចំពោះ​ទង្វើ​អាមេរិក ដែល​បាន​ធ្វើ​មក​លើ​រូប​ខ្ញុំ គ្រួសារ​ខ្ញុំ និង​ប្រទេសជាតិ​ខ្ញុំ ដោយ​បាន​ទម្លាក់​គ្រាប់បែក​រាប់​លាន​គ្រាប់ សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ក្នុង​ទស្សវត្ស​ន៍​ឆ្នាំ​១៩៧០ ព្រមទាំង​បន្សល់ទុក​កាកសំណល់​សង្គ្រាម​មិន​ទាន់​ផ្ទុះ នៅតែ​បន្ត សម្លាប់​ប្រជាជន​ខ្មែរ​ជា​បន្តបន្ទាប់​ទៀត​។ ដូច្នេះ​មិន​បាច់​ដាក់ទណ្ឌកម្ម​មកលើ​រូប​ខ្ញុំ​ទេ ពីព្រោះ​មិន​ត្រូវការ​អាមេរិក​ទេ​។​

៥៖ ខ្ញុំ​ត្រៀម​ខ្លួន​ជាស្រេច ដើម្បី​ទប់ស្កាត់ និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ជន​ក្បត់ជាតិ និង​បក្សពួក​ប្រឆាំង ដែល​មាន​បំណង​ធ្វើ​បដិវត្ដពណ៌​នៅ​កម្ពុជា មាន​បរទេស​នៅ​ពីក្រោយ​ខ្នង​។​

៦៖ ខ្ញុំ ក្នុងនាម​ជា​មេបញ្ជាការ មេបញ្ជាកា​រង នាយទាហាន ពលទាហាន​ទាំងអស់ ប្ដេជ្ញា​ការពារ​សន្ដិសុខ សុវត្ថិភាព ជូន​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្នុង​គ្រួសារ ឲ្យបាន​ជា​ដាច់ខាត​។​

​ជាទី​បញ្ចប់ ក្នុងនាម​ខ្ញុំ​ជា​កូន​ខ្មែរ និង​ជា​អ្នកដឹកនាំ ក្នុង​កងយោធពល​ខេមរភូមិន្ទ​មួយរូប ខ្ញុំ​ប្ដេជ្ញា​ការពារ​បូរណភាព​ទឹកដី ការពារ​អធិបតេយ្យភាព នៃ​ប្រទេស​មួយ​ដែល​មាន​នីតិរដ្ឋ ដោយ​មិន​អនុញ្ញាត ឲ្យ​បរទេស​ណាមួយ ឬក៏​មហាអំណាច​ណាមួយ មក​រំលោភ​បំពាន​បានឡើយ​។ ជាពិសេស​ប្រឆាំង​ដាច់ខាត​ពួក​ក្បត់ជាតិ ដែល​ធ្វើតាម​ការញាក់​របស់​ម​ហា​អំណាច​ដែល​នៅ​ពីក្រោយ​ខ្នង​។ សូម​សហរដ្ឋអាមេរិក​បង្កក​ទ្រព្យសម្បត្ដិ​របស់ខ្ញុំ ដែល​មាន​នៅ​សហរដ្ឋអាមេរិក ឲ្យបាន​ឆាប់​បំផុត ព្រោះ​ខ្ញុំ​គ្មាន​ទ្រព្យសម្បត្ដិ​នៅ​អាមេរិក​នោះទេ ហើយ​មិនចាំបាច់​ផ្ដល់​ទិដ្ឋាការ​ឲ្យ​ខ្ញុំ​នោះដែរ ព្រោះ​ខ្ញុំ​មិន​ចង់ទៅ​អាមេរិក​ឡើយ​។​

​សហរដ្ឋអាមេរិក បាន​ដាក់​បម្រាម​មិនឲ្យ​ពលរដ្ឋ​អាមេរិក​ធ្វើការ​ទាក់ទ​ង​ជាមួយ​នឹង​ខ្ញុំ តែ​ខ្ញុំ​ក៏​ពុំ​មាន​ការចាំបាច់​ណាមួយ​ធ្វើការ​ទាក់ទង ជាមួយ​ពលរដ្ឋ​អាមេរិក​ដែរ​។ ខ្ញុំ​ត្រូវ​រស់នៅ​ក្នុង​មាតុភូមិ​ខ្ញុំ ខ្ញុំ​ត្រូវ​ការអភិវឌ្ឍន៍​ប្រទេស​ខ្ញុំ ខ្ញុំ​ត្រូវ​ថែរក្សា​ការពារ សុខ​សន្ដិភាព​ប្រទេស​ខ្ញុំ​
​ខ្ញុំ​ត្រូវ​ជួយ​ប្រជាជន​ខ្ញុំ ព្រោះ​កម្ពុជា ជា​ប្រទេស​ដែល​មាន​អធិបតេយ្យភាព នីតិរដ្ឋ​ពេញលេញ​ត្រឹមត្រូវ មិន​អាច​មាន​បរទេស ឬ​មហាអំណាច​ណាមួយ​មក​រំលោភ​បំពាន​បានទេ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×