Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​លូ ជំហាន​ទី ៤ របស់​អង្ក​ការ​ចៃ​កា គ្រោង​ចាប់ផ្តើម​អំឡុង​ខែ​សីហា ឬ​កញ្ញា​នេះ ជាមួយ​និង​ម៉ាស៊ីន​ចាប់​យក​សំរាម​ដោយ​ស្វ័យប្រវត្តិ​

spot_img

ភ្នំពេញ​៖ គម្រោង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​លូ ជំហាន​ទី​៤ ដែល​ជា​គម្រោង​ហិរញ្ញប្បទាន របស់​ប្រទេស​ជប៉ុន​ តាមរយៈ​អង្ក​ការ​ចៃ​កា​គ្រោង​នឹង​ចាប់ផ្តើម​ឡើង​ក្នុង​អំឡុង​ខែ​សីហា ឬ​កញ្ញា​នេះ ជាមួយ​នឹង​ការរៀបចំ​ស្ថានីយ៍​បូមទឹក បំពាក់​ដោយ​ឧបករណ៍ និង​ម៉ាស៊ីន​សម្រាប់​បូម​ធូលី​​ម៉ាស៊ីន​ចាប់​សំរាម​ដោយ​ស្វ័យប្រវត្តិ​។​ ​នេះ​បើ​តាម​ការបង្ហាញ​ដឹង​ក្នុងឲ្យ​កិច្ចប្រជុំ​លើកិ​ច្ច​​ការងារ​រៀបចំ និង​គិតគូរ​អំពី​ការ​ពិនិត្យ​លទ្ធភាព លើ​គម្រោង​ទី​៤ នៃ​គម្រោង​រួម ការការពារ​ទឹកជំនន់​ ​និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​របស់​អង្គការ​ចៃ​កា ដែល​កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៥​ខែ​មិថុនា​ឆ្នាំ​២០១៨ ​នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក​ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ តំណាង​អង្គការ​ចៃ​កា​​តំណាង​ឲ្យ​រដ្ឋាភិបាលជ​ប៉ុន រួម​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជា​មួយចំនួនទៀត ។​

លោក​ម៉េត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឲ្យ​ដឹង​នៅក្រោយ​កិច្ចប្រជុំ​នេះថា គោលបំណង​សំខាន់ នៃ​កិច្ចប្រជុំ​នេះ​គឺ​ពិភាក្សា​លម្អិត​លើ​ផលប៉ះពាល់​មួយចំនួន ដែល​ធ្វើឲ្យ​រាំងស្ទះ ពុំ​ទាន់​អាច​ឲ្យ​គម្រោង​នេះ អនុវត្តន៍​ទៅបាន​ ​ដោយសារ​តែ​យើង​បាន​គិតគូរ អំពី​បញ្ហា​ទាំងនេះ​លើ​ទីតាំង​មួយចំនួន ដែល​ទើសនឹង​ទីតាំង​គម្រោង​នេះ ។​

លោក​បញ្ជាក់​ផង​ដែរ​ថា គម្រោង​ជំ​ហ៊ាន​ទី​៤ នៃ​ការការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​នេះ បាន​ផ្តោត​ទៅលើ​ការងារ​​សំខាន់ៗ​មួយចំនួន​ដូចជា ការងារ​រំដោះ​ទឹក ដែល​ការងារ​រំដោះ​ទឹក​នេះ​ចែកចេញជា​ពីរ​ផ្នែក ដែល​គោលបំណង​ធំ​ឬ​អត្ថប្រយោជន៍​ធំ​​គឺ​ទទួលបាន នៅ​ផ្នែក​ខាងជើង​វត្ត​ភ្នំ នៅក្នុង​តំបន់​ផ្លូវ​អម​ផ្លូវ និង​ផ្លូវ​១៤៧ ដោយ​ចាប់ពី​វត្តភ្នំ​រហូត​ទៅ​ដល់​រង្វង់​មូល​គួច​កាណុង​​មាន​ផ្ទៃ​ប្រមាណ​ជិត​៧០​ហិកតា ដែល​នឹង​ត្រូវ​រៀបចំ​និង​គិតគូរ ឲ្យមាន​ជា​ស្ថានីយ៍​បូមទឹក​មួយកន្លែង ដែល​ស្ថានីយ៍​បូមទឹក​នេះ​​ជា​ស្ថានីយ៍​ទី​៥ ស្រប​តាម​មាត់​ទន្លេ ហើយ​មាន​ទីតាំង​នៅ​ទល់មុខ​សួនច្បារ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច (CDC)​។​

​នៅ​ក្នុង​ស្ថានីយ៍​បូមទឹក​នេះ នឹង​រៀបចំ​ឲ្យមាន​អាង​ស្តុក​ទឹក​ក្រោម​ដី ដែល​មាន​សមត្ថភាព​អាច​ស្តុក​ទឹក​ប្រមាណ​៦.០០០​ម៉ែត្រ​
​គូ​ប មុន​នឹង​ធ្វើការ​បូម​ទម្លាក់​ទឹកភ្លៀង ពី​អាង​ស្តុក​ទឹក​ចូល​ទៅក្នុង​ទន្លេ​។ បន្ថែម​ពី​ការរៀបចំ​ស្ថានីយ៍​បូមទឹក​នេះ​​នឹង​មាន​ការដំឡើង​នូវ​ឧបករណ៍ ឬក៏​ម៉ាស៊ីន​សម្រាប់​បូម​ធូលី ឬ​សំរាម​ដោយ​ស្វ័យប្រវត្តិ ដែល​កិច្ចការ​នេះ​ជា​ចំណែក​មួយ​ ​នៃ​គម្រោង​ជំ​ហ៊ាន​ទី​៤ ហើយ​គម្រោង​នេះ នឹង​យក​ទៅ​បំពាក់​នៅ​គ្រប់​ស្ថានីយ៍​ទាំង​៤ នៅ​ជាប់​មាត់​ទន្លេ គឺ​ស្ថានីយ៍​បូមទឹក​ផ្សារ​ចាស់​ ​ស្ថានីយ៍​ព្រះ​គម្លង់ ស្ថានីយ៍​ផ្សារកណ្តាល និង​ស្ថានីយ៍​ចតុមុខ ដែល​ជា​ស្ថានីយ​ស្ថាបនា​រួច​ហើយ តាំង​ពី​គម្រោង​ជំ​ហ៊ាន​ទី​២​មកម្ល៉េះ ។​ ​បានន័យថា អាជ្ញាធរ​បាន​បន្ថែម​ឧបករណ៍​កាយ​សំរាម​ដោយ​ស្វ័យប្រវត្តិ នៅ​ក្នុង​ស្ថានីយ៍​ទាំង​៤ លើ​គម្រោង​ជំ​ហ៊ាន​ទី​៤​នេះ ។​

​លោក​បន្តថា អត្ថប្រយោជន៍​នៃ​ការសម្រួល​ផ្ទៃ​ទឹក នៅក្នុង​តំបន់​ទួលគោក​ស្ថិតក្នុង សង្កាត់​បឹងកក់​១ សង្កាត់​បឹងកក់​២ ។​ ​ក្នុង​គម្រោង​នឹង​មាន​ការរៀបចំ​ដាក់​ប្រព័ន្ធ​បណ្តាញ​លូ ក្នុង​ទំហំ ចន្លោះ​ចាប់ពី ២​ម៉ែត្រ​ទី​២,៥០​ម៉ែត្រ ចម្ងាយ​ប្រមាណ​ជិត​៧​គីឡូម៉ែត្រ​ ​និង​ការដាក់​លូ​ប្រអប់​ប្រវែង​១,៥​គីឡូម៉ែត្រ​។ គម្រោង​ទាំង​២​នេះ គឺ​អាច​ធ្វើ​ការរំដោះ​ឬ​ដោះស្រាយ​បញ្ហា​ជំនន់​ទឹកភ្លៀង​ ​បាន​មួយ​ភាគ​បន្ថែមទៀត នៅក្នុង​តំបន់​ខាងលើ​នេះ ហើយ​នេះ​ជា​ចំណែក​មួយ​នៃ​ជំ​ហ៊ាន​ទី​៤ នៃ​គម្រោង​ការពារ​ទឹកជំនន់​ ​និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ ដែល​នឹង​ត្រូវ​អនុវត្តន៍ និង​ប្រើប្រាស់​ក្នុង​រយៈពេល​៣​ឆ្នាំ ហើយ​នឹង​អាច​ដំណើរ​គម្រោង​នៅ​ខែ​កញ្ញា​ ​ឆ្នាំ​២០១៨​ខាងមុខនេះ ៕ ​ដោយ​ ៖ កូឡាប​

spot_img
×