Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​ជ័យលាភី នៃ​កម្មវិធី​ប្រកួត​K-POP World Festival 2018 in Changwon វគ្គ​ដំបូង​

spot_img

​​ស្ថានទូត​កូរ៉េ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើការ​ប្រារព្ធ​កម្មវិធី​ប្រកួត K-POP World Festival 2018 in Changwon វគ្គ​ដំបូង​នៅក្នុង​ប្រទេស​កម្ពុជា នៅ​ក្នុង​សាល​ពហុ​បំណង (Multi-Purpose Hall) នៃ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា កូរ៉េ (CKCC) ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នៅ​រាត្រី​ថ្ងៃ​សុក្រ ទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ ។​

​លោកស្រី ក្វ​ន សូហ្យ​ន លេខា​ទី​២ នៃ​ស្ថានទូត​កូរ៉េ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថា សម្រាប់​កម្មវិធី​នា​ឆ្នាំនេះ បាន​ប្រារព្ធ​ឡើង​ក្រោម​ការ គ្រប់គ្រង ដឹកនាំ និង​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន K’ve Entertainment ព្រមទាំង​ទទួលបាន​ការឧបត្ថម្ភ ពី​ក្រុមហ៊ុន KHH (Khmer household & Health care), ក្រុមហ៊ុន JUN SKIN រួមជាមួយ​នឹង​ការសម្តែង​ស្វាគមន៍ បើក​កម្មវិធី​ដ៏​អស្ចារ្យ និង​ការរៀបចំ​ឆាក​សម្តែង​យ៉ាង​ស្រស់​ឆើតឆាយ ជួយ​ញ៉ាំង​ឲ្យ​កម្មវិធី​នេះ កាន់តែ​មាន​ភាព​អស្ចារ្យ​ជាង​ឆ្នាំ​មុនៗ​។​

​លោកស្រី លេខា​ទី​២ នៃ​ស្ថានទូត​កូរ៉េ បានបញ្ជាក់​ថា កម្មវិធី​នេះ គឺ​ជា​កម្មវិធី​ប្រកួត K-POP World Festival 2018 in Changwon វគ្គ​ដំបូង​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​ស្ថានីយ៍ទូរទស្សន៍​KBS និង​ក្រសួង​ការបរទេស​ប្រទេស​កូរ៉េ កម្មវិធី​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង ដើម្បី​ធ្វើ​ការជ្រើសរើស​អ្នកតំណាង របស់​ប្រទេស​កម្ពុជា សម្រាប់​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​ធំ​វគ្គ​ទី​១ (​ការវាយតម្លៃ​លើ​វីដេអូ​) នៅ Changwon ដែល​មាន​ការចូលរួម​យ៉ាងច្រើន​កុះករ ពី​សំណាក់​អ្នកគាំទ្រ K-POP ទូទាំង​ពិភពលោក​។​

សម្រាប់​ក្នុង​កម្មវិធី​ឆ្នាំនេះ មាន​បេក្ខជន បេ​ក្ខ​នារី ក្រុម​រាំ និង​ច្រៀង​ប្រហែល ៤០​ក្រុម សរុប​មាន​ចំនួន​ប្រហែល​ជា​១៣០​នាក់ បាន​ចុះឈ្មោះ​ចូលរួម​ប្រកួត ក្នុង​កម្មវិធី​នេះ ហើយ​ឆ្លងកាត់​តាមរយៈ​ការវាយតម្លៃ យើង​បាន​ធ្វើ​ការជ្រើសរើស​បេក្ខជន បេ​ក្ខ​នារី ចំនួន​១៦​ក្រុម (​រាំ​១១​ក្រុម ច្រៀង​៥​ក្រុម​) សរុប​មាន​ចំនួន​៧៣​នាក់ សម្រាប់​ចូលរួម​ការប្រកួត​សម្តែង​ក្នុង​កម្មវិធី​ប្រកួត​នាពេលនេះ​។​

​លោក អូ ណាក់​យ៉ុង ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុ ជា​បាន​ប្រសាសន៍ ដោយ​អំណរ​សាទ​រថា “​ខ្ញុំ​មាន​សេចក្តី​រីករាយ​យ៉ាងខ្លាំង ដែល​ប្រជាប្រិយភាព K-POP នៅក្នុង​ប្រទេស​កម្ពុជា កាន់តែ​កើនឡើង​ខ្ពស់ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​ខ្ញុំ​សង្ឃឹម​ថា​កម្មវិធី K-POP World Festival ដែល​ត្រូវបាន​ប្រារព្ធ​ឡើង ជា​រៀងរាល់ឆ្នាំ នៅក្នុង​ប្រទេស​កម្ពុជា​នេះ នឹង​ក្លាយទៅជា​សកម្មភាព​មួយ ដែល​អាច​ជួយ​ជំរុញ​ការផ្លាស់ប្តូរ​វប្បធម៌ រវាង​យុវជន​កម្ពុជា​-​កូរ៉េ​”​។​

​លោកស្រី ក្វ​ន សូហ្យ​ន បានបញ្ជាក់​ថា កម្មវិធី​នេះ​មាន​ការចូលរួម​វាយតម្លៃ និង​ផ្តល់​ពិន្ទុ​ពី​សំណាក់ គណៈកម្មការ​ដ៏​ជំនាញ​ដូចជា លោក G-Daveth ជា​តារាចម្រៀង និង​ជា​ម្ចាស់​ជ័យលាភី​ក្នុង​កម្មវិធី K-POP World Festival វគ្គ​ដំបូង​នៅក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៥ លោក Taboi ជា VJ ប្រចាំ​នៅ​ស្ថានីយ៍ទូរទស្សន៍ MyTV ផលិត​ករ និង​ជា​ទូត​សុច្ឆន្ទៈ ផ្សព្វផ្សាយ វប្បធម៌​កូរ៉េ នៅ​កម្ពុជា លោក J-Pok ជា​ផលិតករ​តន្ត្រី និង​ជា​អ្នកតំណាង​របស់ E Nation Record label ដែល​នឹង​ធ្វើឲ្យ​ការវាយតម្លៃ​ក្នុង​កម្មវិធី​នេះ កាន់តែ​មាន​លក្ខណៈ​ជំនាញ និង​មាន​ភាព​សុ​ក្រិត​។​

​ក្រុម​ដែល​ទទួល​ជ័យលាភី (​លេខ​១) ក្នុង​ការប្រកួត​ចុងក្រោយ នឹង​បានទទួល​ការប្រឹក្សា​អំពី K’ve Entertainment ព្រមទាំង​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​ធំ​វគ្គ​ទី​១ នៅ Changwon ដែល​រៀបចំឡើង​ដោយ​ស្ថានីយ៍ទូរទស្សន៍​KBS​។​

នៅក្នុង​ថ្ងៃ​បើក​កម្មវិធី​ប្រកួត មាន​ចែក​ជូន​នូវ​វត្ថុ​អនុស្សាវរីយ៍ ជូន​ចំពោះ​ទស្សនិកជន ដែល​បាន​ចូលរួម​ឆ្លើយ​សំណួរ​ស្ទង់​មតិ ហើយ​យើង​ក៏​មាន​រៀបចំ​ស្តង់ ដាក់លក់​អាហារ​កូរ៉េ គ្រឿងសម្អាង​កូរ៉េ និង​ឧបករណ៍ប្រើប្រាស់​ផលិត នៅ​ប្រទេស​ជាច្រើន​ប្រភេទ​ទៀត ក្នុង​តម្លៃ​សមរម្យ ចាប់ពី​ម៉ោង​១​រសៀល​តទៅ នៅខាងមុខ​សាល​ពហុ​បំណង (Multi-Purpose Hall) នៃ​អគារ CKCC នៅ​ថ្ងៃ​សុក្រ ទី​១៥ ខែ​មិថុនា​នេះ យើង​អាច​ធ្វើ​ការរីករាយ និង​ស្វែងយល់​អំពី​វប្បធម៌​កូរ៉េ យ៉ាង​ចម្រុះ​បែប ក្នុង​រយៈពេល​ពេញ​មួយថ្ងៃ​។

ជ័យលាភី គឺ អ្នកឈ្នះរង្វាន់ធំ លេខ១ (Samsung Galaxy 9+) គឺក្រុម NT Crew អ្នកឈ្នះរង្វាន់ទី២ (Samsung 49inch LED TV) គឺក្រុម O-way, ELAZTIX-B អ្នកឈ្នះរង្វាន់ទី២ (គ្រឿងសំអាង JUNSKIN កូរ៉េ) គឺក្រុម Thavanny El, Nine Tail Fox
និងពានរង្វាន់ប្រជាប្រិយភាពចំនួន ៣ (បរិក្ខារៈកាដូសម្រាប់ងូតទឹក): Kheav Sodaroth, ELAZTIX-G, Emperor៕ ដោយ​៖​បញ្ញា​ស័ក្តិ​

     

spot_img
×