Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​របង​ហ៊ុមព័ទ្ធ​ការដ្ឋាន​សំណង់​សណ្ឋាគារ​ដែល សម្តេច ហ៊ុន សែន បញ្ជាឲ្យ​កម្ទេច​ចោល​នៅ​ឆ្នេ​រអូរ​ឈើទាល ពេលនេះ​បាន​សង់​ឡើងវិញ​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ មន្ត្រីរាជការ ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា សំណង់​ការដ្ឋាន​សង់​សណ្ឋាគារ​លំដាប់​ផ្កាយ មាន​ទីតាំង​នៅ​ឆ្នេរ​អូរ​ឈើទាល ទល់មុខ​វិមាន​លំហែ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ពលរដ្ឋ​គិតថា ត្រូវបាន​សម្តេច​តេជោ បញ្ជា​ឲ្យ​អាជ្ញាធរ​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ ចុះ​បិទ និង​វាយ​កំទេច​របង​ហ៊ុម​ព័ទ្ធ​ចោល​កាលពី​ពេល​ថ្មីៗ​នេះ បច្ចុប្បន្ន​ឃើញ​ការ​រដ្ឋា​ន​សំណង់​មួយ​នេះ ត្រូវបាន​គេ​ហ៊ុម​ព័ទ្ធ​របង​បាំង​ជុំជិត​ជាថ្មី​ឡើងវិញ​។​

​បញ្ហា​នេះ ទាំង​ភ្ញៀវទេសចរ មន្ត្រីរាជការ​ថ្នាក់ទាប ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ មាន​ចម្ងល់​ថា ហេតុអ្វី​បាន​ជា​ការដ្ឋាន​សំណង់​លំដាប់​ផ្កាយ និង​របង​ហ៊ុមព័ទ្ធ មាន​ទីតាំង​នៅ​ឆ្នេរ​អូរ​ឈើទាល​ដែល​អាច សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​រដ្ឋបាល​ក្រុង​ចុះ​បិទ និង​រុះរើ​របង​ហ៊ុម​ព័ទ្ធ​ចោល កាលពីដើម​ខែ​មីនា ឆ្នាំ​២០១៨ ប៉ុន្តែ​ពេល​នេះ​ឃើញ​មានរ​បង​ដែក​ហ៊ុមព័ទ្ធ​បិទ​ជិត​បរិវេណ​ការដ្ឋាន​សំណង់​លំដាប់​ផ្កាយ​នោះ​ជា​ថ្មី​ឡើងវិញ​ហើយ​។

​ទាក់ទិន​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៨ អភិបាលក្រុង​ព្រះសីហនុ បាន​ចេញ​លិខិត​បិទ​ការដ្ឋាន​សំណង់​មួយកន្លែង ដោយ​លើក​ហេតុផល​ថា បាន​សង់​អត់​ច្បាប់​អនុញ្ញាត មាន​ទីតាំង​នៅ​ឆ្នេរ​អូរ​ឈើទាល មាន​ទីតាំង​នៅ​ខាង​មុខ​ផ្លូវ​ម្ខាង នៃ​គេហដ្ឋាន​លំហែ​កាយ របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​លិខិត​ចុះ​ថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០១៨ មាន​ចុះហត្ថលេខា និង​បោះត្រា លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ បាន​ជម្រាបជូន លោក លី ឡាយ ជា​ម្ចាស់​ការដ្ឋាន​សំណង់​នៅ​ផ្លូវ​អូរ​ឈើទាល ស្ថិតក្នុង​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ដែល​កំពុង​ដាក់​គ្រឿង​ចក្រ​គ្រោង​សាងសង់​សំណង់ ដោយ​ពុំមាន​ច្បាប់​អនុញ្ញាត​សាងសង់ ពី​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទេ​។ ដូច្នេះ​រដ្ឋបាល​ក្រុង​ព្រះសីហនុ សូម​បិទ​ការដ្ឋាន​គម្រោង​សាងសង់​សំណង់​គ្រប់​ប្រភេទ របស់លោក លី ឡាយ ចាប់ពី​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ ២០១៨​តទៅ ហើយ​ម្ចាស់​សំណង់​ខាងលើ ត្រូវអនុវត្ត​តាម​លក្ខ​ខណ្ឌ​ដូចខាងក្រោម​៖

១- ត្រូវ​បញ្ឈប់​គម្រោង​ការសាងសង់​សំណង់​គ្រប់​ប្រភេទ​ជា​បន្ទាប់​។​
២- ត្រូវ​រុះរើ​របង​ព័ទ្ធ​ការដ្ឋាន​លើ​ដី​ចំណី​ឆ្នេរ និង​លើ​ដី​ចិញ្ចើមផ្លូវ​សាធារណៈ​ចេញ​។​
៣- ត្រូវ​ដឹក​គ្រឿងចក្រ និង​សម្ភារៈ​ផ្សេងៗ ដែល​ផ្គត់ផ្គង់​ដល់​ការសាងសង់​ចេញពី​ការដ្ឋាន​។

​បន្ថែម​លើ​នេះ រដ្ឋបាល​ក្រុង​បាន​ព្រមាន​ក្នុង​លិខិត​ថា ក្នុង​ករណី​លោក លី ឡាយ មិន​ព្រម​អនុវត្ត​តាម​ខ្លឹមសារ​លិខិត​ខាងលើ​នេះ​ទេ រដ្ឋបាល​ក្រុង​ព្រះសីហនុ នឹង​ចុះ​រឹបអូស និង​ដកហូត​គ្រឿងចក្រ និង​សម្ភារៈ​ផ្សេងៗ ដែល​ផ្គត់ផ្គង់​ដល់​ការសាងសង់​សំណង់ យក​មក​រក្សាទុក​នៅ​សាលាក្រុង ដោយ​មិន​ទទួលខុសត្រូវ នូវ​ការខូចខាត និង​បាត់បង់​ព្រទ្យ​សម្បត្តិ​របស់​លោកឡើយ​។

បន្ទាប់ពី​បាន​ចេញ​លិខិត​ផ្អាក​ការដ្ឋាន​សំណង់​លំដាប់​ផ្កាយ​ខាងលើ គេ​សង្កេតឃើញថា ចាប់​ពី​ព្រលឹម​ថ្ងៃ​សៅរ៍ ទី​៣ ខែ​មីនា ឆ្នាំ​២០១៨ ឃើញ​មាន​សកម្មភាព​រុះរើ​ការដ្ឋាន​សំណង់​ខាងលើ​យ៉ាង​ឆាប់រ​ហ័យ ដោយ​មាន​វត្ត លោក អ៊ី សុខ​ឡង អភិបាលក្រុង​ព្រះសីហនុ និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រដ្ឋបាល​ខេត្ត​នេះ​ជាច្រើន​ទៀត បាន​ចូលរួម​ពិនិត្យមើល​លើ​ការរុះរើ​សំណង់​ទាំងនោះ​។​

​ករណីនេះ ប្រភព​មួយ​ចំនួន​ឲ្យដឹងថា ការឈាន​ដល់​រដ្ឋបាល​ក្រុងព្រះសីហនុ ចេញ​លិខិត​ភ្លាមៗ​បិទ​ការដ្ឋាន​សំណង់​លំដាប់​ផ្កាយ ដែល​មាន​អ្នក​វិនិយោគ​ជា​ជនជាតិ​ចិន​ខាងលើនេះ គឺ​កន្លង​មក​ដី​ទីតាំង​នេះ ជា​កម្មសិទ្ធិ របស់ លោក​ឧកញ៉ា គិត ម៉េង​។

ការបិទ​ការដ្ឋាន​សំណង់​នេះ គឺ​បាន​កើតឡើង​ក្រោយពេល សម្តេច​តេជោ ហ៊ុន សែន កាលពី​ល្ងាច​ថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០១៨ បាន​ធ្វើ​ដំណើរ​លំហែ​នៅតាម​ឆ្នេរ​អូរ​ឈើទាល ហើយ​ទំនងជា​ឃើញ​សំណង់​កំពុង​សាងសង់​នៅជាប់​ឆ្នេរសមុទ្រ ឆ្នេរ​អូរ​ឈើទាល​នេះ កំពុង​សាងសង់​នៅលើ​ដី​ចំណី​ឆ្នេរសមុទ្រ និង​ប៉ះពាល់​ដល់​បរិស្ថាន​ឆ្នេរ ទើប​ឈាន​ដល់​អាជ្ញាធរ​ចេញ​លិខិត​បិទ​ការដ្ឋាន​សំណង់​មួយ​នេះ​ភ្លាមៗ​។​

ប្រភព​ឲ្យដឹង​ទៀតថា ការចេញលិខិត​បិទ​ការដ្ឋាន​សំណង់ របស់លោក លី ឡាយ ខាងលើ​ទំនងជា​ត្រូវ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​បទបញ្ជា​ក្តៅ​ទៅ​រដ្ឋបាល​ក្រុង​ព្រះសីហនុ ឲ្យ​បិទ​ការដ្ឋាន​សំណង់​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំមួយ​នេះ​ជា​បន្ទាន់​ហើយ​មើលទៅ ទើបបាន​ជា​រដ្ឋបាល​ក្រុងព្រះសីហនុ ចេញ​លិខិត​ជា​បន្ទាន់​មួយ បញ្ឈប់​សកម្មភាព​ការដ្ឋាន​សំណង់ ដែល​មាន​ម្ចាស់​ឈ្មោះ លី ឡាយ មាន​ភាព​តក់ក្រហល់​បំផុត ដោយ​សំអាង​ថា ការដ្ឋាន​សំណង់​ខាងលើ សង់​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​។​
​កាលណោះ ទាំង​អ្នក​ឃ្លាំ​មើល​សង្គម ភ្ញៀវទេសចរ​ជាតិ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ ខេត្ត​ព្រះសីហនុ បាន​ស្វាគមន៍​រដ្ឋបាល​ក្រុង​ព្រះសីហនុ ចំពោះ​ការបិទ​ការដ្ឋាន​សំណង់​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ ដែល​សង់​នៅលើ​ដី​ចំណី​ឆ្នេរសមុទ្រ​ឆ្នេរ​អូរ​ឈើទាល និង​សង់​គ្មាន​ច្បាប់​អនុញ្ញាត​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​។

​បន្ថែម​លើ​នេះ​កាល​ណោះ ពួកគេ​ក៏​បាន​សំណូមពរ​ដល់ សម្តេច ហ៊ុន សែន ឲ្យជួយ​បិទ​ការដ្ឋា​នសកម្មភាព​សង់​សំណង់​សណ្ឋាគារ​ធំៗ​ជាច្រើន​ទៀត ដែល​សង់​សង់​រំលោភ​ដី​ចំណី​ឆ្នេរសមុទ្រ និង​ប៉ះពាល់​ដល់​បរិស្ថាន​ឆ្នេរសមុទ្រ​ធ្ងន់ធ្ងរ នាំឲ្យ​បាត់បង់ ឬ​រួម​តូច​ឆ្នេរ​សាធារណៈ សម្រាប់​ផ្តល់ជូន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​ទៅ​លំហែ​តាម​ឆ្នេរសមុទ្រ​នា​ថ្ងៃ​អនាគត​។​

ជាងនេះទៀត ទាំង​ភ្ញៀវទេសចរ មន្ត្រីរាជការ ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ ថែមទាំង​បាន​សំណូមពរ​ស្នើ​ដល់ សម្តេច​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ឲ្យ​យក​ទីធ្លា​បរិវេណ​ដី​ការដ្ឋាន​សំណង់​លំដាប់​ផ្កាយ មាន​ទីតាំង​នៅ​អតីត​ទីបញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ នៅ​ឆ្នេរ​អូរ​ឈើទាល​ខាងលើនេះ ដើម្បី​អភិវឌ្ឍ​ទៅ​ជា​សួនច្បារ​សាធារណៈ ទុក​ជូន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ចូលទៅ​កម្សាន្ត​នា​ថ្ងៃ​អនាគត​ជំនួស​វិញ​។​

​យ៉ាងនេះក្តី បច្ចុប្បន្ន​នេះ​ទាំង​ភ្ញៀវទេសចរ មន្ត្រីរាជការ​ថ្នាក់ទាប និង​ពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ មាន​ចម្ងល់​ថា ហេតុអ្វី​បាន​ជា​ការដ្ឋាន​សំណង់​លំដាប់​ផ្កាយ មាន​ទីតាំង​នៅ​ឆ្នេរ​អូរ​ឈើទាល ទល់មុខ​វិមាន​លំហែកាយ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​​កម្ពុជា ដែល​រដ្ឋបាល​ក្រុង​ព្រះសីហនុ ចេញ​លិខិត​បិទ​ការសាងសង់​និង​បញ្ជា​ឲ្យ​រុះរើ​របង​បាំង​ព័ទ្ធជុំវិញ​ឲ្យអស់ កាលពី​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៨ ប៉ុន្តែ​ពេល​នេះ ត្រូវបាន​គេ​ហ៊ុម​ព័ទ្ធ​របង​ដែក​រឹងមាំ​នៅ​ជុំវិញ​បរិវេណ​ការដ្ឋាន​សំណង់​លំដាប់​ផ្កាយ​នោះ​ជា​ថ្មី​ឡើង​វិញ​បែប​នេះ​ទេ​៕ ដែន សីមា​

spot_img
×