Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុន​ចាកចេញ​ពី​កម្ពុជា ឯកអគ្គរាជទូត​អង់គ្លេស នឹង​ចូលរួម​សង្កេតការណ៍ ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦

spot_img

​ភ្នំពេញ​ ៖ ​ក្នុងនាម​រដ្ឋាភិបាល​អង់គ្លេស លោក​ឯកអគ្គរាជទូត បាន​គូសបញ្ជាក់ថា អង់គ្លេស​សង្ឃឹមថា ការបោះឆ្នោត​នាពេល​ខាងមុខ​នេះ នឹង​ដំណើរ​ទៅ​រលូន មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ហើយ​អង់គ្លេស​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា ក្នុង​ការថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ​។ លោក​ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស ប្រចាំ​កម្ពុជា បានបញ្ជាក់​ថា លោក​នឹង​ចាកចេញ​ពី​ប្រទេស​កម្ពុជា នៅក្រោយ​ការបោះឆ្នោត​សកល​រួច ដូច្នេះ​លោក​នឹង​ចូលរួម​សង្កេតការណ៍ ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នោះ​ផង​ដែរ​។​

​លោក វីលៀម ជេស ឡុង​ហឹស្ត (William Jesse Longhurst ) ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវ​ចប់​អាណត្តិ បាន​ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ នៅ​វិមាន​រដ្ឋ​សភា​។​

​លោក វីលៀម ជេស ឡុង​ហឹស្ត បាន​មានប្រសាសន៍ថា នៅក្នុង​បេសកកម្ម​ការទូត​៤​ឆ្នាំ​នៅ​កម្ពុជា បាន​ចូលរួម​សង្កេតការណ៍ ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ កាលពី​ឆ្នាំ​២០១៧ ប៉ុន្តែ​ឆ្នាំ​២០១៨​នេះ ជា​ការបោះឆ្នោត​សកល ជា​បទពិសោធន៍​ថ្មី​មួយ ដែល​លោក​នឹង​ទទួលបាន​។​

​អ្វី​ដែល​ជា​សមិទ្ធផល នៅ​ក្នុង​រយៈ​បេសកកម្ម​៤​ឆ្នាំ មកនេះ​លោក វីលៀម ជេស ឡុង​ហឹស្ត បានលើកឡើង ថា រដ្ឋ​សភា​កម្ពុជា បានផ្តល់​កិច្ចសហប្រតិបត្តិការ យ៉ាង​ល្អ ជាមួយ​ស្ថានទូត​អង់គ្លេស​។ ស្ថានទូត​អង់គ្លេស បាន​សហការ​ជាមួយ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា នៅក្នុង​ការពង្រឹង​សមត្ថភាព តំណាងរាស្ត្រ​ជា​ស្ត្រី តាមរយៈ​ការរៀបចំ​ឲ្យមាន​សិក្ខា​សាលា ជាច្រើនលើក​។​

​លោក វីលៀម ជេស ឡុង​ហឹស្ត បាន​គូសបញ្ជាក់​បន្ថែមថា កន្លង​មក​អង់គ្លេស បានផ្តល់​អាហារូបករណ៍ ដល់​និស្សិត​កម្ពុជា បាន​ទៅ​សិក្សា​នៅ​អង់គ្លេស ផ្តល់​ជំនួយ​ខាង​ដោះមីន និង​សកម្មភាព​សង្គម ជាច្រើន​ទៀត ហើយ​បេសកកម្ម​នោះ នឹង​នៅ​បន្ត​ទៅមុខ​ទៀត​។​

​ក្នុងនាម​រដ្ឋ​សភា​កម្ពុ​ជា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ថ្លែងអំណរគុណ​ដល់​ចក្រភព​អង់គ្លេស ដែល​បាន​ជួយ​គាំទ្រ​កម្ពុជា រហូតមក​។ សម្តេច បាន​លើកឡើង​ថា កម្ពុជា​-​ចក្រភព​អង់គ្លេស មាន​ទំនាក់ទំនង​ការទូត ជាមួយ​គ្នា​ជាង​៦ ទសវត្សរ៍​មក​ហើយ ហើយ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ដ៏​យូរអង្វែង រវាង​ប្រជាជាតិ និង​ប្រទេស​ទាំង​ពីរ បាន​នាំមក​នូវ ឧត្តម ប្រយោជន៍​ទៅវិញ ទៅមក ជាពិសេស​បានរួម ចំណែក ដល់​ការអភិវឌ្ឍ​របស់​កម្ពុ​ជា ទាំង​ពេល​បច្ចុប្បន្ន និង អនាគត​។​

​សម្តេច​ប្រធានរដ្ឋសភា បាន​ជម្រាប​ថា កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ចុងខែ​កក្កដា ខាងមុខ ដែល មាន​គណបក្សនយោបាយ​ចំនួន ២០ ចូលរួម​ប្រកួតប្រជែង​។ ការបោះឆ្នោត នឹង​ប្រព្រឹត្តទៅ តាម​ការកំណត់ ស្របតាម​ច្បាប់​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ តាម​គោលការណ៍ ប្រជាធិបតេយ្យ​។ កម្ពុជា ខិតខំ​រក្សា​ឲ្យបាន​នូវ​សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ដែល​ជា​មូលដ្ឋានគ្រឹះ ដ៏​មាន​សារសំខាន់ ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម នាំមក​នូវ​សេចក្តីសុខក្សេមក្សាន្ត ជូន​ប្រជាជន​កម្ពុជា ។​

​សម្តេច​បាន​ផ្តាំផ្ញើ​ថា ទោះបី​បេសកកម្ម​ការទូត​របស់​លោក​ឯកអគ្គរាជទូត នៅ​កម្ពុជា ត្រូវបាន​បញ្ចប់ និង​ទៅ​បំពេញភារកិច្ច នៅ ស្ថាប័ន​ផ្សេង​ក្តី សូម​លោក​នៅតែ​បន្ត​រក្សា ទំនាក់ទំនង​ល្អ ជាមួយ​កម្ពុជា និង​ជួយ​ផ្សព្វផ្សាយ​ពី សក្កា​នុព​ល ទេសចរណ៍​កម្ពុជា ដល់​ប្រជាជន និង​អ្នក​វិនិយោគិន នៅ​អង់គ្លេស ឲ្យ​កាន់តែ​ច្រើន​ថែម​ទៀត ៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×